Tuesday, May 29, 2012

សិស្ស​១៧០០នាក់​ចូលរួម​ពិព័រណ៍​មុខជំនាញ​និង​ការងារ

សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ចំនួន៨ ក្នុង​រាជធានី​ភ្នំពេញ និងចំនួន៤ វិទ្យាល័យ​ផ្សេង​ទៀត មក​ពី​ខេត្ត ពោធិ៍សាត់ បាត់​ដំបង កំពង់​ចាម និង ព្រៃវែង ប្រមាណ​ជាង​១៧០០នាក់ ត្រូវ​បាន​សមាគម​អតីត​និស្សិត​អាហារូបករណ៍​ហ៊្វូលប្រាយ​ និង និស្សិត​មក​ពី​អាមេរិក អញ្ជើញ​​ឲ្យមក​ចូល​រួម សិក្ខាសាលា​​ស្ដីពី “​ពិព័រណ៍​មុខជំនាញ​និង​ការងារ” នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាល​ពី​ម្សិលមិញ ។

សិក្ខាសាលា​មួយ​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង៣ធំ គឺ ទី១ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស​នូវ​ព័ត៌មាន​គ្រប់គ្រាន់ ក្នុង​ការ​ជ្រើសរើស ជំនាញ​សិក្សា​ទៅ​តាម​សាកលវិទ្យាល័យ​នានា។ ទី២ ជួយ​បំភ្លឺ​ផ្លូវ​នៅ​លើ​ទី​ផ្សារ​ការងារ ដូច​ជា​តើ​ការងារ​អ្វីខ្លះ ដែល​មាន​ឱកាស​ច្រើន​សម្រាប់​សិស្សានុសិស្ស​​នៅ​ថ្ងៃ​អនាគត។ ឯទី៣ អាច​ឲ្យ​សិស្សានុសិស្ស​ត្រៀម​ខ្លួន​រួច​ជា​ស្រេច និង​​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ជាក់​លាក់​មួយ​ដែល​ត្រូវ​និង​ចំណង់ចំណូលចិត្ត​ របស់​ខ្លួន ហើយ​ត្រូវ​និង​តម្រូវការ​របស់​និយោជក​នៅ​តាម​ស្ថាប័ន និង ក្រុមហ៊ុន​នានា។
វាគ្មិន​​ដែល​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​នេះ មាន​ទាំង​ជាតិ និង​អន្តរជាតិ ដែល​សុទ្ធតែ​​ជា​អតីត​និស្សិត​ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ពី​សហរដ្ឋ​ អាមេរិក ហើយ​បច្ចុប្បន្ន គឺ​ថ្នាក់​ដឹង​នាំ​នៅ​ក្នុង​ក្រុមហ៊ុន សាកលវិទ្យាល័យ អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏​ដូច​ជា​ស្ថាប័ន​ផ្សេងៗ។ សិស្សានុសិស្ស​ដែលបាន​ចោទសួរ​សំណួរជា​ច្រើន​ទៅ​កាន់​វាគ្មិន ភាគ​ច្រើន គឺជា​ក្ដី​បារម្ភ និង​ការ​ចង់​ដឹង​ពី​ចំណុច ​វិជ្ជមាន​និង​ចំណុច អវិជ្ជមាន នៃ​ជ្រើសរើស​មុខជំនាញ​របស់​ពួក​គេ សម្រាប់​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ថ្ងៃ​អនាគត។
បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​របាយ​ការ​ណាមួយ​ច្បាស់​លាស់ ដែល​អាច​បញ្ជាក់​បាន​ថា និស្សិត​គួរតែ​រៀន​មុខ​ជំនាញ​ណា​មួយ ត្រូវ​នឹង​ទី​ផ្សា​ឥត​ខ្ចោះ​​នៅ​ឡើយ​ទេ ប៉ុន្តែ​​និស្សិត​គួរតែ ចេះ​ថ្លឹងថ្លែង​ដោយ​ខ្លួន​ឯង​ពី​តម្រូវ​ការ​ទីផ្សារ​បច្ចុប្បន្ន និង ចំណង់​ចំណូល​ចិត្ត​​របស់​ខ្លួន នេះ​គឺ​ចម្លើយ​ភាគច្រើន​ដែល​វាគ្មិន បាន​ផ្ដល់​ដល់​​សិស្សានុសិស្ស​ដែល​បាន​ចូល​រួម។ វាគ្មិន​ភាគ​ច្រើន​បាន​លើក​ឡើង​ថា និស្សិត​កម្ពុជា​ភាគច្រើន​តែង​មាន​គំនិត​ចង់​រៀន​ធ្វើ​ជា​អ្នក​គ្រប់គ្រង​គេ មិន​សូវ​មាន​អ្នក​រៀន​ឲ្យ​គេ​គ្រប់​គ្រង​នោះ​ទេ ហេតុ​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​និស្សិត​ដែល​រៀន​ចប់​ទៅ​មិន​​សូវ​មាន​ ការងារ​ធ្វើ ដោយ​សារ​តែ​ចំនួន​អ្នក​រៀន​ជំនាញ​នេះ​ច្រើន​ពេក។

ជា​មួយ​គ្នា​នេះ ​វាគ្មិន ក៏​បាន​លើក​ឡើង ពី​បទពិសោធន៍​នៃ​ការ​សិក្សា នៅ​ប្រទេស​អភិវឌ្ឍន៍​​មួយចំនួន ក៏​ដូច​ជា​លើក​ពី​ជំនាញ​អាទិភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​ត្រូវ​ការ​ជា​ ចាំ​បាច់ ដូច​ជា កសិកម្ម ទេសចរណ៍ សំណង់​ស៊ីវិល អគ្គិសនី ព័ត៌មានវិទ្យា ជា​ដើម ។
ឆ្នាំ​សិក្សា២០១០-២០១១ ចំនួន​សិស្ស​ទូទាំង​ប្រទេស ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់ មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន ៣.៣២០.៧២៦នាក់ ។ ចំណែក​នៅ​ឧត្ដមសិក្សា​វិញ ចំនួន​និស្សិត​ពី​ថ្នាក់​បរិញ្ញាបត្ររង រហូត​ដល់ ថ្នាក់​បណ្ឌិត​មាន​ចំនួន ២០៧.៨៥១នាក់ ។ ចំពោះ​គ្រឹះស្ថាន​​ឧត្ដមសិក្សា​វិញ​មាន​ចំនួន៩១ ក្នុង​នោះ​៣៤ គឺ​ជា​គ្រឹះស្ថាន​របស់​រដ្ឋ និង ៥៧ គឺជា​គ្រឹះស្ថាន​របស់​ឯកជន ។ ចាប់​តាំង​ពី​ឆ្នាំ១៩៩៤ រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​អាហារូបករណ៍​ហ៊្វូលប្រាយ ក៏​ដូច​ជា​កម្មវិធី​សិក្សា​ផ្សេង​ទៀត មាន​ចំនួន ១៣៨ នាក់ និង មាន​ចំនួន​ជិត១០០​នាក់​ផ្សេង​ទៀត សម្រាប់​កម្មវិធី​ផ្លាស់ប្ដូរ​ផ្សេងៗ៕

Comments system

Disqus Shortname