ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
កាលពីថ្ងៃទី២៧ឧសភាបានថ្កោលទោសដោយពាក្យធ្ងន់ៗបំផុតចពោះរដ្ឋាភិបាល
ស៊ីរីដោយសារតែការ
សម្លាប់រង្គាលនៅទីក្រុងហ៊ូឡាដែលបណ្តាលឱ្យមនុស្សស្លាប់១០៨នាក់
ខណៈដែលរុស្ស៊ីអះអាងនាពេលមុននេះពីការសង្ស័យលើការទទួលខុសត្រូវ
របស់ក្រុងដាម៉ាស់ក្នុងរឿងសម្លាប់រង្គាលនេះ ។
ប្រទេសទាំង១៥ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប
ក្នុងនោះមានទាំងរុស្ស៊ីជាសម្ព័ន្ធមិត្តស៊ីរីផងគូសបញ្ជាក់ថា
ការវាយប្រហារទាំងឡាយដោយរួមមានទាំងការបាញ់ប្រហារដោយរថក្រោះ
និងកាំភ្លើងធំរបស់រដ្ឋាភិបាលផងធ្វើឡើងប្រឆាំងសង្កាត់មួយ
នៃទីក្រុងនោះ ។
ក្នុងសេចក្តីប្រកាសរួមមួយក្រុមប្រឹក្សាសន្តិសុខស្នើដល់លោក
ប្រធានាធិបតីបាចាអាល់អាសាដ
ឱ្យដកអាវុធធុនធ្ងន់ចេញពីទីក្រុងស៊ីរីទាំងអស់ ។
មុននេះបន្តិចឧត្តមសេនីយ៍ន័រវែស
រ៉ូប៊ែតមូដ ប្រមុខក្រុមអ្នកសង្កេតការណ៍អ.ស.បនៅស៊ីរី
តាមរយៈវីដេអូខេនហ្វេរេន មួយបញ្ជាក់ថា
ក្រៅពីអ្នកស្លាប់មនុស្ស៣០០នាក់ទៀតត្រូវរបួស។
ការសម្លាប់រង្គាលនៅទីក្រុងហ៊ូឡា ភាគកណ្តាលស៊ីរី
ដែលកើតមានកាលពីយប់ថ្ងៃទី២៥ មក២៦ឧសភា
បង្កឱ្យមានការក្តៅក្រហាយជាអន្តរជាតិហើយរុស្ស៊ីក៏ពុំ
អាចការពាររបបស៊ីរីដែរ ។
របបស៊ីរីតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស
របស់ខ្លួនបានបដិសេធទាំងស្រុងរាល់ការទទួលខុសត្រូវរបស់
រដ្ឋាភិបាលក្នុងការសម្លាប់រង្គាលនេះដោយថានោះជាស្នាដៃរបស់
ពួកភេរវករ ។
ក្រុងដាម៉ាស់បានប្រកាសពីការបង្កើតគណៈកម្មាធិការស៊ើបអង្កេត
រួមមួយរបស់កងទ័ពនិងរបស់តុលាការលើអំពើហិង្សាទាំងនេះ ៕