ក្នុងទិសដៅប្រមូលថវិកាដើម្បីជួយ
ព្យាបាលកុមារកម្ពុជារាប់ពាន់នាក់ ដែលមានបញ្ហាឆែបមាត់ អង្គការ
Operation Smile បានអំពាវនាវឲ្យមហាជនទូទៅជួយបរិច្ចាគម្នាក់ ១
ដុល្លារ ជាមូលនិធិសប្បុរសធម៌ដើម្បីប្រមែប្រមូលថវិកា
យកទៅផ្គត់ផ្គង់ការចំណាយលើថ្លៃព្យាបាលដល់កុមារក្រីក្រដែលមាន
បញ្ហាឆែបមាត់ពីកំណើត។
នាឱកាសចូលរួមពិព័រណ៍ម៉ូតូធំអន្តរជាតិនៅ កោះ ពេជ្រ
លោក Peter Ng Meng Cheng នាយករងអង្គការ Operation Smile
បានអំពាវនាវបែបនេះ
ក្នុងគ្រាដែលអង្គការកំពុងតែជួបបញ្ហាកង្វះខាតថវិកាចាំបាច់
ដើម្បីបន្តប្រតិបត្តិការណ៍ការងារក្នុងការវះកាត់ដល់កុមារដែលមាន
បញ្ហាមាត់ឆែបនៅទូទាំងប្រទេសកម្ពុជា។លោកបន្តថា ចាប់តាំងពីឆ្នាំ២០០២ មកអង្គការរបស់លោកបាន វះកាត់ដល់កុមារឆែបមាត់នៅទូទាំងប្រទេសដោយឥតគិតថ្លៃបានចំនួន ១៩ លើកស្មើនឹង ២៩០០ករណី ដែលដំណើការណ៍ទៅបាន អាស្រ័យដោយសារទទួលបានការឧបត្ថម្ភថវិកាពីសប្បុរសជនក្នុងស្រុកនិង ក្រៅស្រុកមួយចំនួន។
លោកបន្តថា ការចែករំលែកធនធានបន្តិចបន្តួចរបស់អ្នករាល់គ្នានៅពេលនេះ នឹងអាចជួយបង្កើតស្នាមញញឹមជាថ្មីម្ដងទៀត សម្រាប់កុមារអភ័ព្វក្រីក្រដែលមានបញ្ហាឆែបមាត់ពីកំណើតឲ្យពួកគេ មានក្តីសង្ឃឹម និងអាចបន្តកសាងអនាគតជាថ្មីឡើងវិញក្នុងឆាកជីវិត។
លោកបញ្ជាក់ថា អង្គការរបស់លោកចង់បន្តដំណើរការណ៍ ១០ ទៅ២០ឆ្នាំខាងមុខទៀតដើម្បីជួយបង្កើតស្នាមញញឹម ដល់កុមារអភ័ព្វខ្មែរក្រីក្ររាប់ពាន់នាក់ទៀតដែលកំពុងត្រូវការ ជំនួយសង្គ្រោះបន្ទាន់ សម្រាប់ការព្យាបាលវះកាត់បន្តទៀត។
លោក ព្រាប សុភាព ក្នុងនាមជាឪពុកម្ដាយដែលមានកូនកើតមកមានបញ្ហាឆែបមាត់ពីកំណើត បានបង្ហាញស្នាមញញឹម និងក្តីសង្ឃឹមឡើងវិញសម្រាប់កូនប្រុសរបស់លោកក្រោយពេលទទួលបាន ការវះកាត់ និងព្យាបាលជាសះស្បើយឡើងវិញ។
លោកបញ្ជាក់ថា
លោកអស់សង្ឃឹមខ្លាំងណាស់ នៅពេលដែលកូនរបស់លោកកើតមកមានមាត់ឆែប។
លោកថា
នេះជាកម្មពៀរនិងគិតថាកូនរបស់លោកនឹងរស់នៅក្នុងភាពអាម៉ាស់អស់
មួយជីវិត។ ប៉ុន្តែដោយសារតែមានអង្គការជួយព្យាបាលឲ្យជាសះស្បើយ
ទើបធ្វើឲ្យលោកនិងគ្រួសារមានក្តីសង្ឃឹមឡើងវិញ។
ជាមួយគ្នានេះដែរ
លោកចង់ឲ្យកុមារខ្មែរដទៃទៀតនៅទូទាំងប្រទេសដែលមានមាត់ឆែប
ទទួលបានការព្យាបាលដូចកូនរបស់លោកដែរ
ដោយលោកអំពាវនាវឲ្យបងប្អូនទាំងអស់ជួយបរិច្ឆាកថវិកាបន្តិចបន្តួច
ជាមូលនិធិដល់អង្គការដើម្បីបន្តដំណើរការណ៍វះកាត់តទៅទៀត។
កម្មវិធីពិព័រណ៍ម៉ូតូធំៗ អន្តរជាតិ លើកទីមួយនៅកោះពេជ្រ
ធ្វើឡើងក៏ក្នុងគោលបំណងដើម្បីស្វែងរកមូលនិធិសប្បុរសធម៌ជួយដល់ការ
វះកាត់ដល់កុមារដែលមានបញ្ហាមាត់ឆែបផងដែរ។
ដោយក្នុងពិធីនោះមានការលក់ទំនិញនិងរបស់របរផ្សេងៗទៀត
ដល់អ្នកចូលរួមទស្សនាដែលថវិកាទាំងអស់ដែលបានមកពីការលក់នឹងយកទៅ
ជូនដល់អង្គការ Operation Smile
ដើម្បីអនុវត្តប្រតិបត្តិការណ៍ការងាររបស់ខ្លួនបន្តទៀត។(sabay)