Saturday, May 26, 2012

ពល​ការិនី​ម្នាក់​កើត​ជំងឺវិកល​ចរិត​ក្រោយ​មក​ពី​ម៉ាឡេស៊ី

ស្ត្រី​ជា​ពល​ការិនី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ម្នាក់ បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​អុកឡុក​ពេញ​ផ្ទះ និង​លែង​ស្គាល់​សាច់​ញាតិ បន្ទាប់​ពី​នាង​ត្រឡប់​មក​ដល់​ផ្ទះ​បាន​ប្រមាណ ៣​ថ្ងៃ។

បង​ប្រុស និង​ប្អូន​ប្រុស កំពុង​ជួយ​ចាប់ ពល​ការិនី ផាត គន្ធា ដើម្បី​ឲ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ នៅ​ក្នុង​បន្ទប់​សម្រាក​ព្យាបាល​សម្រាប់​អ្នក​ជំងឺ​វិកល​ចរិត​ធ្ងន់​ស្នាក់​ នៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង។

បុរស​វ័យ ៥៧​ឆ្នាំ ឈ្មោះ សុខ សាត មាន​ទី​លំនៅ​នៅ​ភូមិ​ទួលសំរោង ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៥ ឧសភា ឆ្នាំ​២០១២ ថា ក្មួយ​ស្រី​គាត់ ឈ្មោះ ផាត គន្ធា អាយុ ២៣​ឆ្នាំ ទើប​តែ​វិល​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ អុក​ឡុក​គេ​ឯង​ពេញ​ផ្ទះ មិន​អាច​ដេក​ពួន ឬ​ធ្វើ​អ្វី​កើត​ទេ។ ជា​ពិសេស គឺ​នាង​លែង​ស្គាល់​ឪពុក​ម្ដាយ​ខ្លួន​ឯង​ទៀត​ផង។
លោក សុខ សាត៖ «វា​និយាយ ពាស​វាល ពាស​កាល ស្ដាប់​គ្នា​លែង​បាន។ វា​មក​ដល់​ថ្ងៃ ២៣ ស្អែក​ឡើង​ថ្ងៃ ២៤ ចាប់​ពី​ពេល​ព្រលប់​ទៅ វា​អុក​ឡុក វា​ឲ្យ​គេ​នាំ​ទៅ​នេះ នាំ​ទៅ​នោះ គ្មាន​ដឹង​គោល​ដៅ។ វា​និយាយ តែ​ពិស តែ​ពាស រក​ជា​ការ​អី​មិន​បាន ហើយ​វា​លែង​ស្គាល់​ខ្លួន​វា​ជា​នរណា​ទៀត​ផង...»
ប្រភព​ពី​គ្រួសារ​ពល​ការិនី ផាត គន្ធា បាន​ឲ្យ​ដឹង​ថា ពល​ការិនី​រូប​នេះ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន អ៊ិន.ស៊ី.អ៊ិន (NCN) ដែល​មាន​ទី​ស្នាក់​ការ​នៅ​ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ ហើយ​នាង​បាន​បញ្ចប់​កិច្ចសន្យា​ការងារ​តាម​ពេល​កំណត់ និង​បាន​វិល​មក​ដល់​លំនៅ​ដ្ឋាន​វិញ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១២។ ថ្ងៃ​មក​ដល់​ដំបូង នាង​មិន​មាន​អាការៈ​អ្វី​ប្លែក​ទេ តែ​លុះ​រំលង​បាន​មួយ​ថ្ងៃ ស្រាប់​តែ​នាង​កើត​មាន​បញ្ហា​សរសៃ​ប្រសាទ​យ៉ាង​ដូច្នេះ​តែ​ម្ដង។
គ្រូពេទ្យ​ផ្នែក​ជំងឺសរសៃ​ប្រសាទ​នៃ​មន្ទីរពេទ្យ​ខេត្ត​កំពង់ឆ្នាំង វេជ្ជបណ្ឌិត គង់ ចាន់ធា ដែល​បាន​ពិនិត្យ និង​ព្យាបាល​ឲ្យ​ពល​ការិនី ផាត គន្ធា មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ជំងឺ​របស់​ពល​ការិនី​រូប​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ លោក​គ្រាន់​តែ​បញ្ជាក់​ថា មាន​កត្តា​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​នេះ។
វេជ្ជបណ្ឌិត គង់ ចាន់ធា៖ «ជា​ដំបូង​យើង​សន្និដ្ឋាន​ថា ជំងឺ​វិកល​ចរិត​អញ្ចឹង ហើយ​ជងឺ​នេះ​វា​បណ្ដាល​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដូចជា​ការ​ប្រើ​គ្រឿង​ញៀន ជួន​កាល​មក​ពី​ជំងឺ​បាក់​ស្បាត ជួន​កាល​មក​ពី​វា​ជួប​នឹង​ហេតុការ​អី​មួយ​ធ្វើ​ឲ្យ​ភ័យ​រន្ធត់​ខ្លាំង ឧទាហរណ៍​វា​ទទួល​រង​ការ​ចាប់​រំលោភ​ជា​ដើម​...​ពេល​នោះ​វា​ភ័យ​ពេក ក៏​អាច​ចេញ​រោគ​សញ្ញា​នេះ​ដែរ។ខ្ញុំ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ក្មេង​នេះ​កើត​ជំងឺ​នេះ​បណ្ដាល​មក​ពី​អ្វី​ទេ...»
លោក សំ ច័ន្ទគា ជា​មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក (ADHOC) ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក​មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​នៅ​ឡើយ។ យ៉ាង​នេះ​ក្ដី​លោក​ថា បញ្ហា​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​រវាង​ក្រុមហ៊ុន ជា​មួយ​ក្រសួង​ការងារ​ក្នុង​ការ​ជួយ​ព្យាបាល​ពល​ការិនី​រូប​នេះ។
លោក សំ ច័ន្ទគា៖ «សំណូម​ពរ​ឲ្យ​នាយកដ្ឋាន​ទទួល​បន្ទុក​បញ្ហា​ពលករ នៃ​ក្រសួង​ការងារ​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​បញ្ហា​នេះ ដើម្បី​រក​ហេតុ​ផល​ច្បាស់​លាស់ និង​រក​អ្នក​ទទួល​ខុស​ត្រូវ​ពី​បញ្ហា​នេះ...»
បច្ចុប្បន្ន ករណី​ស្រដៀង​នឹង​ពល​ការិនី ផាត គន្ធា បាន​កើត​មាន​យ៉ាង​ច្រើន បន្ទាប់​ពី​ពល​ការិនី​ខ្មែរ​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​ដល់​លំនៅ​ដ្ឋាន​ វិញ តែ​គេ​ពុំ​ឃើញ​មាន​ស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ​ចេញ​មុខ​ជួយ​ទទួល​ខុស​ត្រូវ​ ចំពោះ​បញ្ហា​នេះ​ឡើយ៕

Comments system

Disqus Shortname