Thursday, May 31, 2012

មនុស្ស​ស្លាប់​​៧នាក់ និង​របួស​ច្រើន​នាក់​​ រថយន្ត​បឺស​ខ្នាត​ធំ​បុកគ្នា​​ពេញ​ទំហឹង​ជា​មួយ​​រថយន្ត​​​ដឹក​ឈើ​​

ខេត្ត​​កំពង់ធំ ៖ ​រថយន្ត​បឺស​​កាពីតូលដឹក​អ្នក​ដំណើរ​​ខ្នាត​ធំ​បាន​បុក​គ្នា​ជា​មួយ​រថយន្ត​ ​​ដឹក​ឈើក្រពឹត​រួញ​​រៀង​ៗ​ខ្លួន​ខ្ទាត​ឆ្ងាយពី​គ្នា​ប្រហែល​២​ម៉ែត្រ ក្លាយ​ជា​​សោកនា​ដ​កម្ម​ដ៏គួរ​ឱ្យ​​រន្ធត់​មួយ​ស្លាប់​មនុស្ស​៧នាក់ ​រងរបួស​ធ្ងន់​-ស្រាល២១​​នាក់ (ប្រុស​១០​នាក់ ស្រី​១១​នាក់ ក្នុង​នោះ​មាន​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​ម្នាក់) បង្ក​​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោង​​​២​និង​៣០​នាទី​​រសៀល​​ ថ្ងៃទី​៣១ ឧសភា ២០១២ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​៦ ស្ថិតក្នុង​​ភូមិ​ថ្មី ឃុំ​​ប្រឡាយ ​ស្រុក​ស្ទោង​​ ចំណុច​បង្គោល​​គីឡូ​ម៉ែត្រ​លេខ​២២៤ ជាប់​ព្រំ​ប្រទល់​​ខេត្ត​​សៀមរាប ។ ​
តាម​ប្រភព​ព័ត៌​មានពី​មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹងថា ​រថយន្ត​បឺស​​កាពីតូល​ខ្នាត​ធំ​​ពាក់ស្លាក​លេខ​ភ្នំពេញ 3A-3938 ដឹក​មនុស្ស​ប្រហែល​៤០​នាក់ ​ចេញ​ពី​ភ្នំពេញ ជើង​ទី២ នាវេលា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​៣១ ឧសភា ​២០១២ នេះ ​ឆ្ពោះ​ទៅ​ខេត្ត​​សៀមរាប ចំណែក​រថយន្ត​ដឹក​ឈើ​ម៉ាកហ៊ីណូ ពណ៌​ត្រេអីុ ខ្នាត​ធំ​ពាក់ស្លាក​លេខ «ន.ប» ធ្វើដំណើរ​​បញ្ច្រាស​ទិស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​​ក៏​បុក​គ្នា​​ពេញទំហឹង​​តែ​ម្តង​ ធ្វើ​ឱ្យ​​រថយន្ត​ទាំង​២​រួញ​​ក្រពឹតគួរ​ឱ្យ​ព្រឺ​សាច់។
​រថយន្ត​បឺស​កាពីតូល ស្លាប់​៤​នាក់ ក្រៅពី​នេះ​​​រង​របួស​ធ្ងន់ និង​ស្រាល​ ចំណែក​រថយន្ត​ហ៊ីណូ​ដឹក​ឈើ​មាន​មនុស្ស​ជិះ​៣​នាក់ (ប្រុស​២ ស្រី១) ​ស្លាប់​ទាំង​៣​នាក់ ។ ខណៈនោះ​ប៉ូលិស​-ប៉េអឹម​​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ដល់​កន្លែង​​កើតហេតុ​ ​ដោយ​គាស់​កន្លែង​ក្រពឹត​ស្វែង​​រក​អ្នក​របួស​ដែល​ជាប់​ក្នុង​រថយន្ត​យក​ ទៅសង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង និង​គាស់​ទាញ​យក​សព​ចេញពី​ក្នុង​រថយន្ត​ដាក់​​តម្រៀបលើ​​ទីវាល​​ក្បែរ​ កន្លែង​កើត​ហេតុ​​ ដើម្បីចាត់​ចែង​រក្សា​ទុក​តាម​ការ​គួរ ព្រម​ទាំង​ស្វែង​រក​សាច់​ញាតិ និងអត្ត​​សញ្ញាណ​​អ្នក​ស្លាប់ ។ ​សព​អ្នក​ស្លាប់​ក្នុង​រថយន្ត​កាពីតូល​ត្រូវបាន​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​ទៅ​ រក្សាទុក​នៅ​សាល​សព​​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀមរាប ចំណែក​អ្នក​ស្លាប់​ខាង​រថយន្ត​ដឹក​ឈើ «ន.ប» ត្រូវ​បាន​ដឹក​ជញ្ជូន​មក​កាន់​រាជធានីភ្នំពេញ ។









Comments system

Disqus Shortname