Monday, May 7, 2012

IFL នឹងត្រូវទៅ ហុង កុង ប្រកួតជាមួយ បរទេសម្តង

Photo by DAP-NEWSភ្នំពេញៈបន្ទាប់ពីប្រកួត ដេញដោល មតិ ពាក់ព័ន្ធនឹងប្រធានបទ សំខាន់ៗជាច្រើន ជាមួយនឹង បណ្តា សាកលវិទ្យាល័យ ៩ ក្នុងរាជធានីភ្នំពេញ អស់រយៈពេលពេញ១ថ្ងៃ កាលពីថ្ងៃទី៥ ខែឧសភានោះ និស្សិត នៃវិទ្យាស្ថាន ភាសាបរទេស (IFL) ចំនួន៣នាក់ ត្រូវបានជាប់ជាអ្នកតស៊ូមតិ ដ៏ឆ្នើម នៅកម្ពុជា ដែលតម្រូវឱ្យពួកគេ ទៅ ប្រកួតជាមួយនិស្សិតបរទេស នៅទីក្រុងហុងកុងវិញម្តង ដើម្បីដណ្តើមពានរង្វាន់ International JCI Debating Championship 2012។
IFL បានឈ្នះ២ឆ្នាំជាប់គ្នា សម្រាប់កម្មវិធី ប្រកួតជ្រើសរើស ក្រុមនិស្សិត ទៅបញ្ចេញមតិដណ្តើម ពានរង្វាន់ International JCI Debating Championship ដែលរៀបចំដោយ JCIកម្ពុជា ។

កញ្ញា ធាម សុធីតានាថ និស្សិត IFL ដែលបានជាប់ ក្នុងការប្រកួតជ្រើសរើស ក្រុមអ្នកតស៊ូមតិឆ្នើម នៅកម្ពុជា បានឱ្យដឹងថា ក្រុមរបស់នាង មានគ្នា៣នាក់ រួមមានរូបនាង លោក ផា សុខហុង និស្សិតឆ្នាំទី៤ ផ្នែកគ្រូបង្រៀនភាសារបរទេស និងកញ្ញា ជ័យ សុដ្ឋារ័ត្ន និស្សិតឆ្នាំទី២ ផ្នែកអក្សរសាស្រ្តអង់គ្លេស នៃ IFL បានជាប់លេខ១ ក្នុងការប្រកួតតស៊ូមតិ ឆ្នាំ២០១២ ដែលរៀបចំដោយ JCI កម្ពុជា ។
កញ្ញាបន្តថា មូលហេតុ ដែលនាំឱ្យពួកនាងទទួលជោគជ័យនេះ ក៏ព្រោះតែក្រុមរបស់នាង បានធ្វើការជាមួយគ្នា មួយរយៈកន្លងមកហើយ ព្រមទាំងមានការសាមគ្គីគ្នាច្រើនផងដែរ ។តែក្រុមនិស្សិត ផ្សេងៗក៏ខ្លាំងដែរ ។ កញ្ញាសង្ឃឹមថា នឹងអាចដណ្តើម ពានរង្វាន់ International JCI Debating Championship 2012  បើសិនជាក្រុមរបស់នាង នៅតែរក្សា សាមគ្គីភាព និងធ្វើការជាមួយគ្នា ជាប់ ជានិច្ចនោះ ។
លោក ហុង ប៊ុនទី ប្រធានJCI កម្ពុជា សាខាចតុមុខ បានឱ្យដឹងក្រោយពេល បញ្ចប់ការប្រកួតដេញ ដោលមតិ កាលពីល្ងាចថ្ងៃទី៥ ឧសភា ថា “ សម្រាប់ឆ្នាំ២០១២នេះ យើងសង្កេតឃើញថា មានការគាំទ្រ ១ទ្វេជា២ ហើយចំនួនអ្នកចូលរួមក៏បានកើនឡើង ទ្វេមួយជាពីរដែរ មិនតែប៉ុណ្ណោះ សមត្ថភាព អ្នកចូលរួមលើកនេះ ក៏កាន់តែខ្លាំងជាងមុន ដែលឆ្នាំមុន មានអ្នកចូលរួមតែ៤សាកលវិទ្យាល័យប៉ុណ្ណោះ តែឆ្នាំនេះ យើងមានរហូតដល់១០សាកលវិទ្យាល័យ” ។
លោកថា IFL បានជាប់រយៈពេល២ឆ្នាំជាប់គ្នា ប៉ុន្តែមិនអាចនិយាយបានថា សាលាផ្សេងៗ អន់នោះទេ ព្រោះយើងមើល ឃើញថា ពិន្ទុរបស់ពួកគេ គឺខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ ពួកគេ បានបង្ហាញពីគំនិតយល់ដឹងរៀងៗខ្លួន ដែលពាក់ព័ន្ធ ទៅនឹងប្រធានបទនានា ដែលបង្ហាញថា យុវជន កម្ពុជា កំពុងតែមានការយល់ដឹងច្រើន ហើយពួកគេ នឹងធ្វើអ្វីៗ ដើម្បីសង្គម ដូចដែលគេបានបញ្ចេញមតិ ដូចជា ថែរក្សាបរិស្ថានធម្មជាតិ ចូលរួមក្នុងការបណ្តុះបណ្តាល និងនាំគ្នាចូលរួមក្នុងការងារសង្គម ដែលមិន នាំគ្នាប្រព្រឹត្ត នូវអំពើអបាយមុខ ហើយបែរមករកអាជីព ការងារណាមួយដែលល្អសម្រាប់ខ្លួន និងសង្គម ។
លោកសង្ឃឹមថា និស្សិតIFL ដែលបានជាប់ទាំង៣នាក់ នឹងខិតខំថែមទៀង ដើម្បីប្រកួតជាមួយនឹង ប្រទេសចំនួន៨ នៅ ហុងកុង ហើយបើឈ្នះពួកគេ វាជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា នៅលើ ឆាកអន្តរជាតិ ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname