រាជធានីភ្នំពេញ ៖ លោកខាំ សុខនាង ក្នុងវ័យ៣៣ឆ្នាំ
តែងតែបង្ហាញទេពកោសល្យសម្តែង
និងច្រៀងនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍តាមស្ថានីយទូរទស្សន៍
នានា ។
លោកចាកចេញពីមាតុប្រទេសទៅសម្តែងនៅប្រទេសជប៉ុនកាលពីថ្ងៃទី
៥ មេសា ឆ្នាំ២០១២
ហើយបានវិលត្រឡប់មកដល់មាតុប្រទេសវិញកាលពីថ្ងៃទី៧ ឧសភា
និងបានចូលរួមច្រៀងក្នុងកម្មវិធីនាទីយុទ្ធជនកាលពីថ្ងៃទី
១០ ឧសភា ។
លោកខាំ សុខនាង ឱ្យដឹងថា
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រសិល្បៈនាដសាស្ត្រ
នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកដឹកនាំរឿង
និងនិពន្ធ ។
កន្លងមកលោកគឺជាសិល្បករម្នាក់មានបទពិសោធន៍សម្តែង និងច្រៀង ។
ក្រៅពីដឹកនាំសិល្បករ សិល្បការិនីសម្តែងល្ខោនបាសាក់ យីកេ
និងនិពន្ធ កែសម្រួលរឿងល្ខោនបាសាក់ ល្ខោន យីកេ
លោកក៏ជាតារាសម្តែងកាយវិការខារ៉ាអូខេ និងជាតារាចម្រៀងសម័យ
និងប្រពៃណី មហោរី ។
លោកមានកេរ្តិ៍ឈ្មោះល្បីតាមរយៈការសម្តែងកាយវិការខារ៉ាអូ
ខេក្នុងខ្សែរឿងម៉ាក់ថឺង ជាតួអង្គព្យ៉ាណយ ។
នៅពេលលោកមានកេរ្តិ៍ឈ្មោះល្បីគេសង្កេតឃើញ
លោកតែងតែឡើងច្រៀង
និងសម្តែងឈុតខ្លីៗតាមសាច់រឿងល្ខោនបាសាក់ និងល្ខោនយីកេ
ឬឈុតខ្សែភាពយន្តផ្សេងៗតាមបទចម្រៀងនៅលើឆាកប្រគំតន្ត្រីបន្ត
ផ្ទាល់របស់ស្ថានីយទូរទស្សន៍នានា ។
ដោយសារធ្លាប់សិក្សារៀនសូត្រផ្នែកសិល្បៈ
នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកខាំ សុខនាង
មិនត្រឹមតែសម្តែងបានល្អ មានកាយវិការរស់រវើកទេ
គឺលោកមានទឹកដមសំឡេងពីរោះគួរសម ។
ហេតុនេះហើយកន្លងមកក្រៅពីច្រៀងក្នុងពិធីមង្គលការ
និងពិធីជប់លៀងផ្សេងៗ
និងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីទេសចរណ៍តាមបណ្តាខេត្ត
ក្រុងនានាទូទាំងប្រទេស
និងថតសំឡេងចូលស៊ីឌីឱ្យផលិតកម្មជាច្រើនទាំងក្នុង
និងក្រៅប្រទេស លោកខាំ សុខនាង
បានចេញទៅច្រៀងនៅក្រៅប្រទេសជាច្រើនក្នុងតំបន់ អាស៊ី ។
ជាក់ស្តែងកាលពីថ្ងៃទី៥ មេសា ២០១២
លោកបានចេញទៅច្រៀងនៅប្រទេសជប៉ុនជាមួយកញ្ញាសុខ សីឡាលីន
កញ្ញាខាត់ ថាន់ចិន្តា និងកញ្ញាដា វ័ន្ត រយៈពេល១ខែ ។
លោកខាំ
សុខនាងចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈពីឆ្នាំ១៩៩៩
មកដល់បច្ចុប្បន្ននេះធ្លាប់មានស្នាដៃជាច្រើនក្នុងការដឹកនាំ
សម្តែង និងនិពន្ធកែសម្រួលសាច់រឿង សម្រាប់សិល្បករ
សិល្បការិនីសម្តែងល្ខោនបាសាក់ ល្ខោនយីកេ ។
រឿងដែលលោកស្រលាញ់ជាងគេនោះគឺរឿង«ទិព្វសុដាច័ន្ទ» រឿង«កាកី»
និងរឿង«ក្បូនជីវិត» ។
ក្រៅពីអាជីពសិល្បៈចម្រុះលោកសុខនាង
ជាសាស្ត្រាចារ្យមួយរូបកំពុងតែបណ្តុះបណ្តាលកូនខ្មែរជំនាន់ក្រោយ
នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
តាមជំនាញរបស់លោកធ្លាប់សិក្សាកន្លងមក ។ លោកសុខនាង និយាយថា
ភារកិច្ចរបស់មនុស្សយើងបើមានចំណេះអ្វីពិតប្រាកដហើយគួរ
តែផ្ទេរចំណេះដឹងឱ្យក្មេងជំនាន់ក្រោយបានក្រេបយកបន្តវេន
ពីយើង
ជាពិសេសនោះជំនាញសិល្បៈវប្បធម៌ជាតិគួរតែផ្តល់ឱកាសឱ្យ
ក្មេងជំនាន់ក្រោយបានបន្តវេនពីយើង ។
លោកខាំ សុខនាង ឱ្យដឹងថា លោកមានគូដណ្តឹង
និងត្រៀមរៀបការនៅចុងឆ្នាំ២០១២ នេះ ។
លោកបានរៀបចំពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី២៥ មីនា ២០១២
ជាមួយអ្នកសម្អាងការអ៊ុតសក់ កែសម្ផស្ស ឈ្មោះទីទី អាយុ២២ឆ្នាំ
៕