Friday, May 18, 2012

របរ​ដឹក​ផលិត​ផលធ្វើ​ដោយ​ដៃ​ដើរ​លក់​តាម​ម៉ូតូ​នៅខេត្ត​មណ្ឌល​គិរី​

ខេត្ត​មណ្ឌល​គិរី​ ៖ «​ព្យាយាម​គង់​បាន​សម្រេច​ »ជាពាក្យ​ចាស់​បុរាណ​បាន​បន្សល់​ទុក​​ដើម្បី​​​ដាស់​តើន​ដល់​ក្មេង​ៗ​ជំនាន់ ​ក្រោយ​​ឱ្យ​ចេះ​តស៊ូ​ក្នុង​ឆាក​ជីវិត​រស់​នៅ​ដោយ​ភាព​ថ្លៃ​ថ្លូ​រ​មិន​ថា​ មុខ​របរ​អ្វី​ឡើយ​កុំ​ឱ្យ​តែ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ​ វាសុទ្ធ​តែ​មាន​តម្លៃ​ទាំង​អស់​ ។ ជាក់ស្តែង​របរដឹក​កញ្ជើ​ ល្អី​...​ដើរ​លក់​តាម​ទី​ប្រជុំ​ជន​ ត្រូវ​បង​ប្អូន​ដែ​ល​មាន​ដើម​ទុន​សម​ល្មម​ ជ្រើស​រើស​យក​មក​ធ្វើ​ជាមុខ​របរ​បន្ថែម​ក្រោយ​ពី​សម្រាក​ពី​ការងារ​ធ្វើ​ ស្រែ​ចម្ការ​ ដើម្បី​ដោះ​ស្រាយ​ជីវភាព​ ។
ស្ថិត​នៅ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​នាពេល​រសៀល​ និងកំពុង​ជួស​ជុល​ម៉ូតូ​ដែល​ខូច​តាម​ផ្លូវ​លោក​អ៊ំុ​ ឈឿន​ អាយុ​៣​​៣​ឆ្នាំ​ ​មានស្រុក​កំណើត​នៅ​ខេត្តស្វាយ​រៀង​ រួម​ទាំង​មិត្តភក្តិ​រួ​ម​ដំណើរ​៣-៤​នាក់​ទៀតបាន​រៀប​​រាប់​ឱ្យ​ដឹង​ថា​ ​ក្រោយ​សម្រាក​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ​ គាត់​ព្រម​ទាំ​ង​អ្នក​ជិត​ខាង​បាន​បបួល​គ្នា​ ទិញ​ល្អី​ ចង្អេរ​ ជើង​ឆ្នាំ​ង ​ឈ្នាង​ កញ្ជើ​ ​អង្រុត​ កន្ត្រង​ប្រហុក​ជា​ដើម ដោយ​ចំណាយ​ទុន​ប្រមាណ​ពី​មួយ​លាន​ប្រាំ​សែន​រៀល​ ទៅ​២​លាន​រៀល។ ​​បន្ទាប់​​ពី​ដើរ​ប្រមូល​ទិញ​បាន​ច្រើន​ហើយ​​ ក៏រៀប​ចំចង​ភ្ជាប់​ជាមួយ​ម៉ូតូ​ដឹក​ដើរ​លក់​តាម​ខេត្តឆ្ងាយ​ៗ​ គ្រប់​ច្រក​ល្ហក​ដោយ​ចំណាយ​ពេល​ចាប់ពី​១០​ទៅ​១៥​ថ្ងៃ​ទើប​លក់អស់ ។ ចំពោះ​ការដើរ​លក់​តាម​ម៉ូតូ​នេះ​ ក៏បាន​បង្ក​ជា​ផលវិបាក​ខ្លះ​ៗ​សម្រាប់​ពួក​គាត់​ផង​ដែរ​ ​គឺ​មាន​ពេល​ខ្លះ​ម៉ូតូ​ខូច​ចំកន្លែង​គ្មា​ន​ជាង​ និងថ្ងៃ​ខ្លះ​ប៉ះ​ចំមេឃ​​ភ្លៀង​ពុំមាន​ទី​ស្នាក់​​នៅ​ ​ហើយ​​មិន​​អាច​លក់​ដូរបាន​។ ​ទោះ​ជា​យ៉ាងណា​ពួក​គាត់​មិន​បាន​រាថយឡើយ​ បន្ត​ដើរ​លក់​រហូត​ទាល់​តែអស់​ ​។
លោក​អ៊ុំ ឈឿន​ បាន​បញ្ជាក់ថា​ ​ចំណាយ​ពេល​ជាង​១០​ថ្ងៃក្នុង​ការ​ដើរ​លក់​ហើ​យ​យប់​ទី​ណា​​​សម្រាក​នៅ​ទីនោះ ​ មានពេល​ខ្លះ​ត្រូ​វ​សុំ​ព្រះ​សង្ឃ​ស្នាក់​នៅ​ក្នុង​វត្ត​អារាម​ក៏​មាន​ ។ ​គាត់​បន្ត​ថា​ របរ​នេះ​ ​អាច​រក​ប្រាក់​ចំណេញ​ចាប់​ពី​៧០​មឺុន​រៀល​ទៅ​៨០​ម៉ឺនរៀល​ ​បើ​មិន​​មាន​ឧបសគ្គ​តាម​ផ្លូវ​ទេ​នោះ​ ៕

Comments system

Disqus Shortname