Sunday, May 13, 2012

ដឹកធ្ងន់ពេក ប្រឹងឡើងស្ពានមិនរួច រអិលថយក្រោយ ក្រឡាប់ពង្រាយឈើ ពេញផ្លូវក្រោមស្ពាន អាកាសក្បាលថ្នល់

ភ្នំពេញ ៖ រថយន្ដធុនធ្ងន់ផ្ទុកដោយជំនៀរ ឈើសំពីងសំពោងបណ្ដាលឱ្យក្រឡាប់ ចាក់ចោលឈើពេញផ្លូវ ក្រោមស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីអ្នកបើកបរ ព្យាយាមរោទ៍ ម៉ាស៊ីន បញ្ជាចង្កូត ប្រឹងបើកឡើងស្ពានព្រះមុនីវង្សថ្មី បានជិតពាក់កណ្ដាលស្ពាន ក៏រអិលថយក្រោយ មកប៉ះនឹងចិញ្ចើមថ្នល់គល់ស្ពាន អាកាស បណ្ដាលឱ្យដាច់កង់ក្រោយទាំងពីរផងដែរ។

ហេតុការណ៍ក្រឡាប់រថយន្ដដឹកឈើនេះ កើតឡើងនៅវេលាម៉ោង ២ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១២ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ដដឹកជំនៀរឈើមួយគ្រឿងនេះ បើកបរក្នុងទិសដៅពីលិចទៅកើត ដោយកាត់ តាមក្រោមស្ពានអាកាសក្បាលថ្នល់ ឆ្ពោះឡើងស្ពានព្រះមុនីវង្សថ្មី ។ លុះពេលរថយន្ដ បើកបានជិតពាក់កណ្ដាលស្ពានទៅហើយ ស្រាប់តែម៉ាស៊ីន មានបញ្ហាបណ្ដាលឱ្យ រថយន្ដរអិលថយក្រោយបន្ដិចម្ដងៗ ហើយគេឃើញរថយន្ដថយងាកទៅរកកន្លែងដែល គ្មានមនុស្ស ហើយក៏ប៉ះនឹងខឿនសួនច្បារ បណ្ដាលដាច់កាឡេ និងដាច់កង់ ក្រឡាប់ភីងតែម្ដង។
លោក ទិត្យ ចំរើន នាយផ្នែកចរាចរណ៍ ខណ្ឌមានជ័យ បានឱ្យដឹងថា រថយន្ដបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ក-៥៦៣៩-ភព៣ បើកបរដោយ ឈ្មោះ នឿន ប៊ុនធឿន អាយុ ៣០ឆ្នាំ មានទីលំនៅ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
តាមអ្នកបើកបរ នឿន ប៊ុនធឿន បាននិយាយថា “ស្ទើរជារៀងរាល់សប្ដាហ៍ ចៅកែរបស់ខ្លួនបានឱ្យបើករថយន្ដនេះ ដឹកកំណាត់ជំនៀរឈើ ចេញពីរោងចក្ររបស់ឧកញ៉ា ម្នាក់ ចេញពីខេត្ដកំពង់ចាម ក្នុងបំណង សំដៅទៅកាន់ស្រុកកៀនស្វាយ ដើម្បីយកទៅដាក់នៅសិប្បកម្មកែច្នៃឈើមួយកន្លែង នៅស្រុកកៀនស្វាយ”។ បុរស ប៊ុនធឿន បន្ដ ថា នៅថ្ងៃកើតហេតុនេះ រថយន្ដរបស់គេដឹក ឈើដោយដាក់ច្រើន និងខ្ពស់ពេក បណ្ដាលឱ្យរថយន្ដឃ្លីងឃ្លោង គួបផ្សំរថយន្ដចាស់ ទ្រុឌទ្រោមផងនោះ ហើយម៉ាស៊ីន ក៏មាន បញ្ហាទៀត ទើបបើកឡើងស្ពានមិនរួចបែប នេះ និងបណ្ដាលឱ្យរអិលថយក្រោយ ទៅបុកខឿនសួន ដាច់កាឡេ ក្រឡាប់ភីងតែ ម្ដង។
ក្រោយកើតហេតុ គេឃើញមាននគរ បាលចរាចរណ៍រាជធានី ក៏មកដល់ នគរបាលចរាចរ ខណ្ឌ-ប៉ុស្ដិ៍ ក៏ចុះជួយអន្ដរាគមន៍ ដើម្បីសម្រួលចរាចរណ៍ផងដែរ ប៉ុន្ដែនៅតែ មិនអាចដោះស្រាយបានភ្លាមៗ បណ្ដាលឱ្យ ស្ទះចរាចរណ៍តាំងពីម៉ោងជិត៣ រហូតដល់ ព្រឹកថ្ងៃទី១៣ ឧសភា ទើបនគរបាលខណ្ឌមានជ័យ ជួយរើកំណាត់ឈើចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍។
បច្ចុប្បន្នអ្នកបើកបរ និងរថយន្ដ ត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយការខូចខាតបន្ដិចបន្ដួចជាក្រោយ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Comments system

Disqus Shortname