Friday, May 11, 2012

មិត្ដភក្ដិ ញៀនថ្នាំ បាញ់សម្លាប់ មិត្ដភក្ដិ ខណៈឌុបគ្នាតាមផ្លូវ

ភ្នំពេញ ៖ មន្ដ្រីនគរបាល នៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញម្នាក់ ដែលគេស្គាល់ថា ជាកូនរបស់ឧត្ដមសេនីយ៍យោធានោះ ត្រូវបានជនល្មើស ដែលជា មិត្ដភក្ដិរបស់ខ្លួន ធ្វើការបាញ់ប្រហារ បណ្ដាលឱ្យបាត់បង់ជីវិត ខណៈពួកគេ កំពុងជិះម៉ូតូឌុបគ្នា នៅតាមដងផ្លូវ កណ្ដាលហ្វូងមនុស្ស កំពុងធ្វើចរាចរកកកុញ ដែលហេតុការណ៍បាញ់ សម្លាប់គ្នា យ៉ាងសាហាវខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២  នៅតាមបណ្ដោយ ផ្លូវលេខ ២៧១
Photo by DAP-NEWSស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ចំណុចមុខផ្ទះសំណាក់ អង្គរមាស ក្បែរផ្សារហេង លី  ។ ក្នុងនោះឃាតកដៃដល់ ក្រោយកើតហេតុភ្លាមៗ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបានផងដែរ ។
សពជនរងគ្រោះ ដែលត្រូវឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃ ហើយត្រូវបានគេស្គាល់ថា គឺជាមិត្ដភក្ដិនឹងគ្នានោះ ត្រូវបានគេស្គាល់ឈ្មោះ ម៉ន សារ៉ាវឌី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង មានមុខងារ ជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី ដែលគេស្គាល់រហស្សនាម ទិវា ៥២ ។ សពជនរង គ្រោះ បានរងនូវគ្រាប់កាំភ្លើងចំនួន ២គ្រាប់ ចំក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែកឃាតកដៃ ដល់ ត្រូវបានគេស្គាល់ឈ្មោះ សិទ្ធិ រតនា ហៅ អូន ភេទប្រុស អាយុ ៣២ឆ្នាំ មិនទាន់ដឹងទីលំនៅនិងការងារច្បាស់លាស់ ហើយត្រូវបានគេសង្ស័យថា ជាមនុស្សញៀនថ្នាំ ញៀនកញ្ឆា ប្រដាប់ដោយអាវុធខ្លី១ដើម ម៉ាក CZ72 ក្នុង ការធ្វើសកម្មភាព ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់ ០៧មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1P-1989 ឌុបក្មេងស្រីម្នាក់ អាយុប្រមាណ ៧ឆ្នាំ (កូនជនរង គ្រោះ) និងជនសង្ស័យជាឃាតកជិះពីក្រោយ បើកចេញពីផ្លូវលំមួយ នៅម្ដុំផ្សារហេង លី ឆ្ពោះមកឡើងផ្លូវលេខ ២៧១ ។ លុះជិះជិតដល់កន្លែងកើតហេតុ គេឮស្នូរសំឡេងជនសង្ស័យ និងជនរងគ្រោះ ឈ្លោះប្រកែកគ្នាខ្លាំងៗ ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញជនសង្ស័យដែលជិះខាងក្រោយ ដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់ក្បាលជនរង គ្រោះ រហូតដល់ចំណុចមុខផ្ទះសំណាក់អង្គរមាស ស្រាប់តែជនដៃដល់បាញ់ក្បាល ជនរងគ្រោះពីក្រោយ ត្រូវចំនួន ២គ្រាប់ ដួលធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្ដង។
ក្រោយជនសង្ស័យ បាញ់សម្លាប់ជនរងគ្រោះហើយ គេឃើញក្មេង ស្រី រត់ទៅរកអ្នកជិតខាងឱ្យជួយ ហើយជនសង្ស័យបានរត់បកក្រោយ បានប្រមាណ១០ម៉ែត្រ ក៏បោះកាំភ្លើង ចោល រួចហើយរត់បន្ដដល់កែងផ្លូវទេពផន ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោក ដែលដាក់គោលដៅ នៅក្បែរនោះ ចេញមកអន្ដរាគមន៍ ចាប់ខ្លួនបានភ្លាមៗតែម្ដង ។
ក្រោយចាប់ខ្លួនបាន ជនដៃដល់មិនបានសារភាព ពីមូលហេតុ ដែលបណ្ដាលឱ្យរូបគេ បាញ់សម្លាប់ជនរងគ្រោះនោះឡើយ  ប៉ុន្ដែនៅក្នុងខ្លួនជនរងគ្រោះ សមត្ថកិច្ច បានឆែកឆេររកឃើញ មានលុយមួយចំនួន រួមទាំងកញ្ឆាក្រៀម ចំនួន ២កញ្ចប់ ហើយជនសង្ស័យ ត្រូវបានគេ សន្និដ្ឋានថា កំពុងស្ថិតនៅក្នុងអាការ ស្រវឹងកញ្ឆាជោកជាំផងដែរ  ទោះជាសមត្ថកិច្ចសួរចម្លើយដេញដោលយ៉ាង ណា ក៏មិនព្រមឆ្លើយសារភាព ហើយអង្គុយធ្វើតែមិនដឹង។
ប៉ុន្ដែប្រភពដោយឡែកផ្សេងៗ បានធ្វើការសន្និដ្ឋានថា ការឈានដល់បាញ់សម្លាប់គ្នា ពីសំណាក់មិត្ដភក្ដិឯង ខណៈកំពុងជិះម៉ូតូឌុបគ្នាខាងលើនេះ ទំនងអាចផ្ដើមចេញពី ទំនាស់អ្វីមួយ ដូចជារឿងផលប្រយោជន៍ជាដើម ទើបធ្វើឱ្យពួកគេ ឈានដល់ការបាញ់សម្លាប់គ្នាយ៉ាងដូច្នេះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname