គួរបញ្ជាក់ថា
ពីធីច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកមុនរដូវសាបព្រួសឈានចូលមកដល់ ជារៀងរាល់ឆ្នាំនៅខែឧសភា ពិធីបុណ្យបែបវប្បធម៌នេះ បានរៀបចំធ្វើឡើងនៅសួនច្បារពីមុខសារមន្ទីរជាតិ (ជាប់ព្រះបរមរាជវាំង)។ កម្ពុជាជាប្រទេស ដែលមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយព្រះធរណី និងកសិកម្ម។ តាមជំនឿហោរាសាស្ត្រគោឧសភរាជមានតួនាទីសំខាន់ក្នុងការសម្រេចជោគវាសនាភោគផលកសិកម្មជារៀងរាល់ឆ្នាំ។
តាមទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីបរមបុរាណ ស្តេចមាឃ ដែលតំណាងឲ្យព្រះមហាក្សត្រកម្ពុជាជាអ្នកភ្ជួរព្រះមេរុ រីឯមហាក្សត្រិយានី ដែលតំណាងដោយព្រះមេហួរជាអ្នកព្រួសគ្រាប់ពូជពីក្រោយ។ វាលព្រះមេរុត្រូវបានភ្ជួរចំនួនបីជុំនៅក្នុងពិធីនោះ។ បន្ទាប់មករាជបរិវារដឹកគោឧសភរាជសំដៅថាសមាសទាំង៧ដែលមានដាក់ ស្រូវ ពោត ល្ង គ្រាប់ពូជ សណ្តែក ស្មៅ ទឹក និងស្រាដើម្បីឲ្យគោឧសភរាជនោះបរិភោគ។ រាជហោរាបានបកស្រាយនូវអ្វីដែលគោឧសភរាជនោះបានបរិភោគ និងព្យាករណ៍នូវព្រឹត្តិការណ៍ជាច្រើន ដូចជា ជំងឺរាតត្បាត ទឹកជំនន់ ទិន្នផលល្អ និងមានភ្លៀងធ្លាក់ច្រើន។ នៅក្នុងព្រះរាជពិធីនេះផងដែរ អ្នកចូលរួមទាំងប្រុសទាំងស្រីស្លៀកពាក់តាមលក្ខណៈប្រពៃណីខ្មែរយ៉ាងល្អឆើតឆាយ។
ពិធីបុណ្យច្រត់ព្រះនង្គ័លមានមកតាំងពីបុរាណកាល ពិតមែនតែថា រឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ (ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) មិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយក៏ដោយ ក៏ត្រូវតែយល់ថា ទំនៀមទំលាប់ស្ដេចច្រត់ព្រះនង្គ័លនោះធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្ដុតាងជាក់ស្ដែងនៅក្នុងប្រវត្ដិសាស្ដ្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាង ខ្លះថា ពួកជនដែលបានស្ថាបនាប្រទេសកម្ពុជា ក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូង ដូចយ៉ាង ព្រះបាទកោណ្ឌញរាជ (ចិនហៅថា ហួន ទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ-ជយវរ្ម័ន ដែលជាក្សត្រល្បីព្រះនាមក្នុងសម័យនគរភ្នំ កាលដែលមកចុះស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺ លទ្ធិ ទំនៀម សាសនា និងវិជ្ជាផ្សេងៗ មកប្រព្រឹត្ដប្រតិបត្ដិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្ដិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ ។
នេះប្រសិនបើគេព្យាយាមរួបរួមរឿង លទ្ធិទំនៀមក្នុងប្រទេសឥណ្ឌា មកប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរ គង់តែឃើញ ត្រូវគ្នាជាច្រើនអន្លើ ។ មានរូបមួយឈ្មោះពលទេព ឬហៅថា ពលរាម ជារូបលីនង្គ័ល គេសាងឡើងសំរាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបនេះគេសំគាល់ឃើញថា សាងឡើងតាំងពីសម័យក្រុងនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់មានសាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញមានរូប១ មាននៅហោព្រះបញ្ចក្សេត្រ ក្នុងព្រះបរមរាជវាំង ជារូបសម្រិទិលីនង្គ័ល ឬចបកាប់មើលមិន ច្បាស់ រូប១ទៀតធ្វើដោយថ្មភក់ ជារូបលី នង្គ័ល មាននៅក្នុងសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះដែលជាស្នាដៃរបស់ខ្មែរសាងមាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពី បុរាណកាល ដូច្នេះទើបនាំឱ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័ល គង់មានមកពីបុរាណ យ៉ាងតិចណាស់ក៏ត្រឹមសម័យក្រុងនគរធំ ។
ចំពោះព្រះគោ ឬគោឧសភរាជ ក្នុងវេលាមុនច្រត់ព្រះនង្គ័ល៣ថ្ងៃ គឺក្នុងពេលដែលព្រាហ្មណ៍ធ្វើពិធី៣ថ្ងៃ ព្រះគោទាំងគូ និងព្រះនង្គ័លនោះតាមទំនៀមពីដើមគេយកទៅតាំងក្នុងរោងមួយ ដែលទើបសង់ថ្មីនៅក្នុងទីព្រះ ស្រែនោះ ដោយមានភ្នាក់ងារក្រុមព្រះស្រែ មើលថែរក្សាដាក់ស្មៅ ដាក់ទឹក ឱ្យព្រះគោស៊ី ផឹកឆ្អែតឆ្អន់រាល់ថ្ងៃ ក្នុងរវាង៣ថ្ងៃនោះ ហាមមិនឱ្យយកចេញទៅក្រៅទីព្រះស្រែ សម្ដេចឥសីភទ្ទាធិបតីម៉ាំងថា ព្រះគោ និងព្រះនង្គ័លនេះធ្លាប់មានជារបស់ព្រះរាជទ្រព្យមកតាំងពីបុរាណកាល ទើបមកលើកលែងក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ ដោយលុបមិនឱ្យមានក្រុមក្សត្រ និងមិនឱ្យមានគោព្រះរាជទ្រព្យឡើយ ដល់ពេលធ្វើ ព្រះរាជពិធី គេយកតែនង្គ័លទៅតាំងនៅរោងពិធីទិសនិរតីរហូតដល់សព្វឆ្នាំនេះ ការតាំង ដូច្នេះ ដើម្បីឱ្យព្រះគោ និងព្រះនង្គ័លចូលក្នុងពិធីរបស់ព្រាហ្មណ៍ផង ។
គោ១នឹម ដែលទឹមច្រត់ព្រះនង្គ័លនោះ គេហៅថា “ព្រះគោ” ឬហៅថា “គោឧសភរាជ” ក៏មានកំណត់ក្នុងលក្ខណៈតាមបែបនិយមបច្ចុប្បន្នគឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច ។ គោ២នឹមទៀត ដែលសំរាប់ហែមុខហែក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម ។ ឯព្រះគោនោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលសម្បុរក្រហមលើខ្នងផង ។
ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ឯចន្ទោលព្រះនង្គ័លសំរាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេសគឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរបែបភូទួន។
ទាក់ទិននឹងការផ្សងគោឧសភរាជគឺ ព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័ល នោះ ឱ្យស៊ីផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែក១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹក មន្ដប្រោះក្បាលព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ី ផឹក របស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្ដស៊ី ផឹកអ្វី ក៏ស៊ីផឹក ទៅគេមិនបង្ខំឱ្យស៊ីផឹកចំពោះអាហារណានីមួយៗទេ កាលព្រះគោស៊ីផឹកអ្វីមួយយ៉ាង ឬពីរយ៉ាងព្រាហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ រីឯទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះគោស៊ីអ្វី ក៏ទាយថា ក្នុងឆ្នាំនេះរបស់នោះសម្បូរប្លែក តែបើស៊ី ស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រានឹងកើតមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើន ។
លំដាប់នោះ ស្ដេចមាឃ និងមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅក្នុងរោងមណ្ឌលទិសខាងកើត “ជាទីតាំងព្រះកច្ចាយនទេវរូប” នោះពួកបារគូក៏ចូលផ្លុំស័ង្ខព្រះរាជគ្រូយកទឹកមន្ដប្រោះព្រំឱ្យអ្នកទាំងពីរ ព្រមទាំងឱ្យ ស័ព្ទសាធុការពរឱ្យបានប្រកបដោយសេរីសួស្ដីនូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័លហើយ ៕