Tuesday, May 22, 2012

សុជាតិ លីសែង​ធ្វើ​សំណង់​ដើម្បី​រៀន

សុជាតិ ជា​កូន​កសិករ​ដែល​មាន​​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ មាន​ស្រុក​កំនើត​នៅ​ភូមិ​ពោធិ៍​ជ្រែក ឃុំ​បន្ទាយចក្រី ស្រុកព្រះស្តេច​ ខេត្ត​​ព្រៃ​វែង​​​។ ឪ​ពុក​ឈ្មោះ សំ ចុន អាយុ ៤៨ឆ្នាំ និង​ម្តាយ​ឈ្មោះ​​ សិន ធី​​ អាយុ ៤៤​ឆ្នាំ មាន​មុខ​របរ​ធ្វើ​ស្រែ។​ មាន​បង​ប្អូន​​ ៣​នាក់ ​ប្រុស​ ២នាក់​ ​ស្រីម្នាក់ សុទ្ធ​តែ​នៅ​រៀន។​ សព្វ​ថ្ងៃ​ សុជាតិ ​ជា​និស្សិត​អាហារូបករណ៍​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​​ពេញ​​​​ដេ​​​ ប៉ាតឺម៉ង់​​សង្គម​កិច្ច​ ជា​សិស្ស​ឆ្នាំ​ទី​១ ​។
រៀន​បណ្ដើរ​ជួយរកចំណូលគ្រួសារ​បណ្ដើរ
ដោយ​ភាព​ខ្វះ​ខាត​និង​ទី​ទាល់​នៅ​ក្នុង​ គ្រួសារ កាល​នៅ​​រៀន​ថ្នាក់​​អនុវិ​ទ្យាល័យ​ សុជាតិ​តែង​តែ​ឆ្លៀត​​ទៅ​ស៊ី​​ឈ្នួល​​គេ​នៅ​ពេល​ទំនេរ​ពី​​ការ​សិក្សា ដូច​ជា​ដើរ​​ស៊ី​​ឈ្នួល​ច្រូត​ស្រូវ ស្ទូង​ស្រូវ បោក​ស្រូវ​ និង​បាញ់​ថ្នាំ​ស្រូវ​​ជា​​ដើម ហើយ​ក៍​​ធ្លាប់​​ស៊ី​ឈ្នួល​​លី​ស្បោង​ស្រូវ​តាម​ឡាន​ត្រាក់​ទ័រ​ផង​ដែរ ដែល​កាល​នោះ​គេ​មាន​អាយុ​ទើប​​តែ​​​១៦​ឆ្នាំ​ប៉ុ​ណ្ណោះ។ ក្នុង​មួយ​ថ្ងៃ​ៗ​ គេ​អាច​លី​ស្បោង​ស្រូវ​បាន​ប្រមាណ​ជា​ពី​៩០ ទៅ ១០០​ស្បោង ហើយ​​កម្រៃ​ដែល​​គេ​ផ្តល់​ឲ្យ​​​គឺ​ ២០០​​​រៀល​​ក្នុង​​មួយ​ស្បោង​។
លុះ​ពេល​ចូល​​ដល់​​វិទ្យា​​ល័យ សុជាតិ​ នៅ​​តែ​បន្ត​រក​ប្រាក់​ដោយ​ខ្លួ​ន​​ឯង​​ដដែល​ ដើម្បី​​ចាយ​វាយ​​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​គេ​ពុំ​បាន​ប្រើ​កំលាំង​កាយ​ដើម្បី​រក​ប្រាក់​ដូចពី​មុន​នោះ​ឡើយ ព្រោះ​តែ​គេ​មាន​​ទំនាក់​ទំនង​ល្អ​​ជា​មួយ​​មិត្ត​រួម​ថ្នាក់​ និង​គ្រូៗ​​ដទៃ​ទៀត​ គួប​ផ្សំ​គេ​រៀន​ពូកែ​ផង​ សុជាតិ​មាន​ឳកាស​បើក​គួរ​​បង្រៀន​ភាសា​អង់គ្លេស និង គណិត​វិទ្យា ដល់​​សិស្ស​​​​ដ៍​ទៃ​ទៀត​ដែល មាន​ជីវ​ភាព​ធូរ​ធារ និង​ចង់​រៀន​គួរ​ក្រៅ​ម៉ោង​បន្ថែម​ ដែល​កាល​នោះ​ក្នុង​សិស្ស​ម្នាក់​​​ សុជាតិ​​ ទទួល​​បាន​ប្រាក់ ​៥០០​រយ​រៀល​ក្នុង​១​ម៉ោង។ ក្រៅ​ពី​នេះ​ សុ​ជាតិ  បាន​ចូល​រូម​ធ្វើ​ការ​ស្ម័គ្រ​​ចិត្ត​នៅ​​អង្គការ ​YCC​ និង HCC ដែល​​ធ្វើ​ឲ្យគេ​​ទទួល​​បាន​បទ​ពិសោធន៍​នៅ​ក្នុង​សង្គម​ និង​ជំរុញ​ឲ្យ​គេ​ស្រលាញ់​មុខ​វិជ្ជា​សង្គម​កិច្ច​នេះ​ជា​ខ្លាំង​។
ទោះ​ជា​​ សុជាតិ​​​ ត្រូវ​រ៉ាប់​រង​នឹ​ង​​ការងារ​​ផង​ ការ​សិក្សា​ផង​ក៍​ដោយ ក៍​គេ​នៅ​តែ​អាច​រៀន​បាន​​និទ្ទេស​ល្អ មិន​ចាញ់​សិស្ស​ដ៍​ទៃ​​ដែល​​មាន​​ពេល​វេលា​គ្រប់​គ្រាន់​​សម្រាប់​​រៀន​ សូត្រ​ និង​មាន​ជីវ​ភាព​​ធូ​​រ​ធារ​​​​​នោះ​ឡើយ។ ដោយ​ការ​តស៊ូ​ខិត​ខំរៀន​សូត្រ​​ជា​ប្រ​ចាំ​ នៅ​ឆ្នាំ​២០១១​ សុជាតិ​បាន​ ប្រលង​​ជាប់​បាក់​ឌុប​ ​និង​​ទទួល​​បាន​​និទ្ទេស C ហើយ​​ក៍​​ជាប់​​អាហា​រូបករណ៍ រៀន​ពុំ​បង់​ថ្លៃ នៅ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​​ភ្នំពេញ​ផ្នែក ​“សង្គម​កិច្ច” ​ទៀត​ផង។
រស់ដោយខ្លួនឯង
ជា​ថ្មី​ម្តង​ទៀត​​ទោះ​​​ជា​​ សុជាតិ​ ក្លាយ​ជា​និស្សិត​​​អាហា​រូបកណ៍​ក៍​ដោយ​ តែ​ដោយ​សារ​​​ក្រពះ ​ការ​​រស់​នៅ​គឺ​ត្រូវ​ការ​​ចាយ​វាយ​​​ប្រ​ចាំ​​ថ្ងៃ​មាន​​ចំនួន​យ៉ាង​​ ច្រើន បាន​ជុំ​រុញ​ឲ្យ ​សុជាតិ​ ក្លាយ​​ជា​​កម្ម​ករ​សំណង់។ ​ក្នុង​ជីវ​ភាព​រស់​នៅ​ សុជាតិ ​ត្រូវ​ចំ​ណាយ​យ៉ាង​​ត្បិត​ត្បៀត​បំផុត​ទៅ​លើម្ហូប​អាហារ​ប្រចាំថ្ងៃ​ និង​ដើម្បី​សន្សំ​​​ទិញ​​​​កង់​មួយ​គ្រាន់​ជិះ​​ទៅ​សាលា​។ ស្ថិត​ក្នុង​ជី​វភាព​ដ៏​លំបាក​នេះ​​ សុជាតិ ក៍​ឈប់​ធ្វើ​​សំណង់​​ ហើយ​​ទៅ​ធ្វើ​ជា​សន្តិសុខ​​នៅ​​ក្រុម​​​​ហ៊ុន​មួយ​វិញ​។ មួយ​​រយៈ​ក្រោយមក​​ជា​សំណាង​ល្អ​ គេបាន​ស្គាល់​អ្នក​ធ្វើ​ការ​នៅ​ការ៉ាស​សាំង​មួយ​ពេល​នោះ​ សុជាតិ ក៍​បាន​ទៅ​ធ្វើ​ជា​អ្នក​ចាក់​​សាំង​​នៅ​ទី​នោះ​ ដោយ​ក្នុង​មួយ​ខែ ​​​សុជាតិ​ ទទួល​​បាន​ប្រាក់​​ខែ​៧០​​ដុល្លារ។ ការ​ងារ​នេះ​ សុជាតិ ​ត្រូវ​ធ្វើ​ការ​​ពី​​ម៉ោង​៩​យប់​ ដល់​​ ម៉ោង​៥​ទៀប​​ភ្លឺ​ រួច​ត្រូវ​ទៅ​​​រៀន​​នៅ​ម៉ោង​៧​ដល់​ម៉ោង​៥ល្ងា​ច​ទៀត​។ ការងារ​ជា​អ្នក​ចាក់​​សាំងគឺ​ពុំ​ងាយ​ស្រួល​សម្រាប់ ​សុជាតិ​ ដើម្បី​មាន​ពេល​រៀន​សូត្រ និង​​គេង​​ឲ្យ​​បាន​គ្រប់​គ្រាន់​នោះ​ឡើយ​។ មិន​យូរប៉ុន្មាន សុជាតិ​ ត្រូវ​បាន​អ្នក​ធ្វើ​ការ​ជា​មួយ​​​ចាប់​អារម្មណ៏​ ក៏​ជួល​ឲ្យ ​សុជាតិ​ បង្រៀន​​ភាសា​អង់​គ្លេស​ដល់​គេ​ ដោយ​ក្នុង​​មួយ​​ខែ​​ទទួល​បាន​ប្រាក់​​ចំនួន​៣០ដុល្លារ។ ឃើញ​ឳកាស​ការងារ​បែប​នេះ ​សុជាតិ​ ក៏ឈប់​ធ្វើការ​​ជា​អ្នក​ចាក់​សាំង​ ហើយ​ដូរ​មក​ធ្វើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ​វិញ។
រឿងដែលមិនអាចបំភ្លេចបាន
ព្រឹត្តិ​ការណ៍​​មួយ​កាល​ពី​នៅ​រៀន​ថ្នាក់ ​ទី៨​ដែល​សុជាតិ ចង​ចាំ​​ពុំ​​ដែល​​​បំ​​​ភ្លេច​បាន​​គឺ គេ​បាន​​ឡើង​មក​​ទីក្រុង​​ភ្នំ​ពេញ​ដើម្បី​​ធ្វើ​ជា​កម្មករ​សំនង់​ពេល​​នោះ​ គេ​លីស៊ីម៉ង់​​១​បាវ​​ទម្ងន់​៥០​​គីឡូ​ក្រាម​​ ឡើង​ទៅ​ជាន់​ទី​៥ ​ដោយ​សារ​តែ​ភាព​​​ក្មេង​ខ្ចី​ កំ​លាំង​​​មិន​​​ដល់ បាន​​ធ្វើឲ្យគេ​ដួល​​សន្លប់​បាត់​ស្មារតី។ មួយ​ទៀត​នោះ​គឺ​សុជាតិ​ស្តាយ​កង់​ដែល​គេ​​ខំសន្សំ​ប្រាក់​ពេល​ដែល​គេ​នៅ​ ធ្វើ​សំនង់​នោះ​ត្រូវ​ចោរ​លួច​បាត់។ ក្រោយ​មក​​មាន​​បង​ធម៌​ដែល​រាប់​អាន​គ្នា​នៅ​ក្នុង​អង្កការ​ដែល​គេធ្លាប់​ ធ្វើ​ការ​ពី​មុន​ បាន​ទិញ​កង់​​ឲ្យ​គេ​មួយ​ដើម្បី​ជិះ​ទៅ​រៀន​ ទី​បំ​ផុត​កង់​នោះ​ក៍ត្រូវ​ចោរ​លួច​បាត់​ទៀត​។

ថ្ងៃអនាគត

ទៅ​ថ្ងៃអនាគត​សុជាតិ​មាន​បំនង​ចង់​ក្លាយ​ជា​បុគ្គ​លិក​សង្គម​កិច្ច​មួយ​ រូប និង​​ចង់​បន្តការ​សិក្សា​នៅ​ថ្នាក់​ក្រោយ​​ឧត្តម​​សិក្សា​​ផ្នែក​សង្គម​ កិច្ច​ ឬ​ភាសា​អង់គ្លេស​ រួច​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​តាម​សាកលវិទ្យា​ល័យ​ក្នុង​ទី​ក្រុង​ភ្នំពេញ។
សកម្ម​ភាព​ទាំង​នេះ​​បាន​ឆ្លុះ​បញ្ចាំង​ នូវ​ការ​តស៊ូ ដ៏​មុះ​មុត​ដើម្បី​ការ​សិក្សា និង​មើល​ឃើញ​នូវ​ភាព​ភ្លឺស្វាង​នៅ​ថ្ងៃ​អនាគត ទោះ​ខ្លួន​ជា​កូន​អ្នក​កសិករ​ស្ថិត​ក្នុង​ជី​វភាព​គ្រួសារ​ក្រីក្រ​ មិន​មាន​ប្រាក់​​ឧបត្ថម​ឲ្យ​កូនៗ​បាន​រៀន​នោះក៏ដោយ ក៏គេ​នៅតែ​តស៊ូ​ជំនះ​ ខំប្រឹង​រក​ប្រាក់​ចាយ​វាយ​ដោយ​ខ្លួន​ឯង​ មិន​ថា​នៅ​ស្រុក​កំណើត ឫនៅ​ទីក្រុង​ភ្នំពេញ​ដែល​រស់​នៅ​តែ​ម្នាក់​ឫ​ក៏ដោយ​។ ដូចនេះ​សិក្សា​នុសិស្ស និង​មិត្ត​យុវវ័យ​ទាំង​អស់ដែល​លង់​ខ្លួន​ក្នុង​ផ្លូវ​មិន​ល្អ ផ្លុវ​ដែល​សង្គម​ស្អប់​ខ្ពើម និង​​​ក្នុង​នាម​យើង​ជា​​​​បុគ្គល​ក្នុង​សង្គម​មួយ​រូប​ ទោះ​ជា​គ្រួសារ​មាន​ជីវភាព​​បែបនេះ​ក្តី​ ឫ​ល្អ​ប្រសើរ​ជាង​នេះ​ក្តី​ ត្រូវ​ភ្ញាក់​ខ្លួន​ឡើង​ខំប្រឹង​សិក្សា​រៀន​សូត្រ​​ដើម្បី​ភាព​ភ្លឺថ្លា​នៅ​ ថ្ងៃ​អនាគត មាន​តែ​ការ​សិក្សា​តែ​ប៉ុណ្ណោះ​ទើប​អាច​ជួយ​ចំឡង​អ្នក​ឲ្យ​រួច​ផុត​ពី​ភាព​ ក្រីក្រ​នេះ​បាន គ្មាន​ទេវតាឯ​ណា​មក​ប្រោះ​យើង​​ទាំង​យើង​មិន​បាន​ជួយ​ខ្លួន​ឯ​នោះ​ទេ៕(sabay)

Comments system

Disqus Shortname