Wednesday, May 23, 2012

អ្នក​ភូមិ​បុរី​កីឡា​​ជំរុញ​ឲ្យ​​សមត្ថកិច្ច​ដោះ​លែង​អ្នក​ភូមិ​បឹង​កក់​១៣​នាក់

ពលរដ្ឋ​ប្រមូល​សម្ភារៈ​បន្ទាប់​ពី​កម្លាំង​អាជ្ញាធរ​ចម្រុះ​រុះរើ​ផ្ទះ​របស់ ​គាត់ នា​ក្នុង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១២។
ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា និង​ពលរដ្ឋ​តំបន់​បឹង​កក់ ប្រមាណ​ជាង ១០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ រង់ចាំ​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២២ ឧសភា។






ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា​និង​បឹង​កក់ បាន​រួម​គ្នា​ជំរុញ​ឲ្យ​ស្នងការ​រាជធានី​ភ្នំពេញ ដោះលែង​ស្ត្រី​តំបន់​បឹង​កក់ ១៣​នាក់ ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ថា នឹង​បញ្ជូន​មក​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ស្ត្រី​មក​ពី​សហគមន៍​បុរី​កីឡា ឈ្មោះ ជុំ ង៉ាន ថ្លែង​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ឧសភា ថា ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា​ប្រមាណ ៥០​នាក់ មក​គាំទ្រ​និង​ចូលរួម​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​តំបន់​បឹង​កក់​ទាំង ១៣​នាក់​ដែល​ជា​ស្ត្រី​ទាំង​អស់​ឆាប់​បាន​វិល​មក​និង​មាន​សេរីភាព​វិញ៖ «ពួក​ខ្ញុំ​មក​គាំទ្រ​ពួកគាត់​ព្រោះ​ម្ដង​ពួកគាត់​ម្ដង​ពួក​ខ្ញុំ​ម្ដង​ចាប់ ​ដាក់​ស្នងការ​ម្ដង​ចាប់​ដាក់​ព្រៃ​ស្ពឺ​ដូច​តែ​គ្នា​ហ្នឹង។ ធ្វើ​ម៉េច​ឲ្យ​តុលាការ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​គ្រាន់​តែ​ការពារ​ សិទ្ធិ​លំនៅឋាន​សិទ្ធិ​រស់នៅ​ឲ្យ​សុខ​ស្រួល​ក៏​ចាប់​ពួកគាត់​ដែរ ហេតុ​អី​ក៏​អស់​លោក​សមត្ថកិច្ច​មក​ចាប់​គាត់​យ៉ាង​ហ្នឹង? ចាប់​ទៅ​ចោល​កូន​ចោល​ចៅ​វេទនា​យ៉ាង​ម៉េចៗ»
កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ព្រឹត្តិការណ៍​ដែល​អាជ្ញាធរ​រារាំង​អតីត​អ្នក​ភូមិ​១ នៃ​តំបន់​បឹង​កក់​ចំនួន ១៨​គ្រួសារ មិន​ឲ្យ​សង់​ទី​ជម្រក​វិញ​នៅ​លើ​ដី​ផ្ទះ​ចាស់​របស់​ពួក​គាត់​ដែល​ត្រូវ​បាន​ គេ​បូម​ខ្សាច់​ពន្លិច និង​វាយ​កម្ទេច​ដោយ​គ្មាន​សំណង កាល​ពី​ឆ្នាំ​២០១០។
ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ចំពោះ​ការ​ចាប់​ខ្លួន​ស្ត្រី​តំបន់​បឹង​កក់ ១៣​នាក់​នេះ​ទេ ដោយ​លោក​អះអាង​ថា​ជាប់​រវល់​ប្រជុំ។
អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា វិធានការ​របស់​សមត្ថកិច្ច​ចាប់​ខ្លួន​ពលរដ្ឋ​តំបន់​បឹង​កក់​លើក​នេះ ក្នុង​គោលដៅ​បំបាក់​ស្មារតី​កុំ​ឲ្យ​ប៉ះ​បោរ​តវ៉ា។ ការ​ចាប់​ខ្លួន​លើក​នេះ មាន​រូបភាព​និង​លក្ខណៈ​តឹងតែង​ជាង​សព្វ​ដង ត្រង់​ចំណុច​ចាប់​ខ្លួន​ពលរដ្ឋ​ច្រើន​នាក់ និង​មាន​ការ​រុញរា​ដោះលែង​ពលរដ្ឋ។
លោក អំ សំអាត៖ «ចាប់​ពី​ថ្ងៃ​ទី​១៨ រហូត​ទៅ​ដល់​ថ្ងៃ​ទី​១ គឺ​ជា​ថ្ងៃ​ឃោសនា​រក​សំឡេង​ឆ្នោត​អ៊ីចឹង​យើង​ឃើញ​ថា គណបក្ស​នយោបាយ​ដែល​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ហ្នឹង​គឺ​ព្យាយាម​ឃោសនា​រៀងៗ ​ខ្លួន​ដើម្បី​រក​សំឡេង​ឆ្នោត។ ប៉ុន្តែ​ចំពោះ​បញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ​តវ៉ា​នេះ យើង​មិន​បាន​ដោះស្រាយ​តាម​នីតិវិធី យើង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ក៏​វា​មាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដែរ​នៅ​ក្នុង ​ការ​ទាក់ទាញ​រក​សំឡេង​ឆ្នោត​នេះ​ផង​ដែរ»
ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​​មួយ​ចំនួន​កំពុង​តាម​ឃ្លាំ​មើល​ការ​ចាប់​ ខ្លួន​ក្រុម​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់ ដោយ​កងកម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នេះ។ ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​រំសាយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​រង់ចាំ​ ជា​ច្រើន​ម៉ោង​គេ​ពុំ​ឃើញ​ដោះលែង​ស្ត្រី​ទាំង ១៣​នាក់​នោះ។ ប៉ុន្តែ​ពួកគាត់​អះអាង​ថា នៅ​ថ្ងៃ​ទី​២៤ ឧសភា ពួកគេ​នឹង​មក​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជា​ថ្មី​ទៀត៕

Comments system

Disqus Shortname