Saturday, May 12, 2012

សួរិយា ស៊ូប៊ែឌី ស្វាគមន៍ចំណាត់ការ របស់រដ្ឋាភិបាលផ្អាក ផ្តល់ដីសម្បទាន សេដ្ឋកិច្ច

ភ្នំពេញៈ អ្នករាយការណ៍ពិសេសរបស់អង្គការសហ ប្រជាជាតិ ស្តីពីសិទ្ឋិមនុស្សប្រចាំនៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី បានសំដែងការស្វាគមន៍ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ផ្អាកជា បណ្តោះអាសន្នទៅលើការផ្តល់ដី សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន។
ការស្វាគមន៍បែបនេះបានធ្វើក្នុងដំណើរទស្សនកិច្ចរបស់លោកចំនួនមួយសបា្តហ៍ មកប្រទេសកម្ពុជា ដើម្បីពិនិត្យ ស្ថានភាព
និងវាយតម្លៃអំពីផលបះពាល់សិទ្ឋិដីសម្បទានសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី បានមានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ដែលជាថ្ងៃចុង បញ្ចប់ នៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំសូមអះអាងសារជាថ្មី ចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំថា ការអភិវឌ្ឍន៍ដីធ្លី និងធនធានធម្មជាតិ របស់ប្រទេសកម្ពុជា អាចមានវិជ្ជមាន ប្រសិន បើត្រូវបានធ្វើឡើង តាមលក្ខណៈមួយប្រកបដោយនិរន្តភាព និងសមធម៌»។
កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្អាកជាបណ្តោះអាសន្ន ចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនដោយសម្តេចសំអាងថា ក្រុម ហ៊ុនមួយចំនួន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលហើយ ពុំបានធ្វើឲ្យស្របទៅតាមលក្ខខណ្ឌ និងបទបញ្ជារបស់រដ្ឋាភិបាល ហើយក្រុមហ៊ុនខ្លះបានរំលោភលើកិច្ចសន្យា ព្រមទាំងរំកិលយកដីរបស់រដ្ឋ និង របស់ប្រជាពលរដ្ឋថែមទៀតផង។
ចំណាត់ការរបស់រដ្ឋាភិបាលបែបនេះ បានធ្វើឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្វាគមន៍ ដោយលោកបានមានប្រសាសន៍ថា វាជាចំណាត់ការដ៏ល្អសម្រាប់រាជរដ្ឋាភិបាល ដើម្បីឈានទៅរកទិសដៅត្រឹមត្រូវ ប៉ុន្តែលោក ក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យពិនិត្យឡើងវិញផងដែរ ចំពោះក្រុមហ៊ុនណា ដែលបានទទួលអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលរួចទៅហើយនោះ ដើម្បីបញ្ចៀសចំពោះក្រុមហ៊ុនដែលរំលោភកិច្ចសន្យា និង ក្រុមហ៊ុនមួយចំនួនទៀតធ្វើអ្វី ដែលលើសពីលក្ខណរបស់ពួកគេហើយប៉ះពាល់ដល់អចលនទ្រព្យរបស់ប្រជាពល រដ្ឋ ក៏ដូចជារដ្ឋផងដែរ ជាពិសេសដីរបស់បងប្អូនជនជាតិដើមភាគតិច ដែលជាដីប្រពៃណី របស់គាត់សម្រាប់កប់ ខ្មោចជាដើម។
ក្នុងដំណើទស្សនកិច្ចរបស់លោកសូរិយា ប្រាសាទ ស៊ូប៊ែឌី ចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែឧស ភា ឆ្នាំ២០១២ លោកបានជួបមន្ត្រីរដ្ឋាភិបាលមួយចំនួនដូចជា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូប នីយកម្ម និង សំណង់ មន្រ្តីអង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមសហគមន៍នានា ដែលទទួលរងផលប៉ះពាល់ ដោយ សារដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលជាដើម៕
Photo by DAP-NEWS

Comments system

Disqus Shortname