Sunday, August 26, 2012

អង្គការ​មិត្តសម្លាញ់​ច្នៃ​បដា​អ៊ីហ្ស៊ីខមជា​រ៉ូប និង​វត្ថុផ្សេងៗ

120824_21
ឈុត​រ៉ូប និង​វត្ថុ​ប្រើប្រាស់នានា ដែលកែ​ច្នៃ​ពីបដា​ក្រុមហ៊ុន​អីុហ្ស៊ីខម​។ រូបថត ឈឹម ស្រីនាង
ភ្នំពេញ : ក្រុម ​ហ៊ុន​អ៊ីន​ធឺណិត​អ៊ីហ្ស៊ីខម (Ezecom) បាន​សហការ​ជាមួយនឹ​ង​អង្គការ​មិត្តសម្លាញ់ ដើម្បី​កែច្នៃ​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចាស់ៗ​របស់​ក្រុមហ៊ុន​របស់​ ខ្លួន​ឲ្យទៅជា​កាបូប​យួរ កាបូបដៃ​របស់​ស្រ្តី និង​វត្តុអនុស្សាវរីយ៍​ជាច្រើន​ទៀត​។
កាលពី​ព្រឹកថ្ងៃទី​២៣ សីហា ម្សិលមិញនេះ អ៊ីហ្ស៊ីខម​ក៏បាន​បើក​ពិព័រណ៍​សម្លៀក​បំពាក់ និង​វត្ថុ​ប្រើប្រាស់​ជាច្រើន​ដែល​ធ្វើ​អំពី​សម្ភារ​កែច្នៃ​ឡើងវិញ នៅ​បរិវេណ​E-cafe នៃ​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​។
កញ្ញា អ៊ីនហ្គ៍ អូលដ៍ រីកឃើត (Inge Olde Rikkert) ប្រធាន​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម​បានឲ្យដឹង​ថា៖ «ពិព័រណ៍នេះ​មាន​គោល​បំណង​ពីរយ៉ាង គឺយើង​ចង់បង្ហាញ​ពី​សមិទ្ធផល​ការងារ​ដ៏អស្ចារ្យ​របស់​អង្គការ​មិត្តសម្លាញ់ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​ពួកគេ​។ ម្យ៉ាង​គឺ​បង្ហាញ​សាធារណជន​ថា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ជាច្រើន​រួមទំាង​ក្រុមហ៊ុន​របស់​យើង​ផងដែរ​មាន​ការយកចិត្ត​ទុកដាក់​អំពី​ បរិស្ថាន និង​ការអនុវត្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន»។
កញ្ញាបាន​ បន្តទៀត​ថា ក្រុមហ៊ុន​បាន​ប្រមូល​បដា​ផ្សព្វផ្សាយ​ចាស់​របស់​អ៊ឹហ្ស៊ីខម​ដែលប្រើរួច ហើយ​ប្រគល់​ឲ្យទៅ​អង្គការ​មិត្ត​សម្លាញ់ ដើម្បី​យកទៅ​កែច្នៃ​ជាវត្តុ​ប្រើប្រាស់​ផ្សេងៗ​ បន្ទាប់ពី​ច្នៃ​រួច​ក្រុមហ៊ុន​នឹង​ទិញ​របស់​ទំាងនោះ​ទុក​ធ្វើជា​កាដូ​ អនុស្សាវរីយ៍​ជូនទៅ​អតិថិជន​របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម។
ក្នុងនោះ​ ផងដែរ លោក ជេមស៍ ស៊ូធឺលេន (James Sutherland)ប្រធាន​ផ្នែក​ទំនាក់​ទំនង​អង្គការ​មិត្តសម្លាញ់​ក៏បាន​ឲ្យដឹង​ ថា៖ «នៅក្នុង​អង្គការ​យើងខ្ញុំ​ផលិតផល​ភាគច្រើន​គឺ​ផលិត​ចេញពី​សម្ភារ​ដែល​លែង​ ប្រើការហើយ យើង​គិតថា ការបង្កើត​ឲ្យ​មាន​ផលិត​ផល​ និង​សម្លៀក​បំពាក់​ច្នៃ​នេះ​ឡើង ​គឺ​ជាវិធីសាស្រ្ត​ដ៏ល្អ​ក្នុងការបង្ហាញ​អំពី​អត្ថប្រយោជន៍​នៃ​ការមិន​ ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ព្រមទំាង​ស្នាដៃ​ប្រកប​ដោយ​ទេពកោសល្យ​របស់​ សិស្ស​ និង​គ្រូ​នៅក្នុង​អង្គការ​មិត្តសម្លាញ់»។
ពិព័រណ៍​ដែល​បាន​ ដាក់តាំង​ដូចជា​សម្លៀកបំពាក់ និង​សម្ភារ​ទាំងនោះ​គឺ​ច្នៃម៉ូដ​ដោយ​សិស្ស​សាលា​ដែល​បាន​បញ្ចប់​ការសិក្សា​ នៅ​ក្នុង​អង្គការ​មិត្ត​សម្លាញ់ រី​ឯ​គ្រឿង​ប្រើប្រាស់​ដ​ទៃ​ទៀត​គឺ​ផលិត​ដោយ​ឪពុក​ម្តាយ​របស់​សិស្ស​ដែល​ ស្ថិត​នៅ​ក្នុង​គម្រោង​បង្កើត​ប្រាក់​ចំណូល​គ្រួសារ​របស់​អង្គ​ការ​នេះ​ផង​ ដែរ​។​
ពិ​ធី​កា​រីនី​ទូរ​ទស្សន៏​ស៊ី​ធី​អិន និង​ជាអតីត​តារា​បង្ហាញ​ម៉ូដ​ឈ្មោះ​លីតា ដែល​បាន​ដើរ​ម៉ូដ​សម្លៀក​បំពាក់​នេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍ថា​៖ «នេះ​ជាលើកទីមួ​យ​ហើយ​ដែល​ខ្ញុំ​បាន​ស្លៀកសម្លៀក​បំពាក់​ប្លែក​បែប​នេះ​ដែល​ ធ្វើ​ពី​ក្រណាត់​PVC។ វាប្លែក​បន្តិច ប៉ុន្តែ​ខ្ញុំគិតថា​វាជា​គំនិត​ដ៏​អស្ចារ្យ​ក្នុង​ការច្នៃ​សម្ភារ​ដែល​ ប្រើរួច មិន​ថា​ជា​សម្ភារ​អ្វី​ទេ»។
ការបង្ហាញម៉ូដ​ឈុត​រ៉ូប​ កែច្នៃនេះ​គឺ​ជា​លើក​ទីពីរ​ហើយ​ដែល​ក្រុម​ហ៊ុន​អ៊ីហ្ស៊ីខម​បាន​រួមសហការ​ជា​ មួយ​អង្គការ​មិត្ត​សម្លាញ់។ ក្រុមហ៊ុននេះ​ក៏​កំពុង​តែផ្តល់​សេវាអ៊ីនធឺណិតឥតគិតថ្លៃ​ដល់​សិស្ស​នៅ​ក្នុង​ អង្គការ​ផងដែរ។
ការទស្សនា​ម៉ូដ​សម្លៀក​បំពាក់ និង​ផលិតផល​ដទៃទៀត​ដែល​បង្កើត​ដោយ​សិស្ស​របស់​អង្គការ​មិត្តសម្លាញ់​អាច​ ធ្វើ​ទៅ​បាន​នៅ E-cafe​ របស់​ក្រុមហ៊ុន​អ៊ីហ្ស៊ីខម​ នៅតាម​បណ្តោយផ្លូវ​ព្រះសីហនុ​ ដែល​ពិព័រណ៍​នេះ​នឹងតាំង​បង្ហាញ​រយៈ​ពេល​១​ខែ​ពេញ៕

Comments system

Disqus Shortname