ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូម្នាក់ឯង ហើយត្រូវបានរថយន្ដក្រឡុកស៊ីម៉ង់ដែលបើកបញ្ច្រាសទិសគ្នាបុកនិងកិនបែក្បាលភ្លាមៗនៅកន្លែងកើតរហេតុ ហើយរថយន្ដបើករត់គេចបាត់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅលើបណ្ដោយផ្លូវលេខ៥៩៨ (ផ្លូវទំនប់) ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ជនរងគ្រោះមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ មានអាយុជាង២០ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ សក់លាបពណ៌ក្រហម ពាក់អាវក្រឡាការូពណ៌ស ស្លៀកខោខ្មៅជើងខ្លីត្រឹមក្បាលជង្គង់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០០៧ ពាក់ស្លាកលេខ ភ្នំពេញ ១ៅឈ១១១៥ ។ ចំណែករថយន្ដបង្កជាប្រភេទរថយន្ដក្រឡុកស៊ីម៉ង់ពណ៌ស ពាក់ស្លាលេខ 5A-0459 ។
តាមប្រភពព័ត៌មានពីនគរបាលបាននិយាយឱ្យដឹងថា មុនពេលកើតហេតុម៉ូតូជនរងគ្រោះបើកបរតាមបណ្ដោយផ្លូវ៥៩៨ពីជើងមកត្បូង លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្ដបង្កបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីត្បូងមកជើង បុកនិងកិនបណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោមពេលបង្កហេតុរថយន្ដបង្កបានបើកគេចខ្លួនតាមផ្លូវផ្សារមាន់អាំងបាត់ស្រមោល ។
បើសិនមានបងប្អូនណាបាត់សមាជិកក្រុមគ្រួសារមានភិនភាគដូចជនរងគ្រោះខាងលើ សូមទាក់ទងនគរបាលចរាចររាជធានីភ្នំពេញ៕