Tuesday, August 21, 2012

អ្នក​បុរី​កីឡា​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ចោទ​របស់​អ្នកស្រី ស៊ុយ សុផាន

អ្នកស្រី ទឹម សាក់មុន្នី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ពី​ការ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​របស់​​អ្នកស្រី ស៊ុយ សុផាន ថា​មិន​អាច​ទទួល​បាន​ទេ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២។
















អតីត​អ្នក​ភូមិ​បុរី​កីឡា ដែល​នៅ​សេស​សល់​ក្រាញ​ននៀល​មិន​ចាក​ចេញ​ជាង​១០០​គ្រួសារ​ពី​ទីតាំង​ចាស់ បាន​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី​ជា​ច្រើន​លើក​ ច្រើន​សារ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​រួម​ទាំង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា​ផង គិត​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​មាន​ដំណោះ​ស្រាយ។
ដោយ ម៉ម មុនីរតន៍
2012-08-18
​វិទ្យុ​អាស៊ីសេរី
អ្នកស្រី ទឹម សាក់មុន្នី ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ពី​ការ​ចោទ​ប្រកាន់​មក​លើ​ពលរដ្ឋ​របស់​​ អ្នកស្រី ស៊ុយ សុផាន ថា​មិន​អាច​ទទួល​បាន​ទេ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១២។
RFA/Morm Moniroth
ក្រុម​អ្នក​ភូមិ​បាន​បើក​ការ​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត ដោយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Emix) របស់​អ្នកស្រី ស៊ុយ សុផាន ពន្លឿន​ការ​ដោះស្រាយ​នៅ​អាគារ​២​បន្ថែម​ទៀត ដែល​ពួក​គេ​អះអាង​ថា ខាង​ក្រុមហ៊ុន​នៅ​ជំពាក់​មិន​អនុវត្ត​តាម​កិច្ចសន្យា​របស់​ខ្លួន​នៅ​ឡើយ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ អ្នក​ភូមិ​បង្ហាញ​ប្រតិកម្ម​ប្រឆាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី ស៊ុយ សុផាន ចំពោះ​អ្នក​ភូមិ​ថា គឺ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​បាន​នោះ​ទេ។
ពលរដ្ឋ​បុរី​កីឡា​ដែល​បន្ត​ក្រាញ​ននៀល​មិន​ចាក​ចេញ បាន​ហៅ​ការ​ថ្លែង​របស់​ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច គឺ​អ្នកស្រី ស៊ុយ សុផាន ថា​គឺ​ជា​រឿង​មួលបង្កាច់ និង​ខុស​ពី​ការ​ពិត។
អ្នកស្រី ទឹម សាក់មុនី្ន ដែល​បាន​ចូល​រួម​តវ៉ា​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ថ្លែង​ថា ក្រុមហ៊ុន ផាន អ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ពុំ​បាន​សង់​អាគារ​ឲ្យ​គ្រប់​ចំនួន​១០​ល្វែង ដូច​ដែល​មាន​នៅ​ក្នុង​កិច្ចសន្យា​នោះ​ទេ។ អ្នកស្រី​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ ម្ចាស់​វិនិយោគ​របស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច រក​ឃើញ​ថា ពលរដ្ឋ​មាន​កំហុស ហើយ​ចាត់​ទុក​ពួក​គេ​ដែល​នៅ​សេស​សល់​ទាំង​នេះ​ថា ព្យាយាម​បំប៉ោង​ទិន្នន័យ ដើម្បី​ទទួល​បាន​ផ្ទះ​ល្វែង​បន្ថែម​ទៀត។
អ្នកស្រី​ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី ស៊ុយ សុផាន នេះ​ថា គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន និង​ខុស​ពី​ការ​ពិត៖ «កាល ​ពី​ថ្ងៃ​ទី​១០ ក្នុង​ខែ​សីហា នេះ​ឯង គាត់​និយាយ​ថា​គាត់​មិន​មាន​លុយ​ឯណា​ទៅ​សង់​ឲ្យ​អ្នក​បុរី​កីឡា​ទេ ទោះ​ជា​មាន​លុយ​សង​ឲ្យ​ដល់​១០០​អាគារ ក៏​មិន​គ្រប់​ផង ពួក​អ្នក​បុរី​កីឡា​នេះ សង់​ឲ្យ​មិន​គ្រប់​ទេ។ ក៏​ប៉ុន្តែ​ពួក​យើង​ខ្ញុំ​សូម​ជម្រាប​ទៅ​គាត់​វិញ​ថា មិន​បាច់​លោកស្រី ស៊ុយ សុផាន និយាយ​ថា​សង់​១០០​អាគារ ១.០០០​អាគារ​ទេ សូម​ឲ្យ​គាត់​គោរព​កិច្ចសន្យា​សង់​តែ​១០​អាគារ​ឲ្យ​ពួក​យើង​ខ្ញុំ​ឲ្យ​គ្រប់ ​១០​អាគារ​មក ហើយ​ឲ្យ​គាត់​អ៊ីចឹង ចេញ​ទៅ​មិន​បាច់​នៅ​ទី​ហ្នឹង ពួក​ខ្ញុំ​អត់​ចង់​បាន​កេរ្តិ៍​ពី​ក្រុមហ៊ុន ផាន អ៊ីម៉ិច ហ្នឹង​ទេ»
ព្រឹត្តិការណ៍​នៃ​ការ​តវ៉ា​នៅ​ក្នុង​បរិវេណ​បុរី​កីឡា រាជធានី​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ក្រុម​អ្នក​តវ៉ា​បាន​អុជ​ធូប​បន់​ស្រន់ ដោយ​មាន​ផ្កា​ឈូក​នៅ​ក្នុង​ដៃ និង​ដាក់​បណ្ដាសា ខណៈ​ក្រុម​ក្មេងៗ​ដែល​មាន​អាយុ​ជាង​១០​ឆ្នាំ​ឡើង ស្រែក​ទួញ​យំ និង​ននៀល​លើ​ដី​ដោយ​អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ក្នុង​ ការ​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់៖ «លោក​ តា​សាក់​ប្រាំ យាយ​ទេព​រក្សា​ទឹក​ដី​ទួល​បុរី ដែល​ហៅ​ថា បុរី​កីឡា​នេះ​ក៏​សូម​ជួយ​ដឹង ជួយ​ឭ​យើង​ខ្ញុំ។ សន្និសីទ​កាសែត​ថ្ងៃ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​អ្នកស្រី ស៊ុយ សុផាន គាត់​បាន​ឆ្លើយ​បំភ្លឺ​ថា ពួក​ខ្ញុំ​នេះ​បាន​ផ្ទះ​ហើយ​លក់​វិញ​ក្រ​ពេក។ គាត់​និយាយ​មួយ​មាត់​នេះ មើល​ងាយ​ធ្ងន់​ណាស់។ ពួក​ខ្ញុំ​ក្រ​ពិត​មែន អត់​បាន​ទៅ​សុំ​បាយ​អ្នកស្រី ស៊ុយ សុផាន ស៊ី​ទេ​បាទ មិន​ទៅ​ប្លន់​ទ្រព្យ​សម្បត្តិ​អ្នកស្រី ស៊ុយ សុផាន ទេ»
ពលរដ្ឋ​នៅ​ក្នុង​បុរី​កីឡា នៅ​តែ​បន្ត​ទាម​ទារ​សូម​ឲ្យ​ប្រមុខ​រដ្ឋាភិបាល និង​ម្ចាស់​វិនិយោគ​ក្រុមហ៊ុន ផាន អ៊ីម៉ិច ពន្លឿន​ដោះ​ស្រាយ​ដោយ​សង់​អាគារ​២​បន្ថែម​ទៀត។
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​បញ្ហា​នេះ​ពី​ម្ចាស់​ក្រុមហ៊ុន ផាន អ៊ីម៉ិច នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ដោយ​អ្នក​ទទួល​ទូរស័ព្ទ​ជំនួស​អះអាង​ថា អ្នកស្រី ស៊ុយ សុផាន មាន​ភារកិច្ច​ទៅ​ក្រៅ​ប្រទេស។
លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក​មាន​ប្រសាសន៍​ថា ដើម្បី​បញ្ចប់​បញ្ហា​នេះ គូរ​ជម្លោះ​និង​ភាគី​ដែល​ពាក់ព័ន្ធ គួរ​បើក​កិច្ច​ចរចា ជា​ជាង​ការ​ប្រើប្រាស់​ហិង្សា​ក្នុង​ការ​បញ្ចប់​ជម្លោះ៖ «គាត់​ពិត​ជា​ មាន​ឆន្ទៈ​ល្អ ស្រលាញ់​ពលរដ្ឋ ស្រលាញ់​ប្រទេស​ជាតិ។ ខ្ញុំ​ជឿ​ថា អត់​មាន​អី​ត្រូវ​ពិបាក​ទេ ថា​តើ​រាល់​ថ្ងៃ​ហ្នឹង ភាគី​ទាំង​ពីរ​កំពុង​តែ​ឈ្លោះ​គ្នា​រឿង​អី កំណត់​បញ្ហា​ហ្នឹង​ឲ្យ​បាន​ច្បាស់​មក កុំ​ឲ្យ​បែរ​ខ្នង​ដាក់​គ្នា ហើយ​គិត​តែ​ពី​ជះ​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក»
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​វិវាទ​ដីធ្លី​ក្នុង​រាជធានី​ ភ្នំពេញ កត់​សម្គាល់​ថា ឆមាស​ទី​១​ឆ្នាំ​២០១២ ការ​បណ្ដេញ​ចេញ និង​ហិង្សា​ផ្នែក​ដីធ្លី មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ទៅ​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១១។ តួលេខ​នេះ​មាន​រហូត​ដល់​២.០៨៤​គ្រួសារ។ ក៏​ប៉ុន្តែ ក្រុម​អង្គការ​នេះ​រក​ឃើញ​ថា បើ​ទោះ​ជា​តួលេខ​បាន​ប្រសើរ​បន្តិច​ក៏​ពិត​មែន​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន និង​ហិង្សា​លើ​ផ្នែក​នេះ នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ ក្នុង​បណ្ដា​ខេត្ត-ក្រុង​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា៕

Comments system

Disqus Shortname