Sunday, August 19, 2012

បុរស​ម្នាក់​ទៀត​ផ្ទុះ​​មីន​រង​របួស​ក្នុង​ថ្ងៃ​បន្ត​បន្ទាប់​​នៅ​ខេត្ត​ប៉ៃលិន​


ខេត្ត​ប៉ៃលិន ៖ ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​បុរស​ជា​កសិ​ករ​នៅក្នុង​ខេត្តប៉ៃលិន ​បាន​ទទួល​រង​របួស​​ដោយ​សារ​គ្រាប់​​មីន​សេស​សល់​ក្នុងដី​ចម្ការ​​​ផ្ទុះ​ត្រូវ​​ក្នុង​ថ្ងៃ​បន្តបន្ទាប់ ខណៈ​​ដែល​គាត់​នាំ​ប្រពន្ធ និង​​ប្អូន​៤​នាក់​ទៅ​កាប់​ព្រៃ​នៅ​ទី​នោះ ដោយ​បុរសរង​គ្រោះ​​បា​ន​របូតដៃ​​​ធ្លាក់​​កាំបិត​ខ្វែវ​ទៅលើ​មីន​ស្គរ ផ្ទុះ​ខ្ទាត​អំបែង​​ត្រូវ​របួស​​មួយ​កំណាត់​​​ខ្លួន​ផ្នែក​ខាង​មុខ​ឡើង​លើ ។ ​ហេតុការណ៍​ផ្ទុះ​​មីន​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​​១៨ សីហា ២០១២ ​ស្ថិតនៅ​ចម្ការ​​ក្នុង​ភូមិ​អូរ​រអិល ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ​ ។ ជន​រងគ្រោះ​​ឈ្មោះ​​ស្រែង ម៉ុន ​ភេទប្រុស អាយុ​​៣៥​ឆ្នាំ ​ជា​កសិ​ករ​​រស់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។
ប្រភព​ព័ត៌​មាន​​ពី​ប្រពន្ធ​​ជន​រងគ្រោះ​ឈ្មោះ​​តុង ណាំ អាយុ​៤៧​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ដោយ​ខ្វះ​ដី​ដាំ​ដំណាំ​​បន្ត ទើប​នៅ​មុន​ថ្ងៃ​កើតហេតុ​ប្អូន​​ប្រុស​ម្នាក់​របស់​គាត់​​បាន​ទៅ​សុំ​ឱ្យ​ពួក​គាត់​មក​ជួយ​​កាប់​ព្រៃ​ក្នុង​ចម្ការ ។ ហើយ​​ដោយ​ឃើញ​ប្អូន​រក​ឈ្នួល​មិន​​បាន និង​ចង់​ជួយ​កាប់​​ឱ្យ​ប្អូន​ផង ទើ​ប​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​៧​ព្រឹក​ទាំង២នាក់ប្តីប្រពន្ធ និងបង​ប្អូន៤នាក់​ទៀត​បាននាំគ្នាទៅ​ជួយកាប់​ព្រៃនៅក្នុង​ចម្ការរបស់​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ចក់ អាយុ៤១ឆ្នាំ ដែល​បាន​ទិញតពី​គេកាលពីយូរ​មកហើយ។ ប្រភពបន្តទៀតថា ពួកគាត់​ឈរ​កាប់ព្រៃនៅ​ក្បែរៗគ្នា​ចម្ងាយ​ប្រហែលជា​៥ម៉ែត្រ​ពីប្តីរបស់​គាត់ លុះ​កាប់​បាន​ប្រហែល​ជាង១ម៉ោង ស្រាប់តែ​ប្តីរបស់​គាត់​របូតដៃ​ធ្លាក់កាំបិ​ត​ខ្វែវទៅ​ខាងមុខ ធ្វើ​ឱ្យ​ចុងរបស់វា​ប៉ះចំគ្រាប់មីន បណ្តាលឱ្យ​ផ្ទុះលាន់​ឮ​យ៉ាង​ខ្លាំង ។ គ្រាន់តែ​ឮសូរផ្ទុះ​ដូច្នេះភ្លាម​ប្អូនទាំង​៤នាក់​របស់គាត់​ដែល​កំពុងតែឈរ​កាប់ ក៏បាន​ទម្លាក់​កាំបិត​ចោល រួច​នាំគ្នារត់ទៅ​មើលឃើញ​​ប្តីរបស់គាត់​កំពុងតែឈរ​ភាំងស្មារតី ដោយ​រង​របួស​ទ្រូង និង​មុខ​ចាប់ពី​ពាក់​កណ្តាល​ខ្លួន​ឡើង​ទៅ​លើ។

Comments system

Disqus Shortname