Tuesday, August 21, 2012

រថយន្ដ​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​រង​របួស​បាក់ជើង​មនុស្ស​២​នាក់​

ភ្នំពេញ ​ ៖​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ដ​មួយ​គ្រឿង​បើក​បុក ​ម៉ូតូ​ជន​រង​គ្រោះ​ពេញ​ ទំហឹង​បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​បាក់ជើង​ទាំង​២​នាក់​ ហើយ​ត្រូវ​បាន​គេ​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​កាលពី​វេលា​ម៉ោង​ ៦​និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ផ្លូវ​លេខ​១០១៩​ ភ្នំពេញ​ហាណូយ​ ខាងត្បូង​ផ្លូវ​រថភ្លើង​ ក្នុងភូមិ​រោងចក្រ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​
​រថយន្ដ ​បង្កហេតុ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-6341​ បើកបរ​ដោយ​ឈ្មោះ​ អ៊ុ​ង​ ធា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជានា​យក​ក្រុមហ៊ុន​ស៊ីជី​ ស្នាក់​នៅ​ភូមិ​ត្រ​ញំ​ង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ រីឯ​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ ។​ ជន​រង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ​ ស៊ិ​ន​ វុ​ធ​ អាយុ​២៦​ឆ្នាំ​ ជា​កម្មករ​សំណង់​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រង​របួស​បាក់ជើង​ខាងឆ្វេង​ និង​ម្នាក់​ទៀត​បាក់ជើង​ទាំង​សងខាង​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​ ។​
​មុន​ ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ដ​បង្កហេតុ​ខាងលើ​បើក​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ​ពី​ ត្បូង​មក​ជើង​ ចំណែក​ម៉ូតូ​បើកបរ​ពី​ទិស​ខាងជើង​មក​ត្បូង​បញ្ច្រាសទិស​គ្នា​ ។​ លុះដល់​ចំណុច​កើតហេតុ​ រថយន្ដ​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២ ​នាក់​ ។​ 
​បច្ចុប្បន្ន​រថយន្ដ​បង្កហេតុ​និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​ បាន​នគរបាល​ចរាចរ​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕

Comments system

Disqus Shortname