ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីស៊េរី ៩៥
ពណ៌សម្បកឪឡឹកមួយគ្រឿងបើកដោយបុរស៣នាក់
ចេញពីផឹកសីុស្រវឹងធ្លាក់ភ្នែកក្នុងល្បឿនលឿន
ក៏ហោះចូលប្រឡាយក្បែរផ្លូវក្រឡាប់ផ្ងារជើងឡើងលើ
តែមិនបង្កឱ្យមនុស្សគ្រោះថ្នាក់ឡើយ ។
ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ១៦៩
ចំណុចភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបុរី
វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ សីហា ។
លោកហ៊ីង ហាន
នាយផ្នែកចរាចរណ៍ស្រុកមង្គលបូរី ឱ្យដឹងថា
នៅពេលទទួលព័ត៌មានពីប៉ូលិសប៉ុស្តិ៍ឃុំអូរប្រាសាទ
ប៉ូលិសជំនាញបានចុះទៅពិនិត្យឃើញតែរថយន្តធ្លាក់
ក្នុងទឹកប្រឡាយផ្ងារជើងទ្រមេឃ
តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។
រថយន្តខាងលើម៉ាកកាមរីចង្កូតឆ្វេង សេ៊រី១៩៩៥
ពណ៌សម្បកឪឡឹក បើកបរដោយបុរសម្នាក់ឈ្មោះតូច ថា
អាយុ២៨ឆ្នាំ រស់នៅភូមិប្រឡាយចារ ឃុំចមណោម
ស្រុកមង្គលបូរី និងមានបុរស២នាក់ទៀតរួមដំណើរជាមួយ
។ លោកហ៊ីង ហាន បានបន្តថា តាមសម្តីម្ចាស់រថយន្ត
បានប្រាប់ថា មុនពេលកើតហេតុ
គេជិះរថយន្តមានគ្នា៣នាក់ចេញពីផឹកស៊ីបំណងត្រឡប់
ទៅផ្ទះវិញ ខណៈមេឃកំពុងធ្លាក់ភ្លៀង
ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់
ខាងឆ្វេងក៏រេចង្កូតរអិលធ្លាក់ចូលប្រឡាយក្រឡាប់
ផ្ងារជើងទ្រមេឃតែម្តង ។
លោកហ៊ីង ហាន បញ្ជាក់ថា
ក្រោយពេលវាស់វែងរួចសមត្ថកិច្ចស្ទូចរថយន្តយក
ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក
ដើម្បីដោះស្រាយ
ព្រោះអ្នកបើកបរមានជាតិស្រវឹង
និងបើកបរក្នុងល្បឿនលឿនខុសច្បាប់ចរាចរណ៍ ៕