ខេត្តកណ្តាល ៖
អ្នករស់នៅតាមមាត់ទន្លេនៅភូមិកណ្តាលកោះតូចនិងចុងកោះតូច
ឃុំតាលន់ ស្រុកស្អាង
ចំនួន៣០គ្រួសារបានបង្ខំចិត្តរុះរើលំនៅឋានចាកចេញពីទីតាំងចាស់
ដែលធ្លាប់រស់នៅ ខណៈដែលច្រាំងទន្លេបាសាក់
បានបន្តបាក់ស្រុតជិតដល់លំនៅឋាន ។ទន្ទឹមនោះដែរ
ផ្លូវជាតិលេខ១១០ត្រើយខាងកើតទន្លេបាសាក់ ក្នុងភូមិកណ្តាលកោះតូច
ក៏ត្រូវច្រាំងទន្លេបាក់មកជិតដល់
និងប្រឈមនឹងការបាក់ធ្លាក់ចូលក្នុងទន្លេផងដែរ
ខណៈពេលទឹកទន្លេបាសាក់បានជន់ឡើងខ្លាំងជាលំដាប់ចាប់តាំងពីដើមខែ
សីហាមក ។ ទោះជាយ៉ាងណា
មិនទាន់មានផ្ទះប្រជាពលរដ្ឋណាមួយធ្លាក់ចូលទៅក្នុងទន្លេដោយ
សារការបាក់ច្រាំងនេះទេ ។
ប្រជាពលរដ្ឋនិយាយថា
ច្រាំងទន្លេបានបាក់ជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ
តែការបាក់ស្រុតនេះមិនទាន់បាក់ដល់លំនៅឋានរបស់គាត់នៅឡើយទេ
ពោលគឺបាក់ស្រុតដល់តែដីចំការប៉ុណ្ណោះ ។
រយៈពេល៥ឆ្នាំចុងក្រោយនេះច្រាំងទន្លេបានបាក់ខ្លាំង
ហើយប្រជាពលរដ្ឋបានបង្ខំចិត្តរុះរើផ្ទះសម្បែងចេញនិងរំកិលខិត
ជាបន្តបន្ទាប់ ។ ទើបតែមកដល់ដើមខែសីហា
ឆ្នាំ២០១២នេះច្រាំងទន្លេបានបន្តបាក់ស្រុតយ៉ាងខ្លាំងដល់ជិត
លំនៅឋានរបស់ពួកគាត់
ធ្វើឱ្យពួកគាត់មានការភិតភ័យបង្ខំចិត្តរុះរើលំនៅឋាន
ចេញពីទីតាំងដែលធ្លាប់រស់នៅនោះទៅសង់នៅកន្លែងផ្សេងវិញ ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា
មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ
គឺដោយសារតែច្រាំងទន្លេត្រើយខាងលិចក្នុងឃុំកោះខ្សាច់ទន្លា
បានដុះដីលយចូលមកក្នុងទន្លេជាហេតុធ្វើឱ្យចរន្តទឹកហូរបុកមកចំចំណុច
ដែលបាក់ច្រាំងនេះរួមផ្សំនឹងទឹករលកបោកបក់មកចំផងទើប
មានការបាក់ស្រុតខ្លាំងបែបនេះ។ ទន្ទឹមនឹងនេះដែរ ផ្លូវជាតិលេខ១១០
ត្រើយខាងកើតទន្លេបាសាក់
ស្ថិតក្នុងភូមិកណ្តាលកោះតូចប្រវែងជាង២០០ម៉ែត្រគឺច្រាំងទន្លេ
បាក់មកជិតដល់ដែលកំពុងប្រឈមនឹងការរអិលបាក់ស្រុតចូលក្នុងទន្លេផងដែរ ។
បន្ទាប់ពីមានការបាក់ស្រុតច្រាំងទន្លេបណ្តាល
ឱ្យដីលំនៅឋានប្រជាពលរដ្ឋស្រុតចូលទន្លេនេះដែរ
ខាងអាជ្ញាធរនិងគណៈពង្រឹងមូលដ្ឋានបានចុះទៅធ្វើការពិនិត្យពីផលប៉ះពាល់
។ លោកខឹម ច័ន្ទគិរី អភិបាលស្រុកស្អាង
ដែលបានទៅដល់លំនៅឋានទាំងនោះកាលពីថ្ងៃទី៧ ខែសីហា បានឱ្យដឹងថា
ផ្ទះប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់មានចំនួន៣០ខ្នង
ហើយផ្ទះចំនួន១៧ខ្នង
ដែលប្រជាពលរដ្ឋសាងសង់នៅខាងលិចតាមបណ្តោយផ្លូវជាតិលេខ១១០
ជាប់នឹងដងទន្លបាសាក់ ស្ថិតក្នុងភូមិកណ្តាលកោះតូច ឃុំតាលន់
ស្រុកស្អាងត្រូវបានរើរុះយ៉ាងប្រញាប់ជាបន្តបន្ទាប់ ។
លោកអភិបាលស្រុកស្អាងបានបន្តថា
ក្រោយពេលលោកចុះទៅសិក្សាពីការបាក់ច្រាំងទន្លេធ្វើឱ្យ
ប្រជាពលរដ្ឋបង្ខំចិត្តរុះរើផ្ទះសម្បែងចេញដើម្បីរកទីទួល
មានសុវត្ថិភាពរួចមកលោកឈុន ស៊ីរុន
អភិបាលខេត្តបានដឹកនាំប្រតិភូនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ
ជាការជួយសម្រួលដល់ការលំបាកបន្តិចបន្តួច ។ ជាមួយគ្នានេះដែរ
តំណាងរបស់លោកជា រតនា
ប្រធានគណៈពង្រឹងមូលដ្ឋានឃុំតាលន់បានចុះសាកសួរសុខទុកប្រជាពល
រដ្ឋដែលរងនូវផលប៉ះពាល់ដល់លំនៅឋាន ។
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់
ថ្នាក់សូមជួយពិនិត្យលក្ខណៈបច្ចេកទេស
និងភូមិសាស្ត្រដើម្បីទប់ស្កាត់កុំឱ្យច្រាំង
ទន្លេបន្តបាក់ស្រុតទៀត
ព្រោះមានលំនៅឋានជាច្រើនទៀតកំពុងប្រឈមនឹងការរុះរើចេញនាពេលខាងមុខនេះ ។
តាមការពិនិត្យបើសិនជាច្រាំងទន្លេនៅតែបន្តបាក់ស្រុតនោះផ្លូវ
ជាតិលេខ១១០ក៏បាក់ស្រុតផងដែរ ៕