Tuesday, August 21, 2012

កម្ពុជា​នឹង​បញ្ជូន​ជនជាតិ​ចិន​១៥​នាក់​ចេញ​នៅ​សប្ដាហ៍​នេះ

អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា គ្រោង​បណ្ដេញ​ជនជាតិ​ចិន ១៥​នាក់​នៅ​សប្ដាហ៍​នេះ ទៅ​កាន់​ប្រទេស​ចិន​វិញ តាម​សំណើ​របស់​រដ្ឋាភិបាល​ចិន។ ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ទទួល​សំណើ​ពី​ស្ថានទូត​ចិន នៅ​ប្រទេស​កម្ពុជា ដើម្បី​បណ្ដេញ​ជន​ជាតិ​ចិន​ទាំង​នោះ​ចេញ។
RFA/Sok Serey
លោក​ឧត្ដមសេនីយ៍​ឯក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២។

ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ គ្រោង​បណ្ដេញ​ជនជាតិ​ចិន ១៥​នាក់ ទៅ​កាន់​ប្រទេស​ចិន​វិញ នៅ​ថ្ងៃ​ទី​២១ ឬ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១២ ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ទាំង​នោះ​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ក្រោម​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ទៅ​គ្រួសារ​ជនជាតិ​ចិន នៅ​ប្រទេស​ចិន កន្លង​មក។
ការ​បណ្ដេញ​ជនជាតិ​ចិន​ចំនួន ១៥​នាក់​ខាង​មុខ​នេះ គឺ​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​ឧបនាយករដ្ឋមន្ត្រី។ ក្រសួង​មហាផ្ទៃ​បាន​ដាក់​ឈ្មោះ​ជនជាតិ​ចិន ទាំង​នោះ​ក្នុង​បញ្ជី​ខ្មៅ ហាម​មិន​ឲ្យ​ជន​ជាតិ​ចិន​ទាំង​នោះ​ចូល​មក​ប្រទេស​កម្ពុជា ជា​ថ្មី​ឡើយ។
នៅ​ក្នុង​ចំណោម​ជន​ជាតិ​ចិន​ចំនួន ១៥​នាក់​នោះ គឺ​មាន​ជនជាតិ​ចិន តៃវ៉ាន់ ១១​នាក់ និង​ជន​ជាតិ​ចិន​ដី​គោក​ចំនួន ៤​នាក់។
អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក សុខ ផល បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២ ថា សមត្ថកិច្ច​កំពុង​តែ​រង់ចាំ​នគរបាល​ចិន មក​ទទួល​យក​ជនជាតិ​ចិន​ទាំង​នោះ​ទៅ​កាន់​ប្រទេស​ចិន វិញ តាម​ជើង​យន្តហោះ។
លោក សុខ ផល៖ «បាន​ទទួល​សំណូមពរ​ពី​តំណាង​ស្ថានទូត​ចិន​រួច​ហើយ គាត់​នឹង​ត្រូវ​រៀបចំ​សំបុត្រ​យន្តហោះ​ឲ្យ​ពួក​នេះ ហើយ​និង​រៀបចំ​ទៅ ប៉ុន្តែ​សំខាន់​ឥឡូវ​នេះ​អត់​មាន​បញ្ហា​អ្វី​ស្ទះ​ទេ នៅ​តែ​សំបុត្រ​យន្តហោះ​យើង​អាច​អនុវត្ត​បាន​ហើយ ក្នុង​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ហ្នឹង។ គឺ​ថា លើក​នេះ​ជា​លើក​ទី​៤​ហើយ ប៉ុន្តែ​លើក​ទី​បួន​នេះ មាន​ចំនួន​តិច​ជាង​គេ។  លើក​ទី​១ ទី​២ និង​ទី​៣ គឺ​ថា មាន​ដល់​ជាង ៣០០​នាក់ សរុប​គ្នា ប៉ុន្តែ​លើក​ទី​បួន​ហ្នឹង​មាន​តែ ១៥​នាក់»
ភស្តុតាង​ដែល​នគរបាល​ជាតិ​កម្ពុជា បាន​រឹប​អូស​បាន​មាន​ដូចជា បណ្ដាញ​ទូរស័ព្ទ និង​បណ្ដាញ​អ៊ីនធឺណិត ដែល​គេ​បាន​ទាក់ទង​ទៅ​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ ដើម្បី​គំរាម​ជំរិត​ទារ​ប្រាក់។
បច្ចុប្បន្ន​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា កំពុង​តែ​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​ទាំង ១៥​នាក់​នោះ នៅ​ឯ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ជាយ​ទីក្រុង​ភ្នំពេញ រង់ចាំ​ការ​បណ្ដេញ​ចេញ។
ក្រុម​សន្តិសុខ​បាន​ហាម​ឃាត់​មិន​ឲ្យ​វិទ្យុ​អាស៊ីសេរី ថត​រូបភាព និង​ហាម​សួរ​សំណួរ​នានា​ទៅ​ជន​ជាតិ​ចិន​ទាំង​នោះ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង៖ «ខាង​អាស៊ីសេរី គាត់​មក​ចង់​ដឹង​ព័ត៌មាន ១៥​នាក់ ឥឡូវ​ខ្ញុំ​ឲ្យ​គាត់​អង្គុយ​ចាំ​នៅ​ខ្ទុះ​ហ្នឹង (កន្លែង​រង់ចាំ) ប៉ុន្តែ​គាត់​ចង់​ដើរ​ឆ្វែល ...​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​បើ​មេ​មិន​ទាន់​សហការ​ផង​ហ្នឹង។ អ៊ីចឹង​បង​អង្គុយ​ចាំ​នៅ​ខ្ទុះ ...ខ្ញុំ​តេ​ហៅ​ជំនាញ។ ចាំ​មេ​អនុញ្ញាត​ចាំ​បង​អញ្ជើញ​ចូល​ទៅ ខុស​ខ្ញុំ។ ឥឡូវ​បង​ទៅ​ក្រៅ​សិន ជជែក​គ្នា​នៅ​ក្រៅ»
នេះ​មិន​មែន​ជា​លើក​​​ទីមួយ​ទេ​ដែល​ប្រទេស​កម្ពុជា ចាប់​ជនជាតិ​ចិន ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​គ្នា​ឯង។ ​
ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ប្រកាស​បណ្ដេញ​ចេញ​ជន​ជាតិ​ចិន​ដី​គោក និង​ចិន​តៃវ៉ាន់ សរុប ១៦៧​នាក់ ក្រោម​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន។
រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​បណ្ដេញ​ជនជាតិ​ចិន​ដី​គោក និង​ចិន​តៃវ៉ាន់ សរុប​ចំនួន ៥០​នាក់​ទៀត ក្រោម​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ប្រទេស​កម្ពុជា។
ការ​ចាប់​ខ្លួន​ជនជាតិ​ចិន ចំនួន ១៥​នាក់​សប្ដាហ៍​កន្លង​ទៅ គឺ​ជា​ករណី​ថ្មី​បំផុត​មួយ​ទៀត​នៅ​ឆ្នាំ​២០១២ នេះ៕

Comments system

Disqus Shortname