ភ្នំពេញ ៖នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០១២គណៈ បញ្ជាការឯកភាពខណ្ឌទួលគោកនគរបាលខណ្ឌ អាជ្ញាធរសង្កាត់ផ្សារដើមគនិងនគរបាលប៉ុស្ដិ៍រដ្ឋបាលទួលគោកដឹកនាំ ដោយលោកសៀងសុខព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះ បង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងនៅហាងកាហ្វេ យីហោជីងជីងមានទីតាំងនៅដីឡូត៍លេខ១៤ ផ្លូវលេខ២០៦ ក្រុមទី៣៥ ភូមិ១៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
លោកវរសេនីយ៍ត្រីហួន ចាន់វាសនាអធិការស្តីទីនគរបាលខណ្ឌទួលគោកបានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីកម្លាំងរបស់លោកទទួលបានសេចក្ដី រាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើថាមានការជួញដូរនិង ប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹកគគ្រេងនោះលោកក៏បានស្នើទៅព្រះ រាជអាជ្ញាសាលាដំបូងរាជធានីដើម្បីសុំដីកាឆែកឆេរហាងកាហ្វេជីងជីង នេះជាបន្ទាន់ ។
លោកអធិការបានឱ្យដឹងទៀតថា ក្រោយទទួលបានថវិកាឆែកឆេរភ្លាមកម្លាំងចម្រុះបានចុះទៅឆែកឆេរ ភ្លាមដែរហើយក្នុងនោះសមត្ថកិច្ចចម្រុះបាន ឃាត់ខ្លួនជនសង្ស័យ៦នាក់ដែលមានឈ្មោះ ១-ជា ម៉េងហួត ហៅហួត ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុល រថយន្ដ ។ ២- ឈ្មោះ កែវ រដ្ឋា ភេទ ស្រី អាយុ២៨ឆ្នាំ មុខរបរលក់កាហ្វេ ។ ៣-ឈ្មោះ ឡេង ភារុណ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នកទាំង៣ មានទីលំនៅផ្ទះជួលលេខ១៤ផ្លូវលេខ២០៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ ៤- ឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ច្បារអំពៅ ទី២ ខណ្ឌមានជ័យ ។៥- ឈ្មោះ ង៉ែត សុខ ឡេង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ ជាមួយជន៣នាក់ខាងលើ និង៥ឈ្មោះ ផូ គឹមអេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សទី១២ វិទ្យាល័យហ៊ុនសែនសណ្ដែក ។ ស្នាក់នៅភូមិកប៉ាល់ ឃុំសណ្ដែក ស្រុកបាធាយខេត្ដកំពង់ចាម ។ ជាមួយនេះដែរ សមត្ថកិច្ចបានរកឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ និងរឹបអូស វត្ថុតាងរួមមាន ម៉ូតូហុងដាស្គូពី ពណ៌ស ស៊េរីឆ្នាំ២០១៣ គ្មានពាក់ស្លាកលេខ១គ្រឿង អាវុធខ្លីម៉ាករ៉ូឡូមួយដើមមានគ្រាប់ចំនួន៤គ្រាប់ទូរស័ព្ទដៃ៦ គ្រឿងលុយចំនួន២៥០ដុល្លារនិងលុយខ្មែរ២ម៉ឺន រៀល ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការ តាមច្បាប់ពីបទប្រើប្រាស់គ្រឿង ញៀននិងកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់ ៕