Sunday, August 26, 2012

តម្លៃ​ដី​នៅ​ជ្រោយ​ចង្វារ​ហក់​ឡើង​ក្នុង​ចន្លោះ​ពី​២០​ទៅ​៣០​ភាគរយ

120823_03
ការ​ស្ថាបនា​ច្រាំងទន្លេ និង​ស្ពានថ្មី បាន​រួមចំណែក​ធ្វើ​ឲ្យ​តម្លៃ​ដីនៅតំបន់​ជ្រោយចង្វារកើនឡើង ។ រូបថត ហុង មិនា
ភ្នំពេញៈ ការ​សាងសង់​ស្ពានជ្រោយ​ចង្វារ​ថ្មី និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ បាន​ធ្វើ​ឲ្យ​តម្លៃ​​ដីធ្លី​នៅ​សង្កាត់​នានា​ខាង​កើត​ស្ពាន​ជ្រោ​យ​ចង្វារ ហក់​ឡើង​យ៉ាង​ខ្ពស់​ក្នុង​រង្វង់​ពី​២០​ទៅ​៣០​ភាគរយ​។
លោក សេន ច័ន្ទរាត្រី​ អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ស៊ីអ៊ីអេ បាន​លើក​ឡើង​ថា តម្លៃ​ដីនៅ​តំបន់​ទាំង​នោះ​ឡើង​ខ្ពស់​ដោយ​សា​រតែ​ការ​កសាង​ច្រាំង​ទន្លេ ​ការ​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វារ​ថ្មី និងការ​ពង្រីក​ផ្លូវ​នៅ​តំបន់​នោះ​។ តម្លៃ​​ដីធ្លី​បាន​ហក់​ឡើង​ដល់​៧៥០​ទៅ១០០០​ដុល្លារ បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​មាន​តម្លៃ​ត្រឹម​៤៥០​ ទៅ​៨៥០​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។
លោក​ថ្លែង​ថា៖​«​តម្លៃ​ ដីធ្លី​រឿងអី​មិន​ឡើង​ថ្លៃ បើ​មួយ​ថ្ងៃ​ៗ​មាន​អ្នក​មក​សួរ​ជា​ច្រើន​ដង​​។ លោក​បន្ថែម​ថា​៖​«​ការ​កសាង​ស្ពាន​ទី២ បាន​ធ្វើ​ឲ្យ​ប្រជាជន​គិត​ថា តំបន់​នោះ​នឹង​មិន​ស្ទះ​ចរាចរ​ណ៍ទៀត​ទេ ហេតុ​នេះ​ការ​ហក់​ឡើង​នៃ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​ជា​រឿង​ធម្មតា​ទេ​»​។
តំបន់ ​ភាគខាង​កើត​ស្ពាន​ជ្រោយ​ចង្វារ មាន​សង្កាត់​៥​ជា​ចំណុះ​ដែល​​ម​មាន​សង្កាត់​ជ្រោយ​ចង្វារ ព្រែក​តាសេក ព្រែក​លៀប បាក់ខែង​ និង​សង្កាត់​កោះដាច់​។
លោក​ ខាត់ សុវណ្ណ​ នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Cam​ Top ​Property​ Group បាន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ ច័ន្ទ​រាត្រី​ ដោយ​លោក​និយាយ​ថា តម្លៃ​អចលន​ទ្រព្យ​នៅ​តំបន់​នោះ​បាន​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ គឺ​ពី​មុន​គេ​អាច​ទិញ​បាន​ក្នុង​តម្លៃ​ពី​៥០០​ទៅ​៧០០​ដុល្លារ​ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​បាន​ហក់​ឡើង​រហូត​ដល់​៧០០ ទៅ១០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។
លោក ​សុវណ្ណ​ ​ថ្លែង​ថា​៖​«​តម្លៃ​ដីធ្លី​ និង​ផ្ទះ​បាន​កើន​ឡើង​ខ្ពស់​មិន​ត្រឹម​តែ​តំបន់​ជ្រោយ​ចង្វារ​នោះ​ទេ​ ប៉ុន្តែ​នៅ​ខណ្ឌ​ចំការមន​ ទួលគោក​និង​ដូន​ពេញ​ ក៏​កើន​ឡើង​ដែរ»​។
លោក ស៊ឹង ​ប៊ុណ្ណា​ ប្រធាន​ក្រុម​ហ៊ុន​ ប៊ុណ្ណា​ រៀលធី​គ្រុប និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនទ្រព្យ​កម្ពុជា អះអាង​ថា តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​បាន​ឡើង​តាំង​ពី​ដើម​ឆ្នាំ​ ដោយ​សារ​តម្រូវ​ការ​កើន​ឡើង​ ព្រោះ​ប្រជាជន​បាន​ផ្តោត​ទៅ​លើ​គម្រោង​ទី​ក្រុង​រណប​ជ្រោយ​ចង្វារថ្មី​​របស់ ​ ក្រុមហ៊ុន​ OCIC ការ​កសាង​សណ្ឋាគារ​សុខា ច្រាំង​ទន្លេ និង​ការ​កសាង​ទីក្រុង​រណប​ថ្មី​ របស់​លោក លី​ យ៉ុងផាត់​។
លោក​ ប៊ុណ្ណា បាន​ថ្លែងថា៖«ការ​ដោះ​ដូរ​ពិត​ប្រាកដ​មាន​កំណើន​ជាង​១០​ភាគ​រយ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ភាសា​របស់​អ្នក​លក់​ គឺ​គាត់​កាត់​ថ្លៃ​ខ្ពស់​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​បើ​មាន​តម្រូវ​ការ​ គឺ​គេ​ទិញ​ក្នុង​តម្លៃ​ទីផ្សារ​តែ​ប៉ុណ្ណោះ​»​។
លោក​បាន​បន្តថា តម្លៃ​ដី​ធ្លី​នៅ​តំបន់​នោះ​ចែក​ចេញ​ជា​ពីរ​ គឺ​ទី១​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៦​ ពី​គល់​ស្ពាន រហូត​ទៅ​ដល់​សាលា​កសិកម្ម​ព្រែក​លៀប ដី​មាន​តម្លៃ​ចន្លោះ​ពី​២០០​ដល់​៥០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ប៉ុន្តែ​សម្រាប់​ផ្លូវ​នៅ​តាម​ជួរ​មាត់​ទន្លេ​ឆ្ពោះ​ទៅ​កាន់​សណ្ឋាគារ​សុខា​ ដី​មាន​តម្លៃ​ចន្លោះ​ពី​៥០០​ទៅ​៨០០​ដុល្លារ​ក្នុងមួយ​ម៉ែត្រ​ការ៉េ​។
លោក ​គឹម ​បូរី​ អគ្គ​នាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បដិ​សេធ​មិន​ប្រាប់​ថា ការ​សាង​សង់​ស្ពាន​រហូត​មក​ដល់​ពេល​នេះ​បាន​ប៉ុន្មាន​ភាគ​រយ ហើយ​នៅ​ពេល​ណា​ការ​សាង​សង់​ស្ពាន​ជ្រោយ​ចង្វារ​ទី២ នឹង​ត្រូវ​បញ្ចប់​នោះ​ទេ៕

Comments system

Disqus Shortname