Friday, August 31, 2012

សមត្ថកិច្ច​​បាញ់​ទឹក​ពន្លត់​អគ្គិ​ភ័យ​​ដែល​ឆេះ​លំនៅ​ឋាន​​អ្នក​ក្រីក្រ​​ជួរ​មាត់​​ទន្លេ​​រលត់​ទាំង​ស្រុង​ហើយ​ គឺ​ឆេះ​អស់​៣២​​ខ្នង​ (មាន​វីដេអូឃ្លីប)

រាជធានីភ្នំពេញ ៖ អគ្គិ​ភ័យ​​បាន​ឆាបឆេះ​​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​​នៅ​តាម​ជួរ​មាត់​ទន្លេ​សាប​ កញ្ជ្រោល​​អណ្តាត​ភ្លើង​សន្ធោ​សន្ធៅ​​ និង​ខ្ជាក់​​ផ្សែង​​ខ្មៅ​អាប់​ខ្មួល​ខ្មាញ់​ឡើង​ទៅលើ​អាកាស​​វេហាស៍​ដែល​​ មើល​ទៅ​គួរ​ឱ្យ​​តក់​ស្លុត​ និង​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ ថ្ងៃ​ត្រង់​​ ថ្ងៃទី​៣១ សីហា ​២០១២ នៅ​ក្រុម​១ និង​ក្រុម​៩ សហ​គមន៍​​អ្នក​ក្រីក្រ​ជ័យ​មង្គល​ ស្ថិត​ក្នុងភូមិ​ក្រោយ​គោ សង្កាត់​​​គីឡូ​ម៉ែត្រ​លេខ​៦ ខាង​ជើង​ស្ថានីយ​ទូរទស្សន៍ CTN ខណ្ឌ​ឫស្សីកែវ ។
​ពេលនេះ​ ប៉ូលិស ប៉េអឹម និង​មន្ត្រី​អាជ្ញាធរ​​មូលដ្ឋាន​រាប់​សិប​នាក់​ បាន​ចេញ​អន្តរាគមន៍​​ចាត់​ចែង​សណ្តាប់​ធ្នាប់, សំរួល​ចរាចរណ៍, ការពារ​សន្តិ​សុខ ចោរ​កម្ម និង​ហៅ​រថយន្តពន្លត់អគ្គិ​ភ័យ​​​ទៅ​បង្ក្រាប​​អណ្តាត​ភ្លើង ខណៈ​​សំឡេង​រញៀវ​​ខ្ញៀវ​ខ្ញារ ​ស្រែក​ហៅ​គ្នា​ឱ្យ​ជួយ​ជញ្ជូន​អីវ៉ាន់ និង​​សំឡេង​កញ្ចែ​របស់​សមត្ថ​កិច្ច​​សំរួល​សណ្តាប់​ធ្នាប់ ។  រយៈ​ពេល​៣​ម៉ោង​ក្រោយ​​មក ទើប​ភ្លើង​​រលត់​ទាំង​ស្រុង​ ក្រោយ​ការ​បាញ់​​ទឹក​​ពន្លត់​​យ៉ាង​សកម្ម​​របស់​សមត្ថ​កិច្ច និង​ប្រើ​​រថយន្ត​​ពន្លត់​អគ្គិភ័យ​​​ជា​ច្រើន​គ្រឿង​មក​ពី​ជា​ច្រើន​​ ស្ថាប័ន ។
តាម​មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា អគ្គិ​ភ័យ​​នេះ​បាន​​លេប​​ត្របាក់​ផ្ទះ​អស់​​៣២ខ្នង​​ដែល​​នេះ​ជា​តួលេខ​ ដំបូង​ ហើយ​​ការ​ខូច​ខាត​នេះ​​ត្រូវ​បាន​គេ​​វាយ​តម្លៃ​ថា ធំ​ដុំ​គ្រាន់​បើ​​ បើ​ទោះ​ណា​ទី​កន្លែង​នេះ​សំបូរ​ទៅ​​ដោយ​លំនៅ​ឋាន​អ្នក​ក្រីក្រ​ក៏​ដោយ... ​ចំណែក​ឯ​ការ​រង​របួស​​វិញ គឺ​មាន​ស្រី​ម្នាក់​រលាក​ភ្លើង​តិច​តួច​ និង​មន្ត្រី​​​ប៉ូលិស​ម្នាក់​រន្ធត់​ចិត្ត​ខ្លាំង​​ពេក​ រហូត​ដួល​សន្លប់​ ប៉ុន្តែ​មិន​រលាក​ភ្លើង​ទេ ​ហើយ​ក៏​មិន​មាន​អ្នក​​ណា​ស្លាប់​​ដោយ​សារ​ភ្លើង​ដែរ ។
កន្លែង​កើតហេតុ​​​ខាងលើ​ត្រូវ​បាន​មន្ត្រី​អាជ្ញា​ធរ​ ​និយាយ​ឱ្យ​​ដឹង​ថា ផ្ទះ​ភាគ​ច្រើន​​សង់​អំពី​ឈើ​ប្រក់​ដំបូល​ស័ង្ក​សី​​ជាប់​ៗ​គ្នា​​ រាង​រកេត​រកូត​ ផ្លូវ​ចូល​មាន​ស្ថាន​ភាព​បត់​បែន តូច​ចង្អៀត​នៅ​លើ​ដី​​ចំណី​មាត់​ទន្លេ​ ពិបាក​ដល់​​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​ចូល​ទៅ​បាញ់​ទឹក​ពន្លត់​ ។ គេ​សង្កេត​​ឃើញ​រថយន្ត​​ពន្លត់​អគ្គិ​ភ័យ​​​បន្លឺ​​ស៊ីរ៉ែន​ចេញ-ចូល​​ឥត​ឈប់ ​ឈរ​ជា​ច្រើន​គ្រឿង​ ចូលទៅ​បាញ់​ទឹក​ពន្លត់​​ធ្វើ​ឱ្យ​ភ្លើង​​បាន​ថម​ថយ​​អំណា​ច ហើយ​ឈាន​ទៅ​​រលត់​​ទាំង​ស្រុង​​ កាល​ពី​វេលា​ម់ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​ចំនួន​២៤​គ្រឿង និង​កាណូត​បាញ់​ទឹក​៣​គ្រឿង ​ហើយ​បើ​គិត​ជា​ជើង​វិញ គឺ​បាញ់​​ទឹក​អស់​ប្រហែល​​​៤០​ជើង។

Comments system

Disqus Shortname