ខេត្តកំពង់ស្ពឺ ៖
សពបុរសម្នាក់ដែលគេប្រទះឃើញសល់តែគ្រោងឆ្អឹង
កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ កក្កដា ២០១២
កន្លងទៅនៅចំណុចក្នុងព្រៃរបោះ ស្ថិតក្នុងភូមិត្រពាំងត្របែក
ឃុំរុងរឿង ស្រុកថ្ពង ត្រូវបានមន្ត្រីប៉ូលិសមូលដ្ឋានស្រុកថ្ពង
សហការជាមួយមន្ត្រីប៉ូលិសព្រហ្មទណ្ឌខេត្ត ធ្វើការស្រាវជ្រាវ
និងចាប់ខ្លួនជនល្មើសបាននៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី
១១ សីហា ២០១២ នៅក្នុងភូមិស្តុក ឃុំតំណាក់រាំង ស្រុកឧដុង្គ
បន្ទាប់ពីជននេះនាំមិត្តភក្តិទៅសម្លាប់ប្លន់យកម៉ូតូ
ហើយរត់គេចខ្លួនជាង១ខែ ។
នាយរងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ
កម្រិតធ្ងន់ខេត្ត លោកអនុសេនីយ៍ឯក សម សាក់ ប្រាប់ឱ្យដឹងថា
គ្រោងឆ្អឹងសពដែលគេស្គាល់នេះ ឈ្មោះសឿន សំ ភេទប្រុស អាយុ២៣ឆ្នាំ
មានប្រពន្ធឈ្មោះអៀម ចាន់រី
ទើបសម្រាលបានកូនមួយក្រោយពីបាត់ប្តីជាងកន្លះខែ
មានលំនៅភូមិត្រពាំងរុន ឃុំតំណាក់រាំង ស្រុកឧដុង្គ ។
លោកអនុសេនីយ៍ឯក បន្តថា
ជនល្មើសដែលនាំមិត្តភក្តិទៅសម្លាប់ប្លន់យកម៉ូតូនោះឈ្មោះទឿន
ម៉េង ភេទប្រុស អាយុ២៦ឆ្នាំ
មានប្រពន្ធកូនពីរនាក់នៅក្នុងភូមិស្តុក ឃុំតំណាក់រាំង
ស្រុកឧដុង្គ
ជាកម្មករសំណង់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយ
។