ខេត្តកំពង់ឆ្នាំង ៖
បុរសម្នាក់បានរងរបួសធ្ងន់
ខណៈពេលកំពុងជិះម៉ូតូឌុបគ្នា
ហើយត្រូវជនសង្ស័យលបកាប់២កាំបិតផ្គាក់
ចំណែកម្នាក់ទៀតលោតចេញពីម៉ូតូទាន់មិនមានរងរបួសទេ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៩
សីហា តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិធ្លកយុល ឃុំតាជេស
ស្រុកកំពង់ត្រឡាច ។
តាមបងប្អូនដែលជូនមកកាន់មន្ទីេពទ្យ
ព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញបានប្រាប់ថា ជនរងគ្រោះឈ្មោះ កុយ
ផាត អាយុ៣៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅភូមិសាវង្ស ឃុំតាជេស
រងរបួសក្បាលផ្នែកខាងឆ្វេងត្រូវបានគ្រូពេទ្យដេរអស់១០ថ្នេរ
និងរយះបបូរមាត់ ។
ចំណែកម្នាក់ទៀតដែលអង្គុយខាងក្រោយលោតចេញទាន់ឈ្មោះ រ៉ា
ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលាងម៉ូតូ
ស្នាក់នៅក្នុងភូមិជាមួយគ្នា ។
ប្រភពដដែលបានបន្តទៀតថា
ជនសង្ស័យជាអ្នកបង្កឈ្មោះ វ៉េង ភេទប្រុស អាយុ២៨ឆ្នាំ ជាកសិករ
ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ
បន្ទាប់ពីធ្វើសកម្មភាពកាប់រួចហើយក៏បានរត់គេចខ្លួនបាត់ ។
មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូសេ១០០ចិន ពណ៌ខ្មៅ
មានគ្នា២នាក់ មកពីលេងផ្ទះបងប្អូនជិតភូមិកើតហេតុ
ត្រឡប់មកផ្ទះវិញ
លុះមកដល់ភូមិធ្លកយុលស្រាប់តែជនសង្ស័យលបចេញពីកន្លែង
ស្ងាត់មកកាប់ចំនួន២កាំបិតផ្គាក់
បណ្តាលឱ្យជនរងគ្រោះដេកដួលក្នុងថ្លុកឈាម
ហើយជនសង្ស័យក៏បានរត់គេចខ្លួន ។
សាច់ញាតិបានបង្ហើបទៀតថា
កន្លងមកជនរងគ្រោះនិងជនបង្កធ្លាប់មានទំនាស់នឹងគ្នាម្តង
តែមិនបានបញ្ជាក់ច្បាស់ថាជាទំនាស់អ្វីនោះទេ ។ ក្រោយពេលកើតហេតុ
ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
ព្រះកុសុមៈ ចំណែកជនបង្កសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ៕