ភ្នំពេញ ៖ មួយថ្ងៃក្រោយពីសម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ ប្រកាសឈប់ធ្វើនយោបាយ នៅថ្ងៃ សៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១២ លោក សៅ រ៉ានី បានឱ្យដឹងថា លោកនឹងដកពាក្យ បណ្ដឹងដែលបានប្ដឹងសម្ដេចក្រុមព្រះ កាល ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅ រសៀលថ្ងៃចន្ទ ទី១៣ ខែសីហា សបា្ដហ៍ ក្រោយ ពីសាលាដំបូងរាជធានីភ្នំពេញ ដែល ជាការបញ្ជាក់អំពីការបញ្ចប់ជម្លោះទាំងស្រុងដោយសន្តិវិធី រវាង លោកសៅ រ៉ានី និងសម្ដេចក្រុមព្រះ ហើយឈាន ឆ្ពោះទៅដល់ការធ្វើ សមាជរួមគ្នាជាមួយហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០១២ ដើម្បីរួបរួម ក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ។ គេរំពឹងថា ព្រះអង្គម្ចាស់ក្សត្រីនរោត្តមអារុណរស្មី និងក្លាយជាព្រះប្រធានគណបក្ស ដែលពីមុនគ្រោង ថ្វាយសម្តេចក្រុមព្រះ ដោយយោងតាមកិច្ច ព្រមព្រៀង គណបក្សទាំងពីរកាលពីថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១២។
លោកសៅ រ៉ានី អគ្គលេខាធិការ គណបក្សនរោត្ដមរណឫទ្ធិ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅថ្ងៃសៅរ៍ទី១១ ខែសីហានោះថា “ខ្ញុំនឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទសបា្ដហ៍ក្រោយ ដើម្បីដកពាក្យបណ្ដឹង ដែលបានប្ដឹងសម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ ។ គណបក្សនរោត្ដមរណឫទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចនិងរៀបចំសមាជ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១២ ដើម្បីឱ្យទៅនៅក្រោមដំបូលហ្វ៊ុនស៊ិនប៉ិចតែមួយ”។
ក្រុមអ្នកវិភាគបានវាយតម្លៃថា ប្រសិន បើគណបក្សហ្វ៊ុនស៊ិនប៉ិច មានការរួបរួមគ្នា ដូចមុនខែកញ្ញា ឆ្នាំ២០០៦ នោះគណបក្ស ហ្វ៊ុនស៊ិនប៉ិច អាចនៅរក្សា បានអាសនៈខ្លះ ដែលគណបក្សប្រជាជនកម្ពុជានៅតែហៅឱ្យចូលរួមនៅក្នុងរដ្ឋាភិបាលអាណត្ដិទី៥បន្ដទៀត។
អ្នកវិភាគបានហៅការបញ្ចប់ជម្លោះដ៏ជូចត់ចុងក្រោយរវាងព្រះអង្គម្ចាស់នរោត្ដមរណឫទ្ធិ និងលោកសៅ រ៉ានី ថា ជាគំរូមួយ ដែលចៀសបាននូវការប្រឈមមុខ ហើយអ្នកទាំងពីរកសាងបាននៅវប្បធម៌មួយ ដែលគួរកត់ត្រាទុក នោះគឺការបញ្ចប់ជម្លោះដោយសន្ដិភាព ។
អ្នកវិភាគបាននិយាយថា គណបក្សទាំង ពីរ ក្រោយរូបរួមគ្នានៅចុងខែសីហានេះពួក គេគួរតែយាងព្រះអង្គម្ចាស់ ព្រះរាជបុត្រា ឬបុត្រីព្រះមហាវរក្សត្រអង្គណាមួយ មកគង់ប្រថាប់ ជាមេដឹកនាំហ្វ៊ុនស៊ិនប៉ិច ទើបជាការប្រសើរ ហើយស័ក្ដិសមជាគណបក្សរាជានិយម។
កន្លងមក យោងតាមកិច្ចព្រមព្រៀងថ្ងៃ ទី២៤ ខែឧសភា ឆ្នាំ២០១២ សម្ដេចក្រុម ព្រះនរោត្តមរណប្ញទ្ធិ និងក្លាយ ទៅជាព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច រីឯលោកញឹក ប៊ុនឆៃ និងក្លាយទៅជា អនុប្រធានគណបក្ស។ ឥឡូវនេះ បើគណបក្សទាំងពីររួមគ្នាហើយ គ្រាន់តែយាងព្រះអង្គម្ចាស់ណាមួយដូចពោលខាងលើ យកមកជំនួសកន្លែងសម្ដេចក្រុមព្រះ ដែលនឹងត្រូវគង់ជាព្រះប្រធានគណបក្សនោះ ។ ដូច្នេះតាមការប្រមើលមើលមិនផ្លូវការមិនមានព្រះអង្គម្ចាស់ណា ស័ក្ដិសមជាងព្រះអង្គម្ចាស់ក្សត្រី នរោត្ដមអារុណរស្មីនោះឡើយ ព្រោះព្រះអង្គម្ចាស់ក្សត្រី ធ្លាប់បានថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចយាងឲ្យ ឈរជាបេក្ខភាពនាយករដ្ឋមន្ដ្រីកាលពីឆ្នាំ២០០៨ ហើយគណបក្សនេះ រកបានសំឡេងពីរអាសនៈ ។ ដូច្នេះប្រសិនបើម្ចាស់ក្សត្រី និងត្រូវបានយាងឱ្យមកគង់ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នោះគណបក្ស នៅតែទទួលការគាំទ្រពីប្រជារាស្ដ្រ ដែលធ្លាប់គាំទ្រព្រះបិតាជាតិ សម្ដេច ព្រះនរោត្ដមសីហនុ នាពេលកន្លងមក ។
គណបក្សហ្វ៊ុនស៊ិនប៉ិច បានស្ថាបនាឡើង ដោយអតីតព្រះមហាក្សត្រសម្ដេចព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុ នាខែមីនា ឆ្នាំ ១៩៨១ នៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ដែលកាលណោះ ហៅថា ចលនាហ្វ៊ុនស៊ិនប៉ិច។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩២ នៅរំចង់ ស្រុកបន្ទាយមានអម្ពិល ខេត្ដឧត្ដរមានជ័យ អតីតតំបន់តស៊ូរឹងមាំ របស់ចលនាហ្វ៊ុនស៊ិនប៉ិច ចលនានេះ ត្រូវបានប្ដូរទៅជាគណបក្សហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់នរោត្ដមរណឫទ្ធិ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ ដែលហៅកាត់ថា អ៊ុនតាក់ ។ នៅពេលនោះ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៥៨អាសនៈ នៃចំនួនអាសនៈ ១២០នៃរដ្ឋសភា។ សម្ដេចក្រុមព្រះ បានក្លាយជានាយករដ្ឋមន្ដ្រីទី១ ។ នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៤៣អាសនៈ សម្ដេចក្រុមព្រះ បានក្លាយជាព្រះប្រធានរដ្ឋសភា ។
ដោយការដឹកនាំគ្មានយុទ្ធសាស្ដ្រនិងយុទ្ធ វិធីច្បាស់លាស់ ព្រមទាំងជម្លោះនិងអំពើពុករលួយពេញបន្ទុកនៅក្នុងគណបក្ស ការបោះឆ្នោតនៅឆ្នាំ២០០៣ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានត្រឹម២៦អាសនៈ ។
ក្រោយមកទៀត ដោយសារជម្លោះកាន់ តែឆាបឆេះនិងអំពើពុករលួយកាន់តែស៊ីដល់ ខួរឆ្អឹងនៃគណបក្សនេះ បានធ្វើឱ្យហ្វ៊ុនស៊ិនប៉ិចផ្ទុះចេញជាពីរក្រុម តាមរយៈលោកញឹក ប៊ុនឆៃ និងអ្នកស្មោះ ត្រង់ជាមួយលោកបានដឹកនាំសមាជវិសាមញ្ញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ ទម្លាក់ព្រះអង្គម្ចាស់នរោត្ដមរណឫទ្ធិ ចេញពីព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។ រីឯព្រះអង្គម្ចាស់នរោត្ដមរណឫទ្ធិ ក៏ចាប់ផ្ដើមបង្កើតគណបក្ស នយោបាយថ្មីមួយជាមួយអ្នក ស្មោះត្រង់របស់ ទ្រង់នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៦ ដោយយកព្រះនាមព្រះអង្គ ដាក់ឈ្មោះជាគណបក្សតែម្ដង ។
ចុងក្រោយគណបក្សរាជានិយមទាំងពីរទទួលបានត្រឹមតែ២អាសនៈម្នាក់តែប៉ុណ្ណោះ។ ទាំងនេះបានបង្ហាញឱ្យឃើញថា ការឈ្លោះ បែកបាក់សាមគ្គីផ្ទៃក្នុង នៃជួរអ្នកដឹកនាំ ព្រមទាំងអំពើពុករលួយដល់ឆ្អឹង បានធ្វើឱ្យវិនាសអន្ដរាយ ដូច្នេះអ្នកដឹកនាំនៃគណបក្សទាំងនេះ ត្រូវសិក្សា ហើយជាការប្រសើរ ដែលអ្នកដឹកនាំទាំងនេះ រួបរួមគ្នាទាន់ពេលវេលាសម្រាប់អនាគតដែលអាចនៅរក្សាអត្ដសញ្ញាណរបស់ខ្លួននៅក្នុងរដ្ឋសភា៕