ប៉ោយប៉ែត ៖ បុសមិនស្គាល់អត្ដសញ្ញាណម្នាក់បានខ្ចីម៉ូតូមិត្ដភក្ដិដែល អង្គុយផឹកស៊ីជាមួយគ្នាដឹកមិត្ដភក្ដិម្នាក់ ទៀតទៅផ្ទះ បានដួលរងរបួសស្ទើរស្លាប់ កាលពីម៉ោងប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ លើផ្លូវបេតុងម្ដុំផ្ទះល្វែងមិត្ដភាព ឋិតក្នុង ភូមិមិត្ដភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។ ប៉ុន្ដែហេតុការណ៍ខាងលើនេះត្រូវបានអ្នកភូមិរស់នៅកន្លែង កើតហេតុសង្ស័យថា ជនរងគ្រោះអាច ត្រូវអ្នកណាម្នាក់វាយ ទើបបណ្ដាលឱ្យរងរបួសបែបនេះ ។
ម្ចាស់ម៉ូតូឈ្មោះ ស៊ូ លីហួរ ភេទប្រុស អាយុ២៦ឆ្នាំ បានរៀបរាប់ឱ្យដឹងថា អ្នកដែលដួលបែកមុខមាត់ស្ទើរស្លាប់ស្ទើរ រស់នោះជាមិត្ដភក្ដិរបស់ខ្លួនឈ្មោះ តោ រស់នៅមណ្ឌល៨ ភូមិប្រជាធម៌ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ ប្រភព ដដែលឱ្យដឹងថា មុនពេលកើតហេតុ រូប គេរួមទាំងជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគ្នា លុះផឹកស៊ីស្រវឹង ជនរងគ្រោះបានខ្ចីម៉ូតូរបស់ខ្លួនឌុបមិត្ដភក្ដិម្នាក់ទៀតមកផ្ទះ តែបាត់យូរពេកខ្លួនក៏បានមក តាមរក ក៏ប្រទះឃើញដួលម៉ូតូស្ទើរស្លាប់បែបនេះ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅ កន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់ពីឃើញជនរងគ្រោះដួលម៉ូតូ គឺបានព្យាយាម ទូរស័ព្ទហៅរថយន្ដសង្គ្រោះនិងសមត្ថកិច្ច មកជួយសង្គ្រោះផងដែរ ប៉ុន្ដែរហូតដល់ ម៉ោងប្រមាណ៣ទើបឃើញមន្ដ្រីនគរបាល មកត្រួតពិនិត្យធ្វើកំណត់ហេតុ និងយក រថយន្ដសង្គ្រោះមកដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ។
ប្រភពដដែលឱ្យដឹងទៀតថា នៅម៉ោង ប្រហែល១យប់ ពួកគាត់បានឮសំឡេង ឈ្លោះប្រកែកគ្នា ដោយស្រែកថា វាយឱ្យ ងាប់ៗ តែពួកគាត់មិនបានចេញមកមើល នោះទេ ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចមិន ឃើញមកក៏នាំគ្នាដេកទៅវិញទៅ លុះ ដល់ម៉ោងប្រមាណជិត២ ក៏មានឮសំឡេង អ្នកភូមិខ្លះបានចេញទៅមើល ក៏ប្រទះ ឃើញជនរងគ្រោះកំពុងដេកសន្លប់ស្ដូកស្ដឹងតែម្ដង ។
លោក គង់ គួន នាយប៉ុស្ដិ៍រដ្ឋបាលប្រជាធម៌បានឱ្យដឹងថា នេះពុំមែនជាអំពើ ប្លន់នោះទេ គឺផឹកស៊ីស្រវឹង បើកបរម៉ូតូ ដួលដោយខ្លួនឯង ។ លោកបន្ដថា ជនរង គ្រោះខាងលើគឺត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យមិត្ដភាពជប៉ុន រីឯម៉ូតូបានរក្សាទុករង់ចាំជនរងគ្រោះដឹងខ្លួន សួររកហេតុផលឱ្យបានច្បាស់លាស់ ទើប ប្រគល់ជូនម្ចាស់ដែលអះអាងថាបាត់នោះ ។
អ្នកភូមិនៅកន្លែងកើតហេតុបាន សម្ដែងការងឿងឆ្ងល់ថា ប្រសិនបើជនរងគ្រោះដួលម៉ូតូ ចុះអ្នកជិះជាមួយហេតុអ្វីមិនជួយគ្នា ដោយទុកបណ្ដោយឱ្យជនរង គ្រោះដេកសន្លប់ស្ដូកស្ដឹងហាលភ្លៀង រាប់ម៉ោងតែម្នាក់ឯងយ៉ាងដូច្នេះ ។ ពួកគាត់សង្ស័យថា ជនរងគ្រោះអាចត្រូវអ្នកណាម្នាក់វាយ ពីព្រោះតែនៅមុនកើត ហេតុ គឺបានឮសំឡេងឈ្លោះប្រកែកគ្នា បន្ទាប់មកពួកគាត់ចេញទៅមើលក៏ឃើញ ជនរងគ្រោះដេកសន្លប់បែបនេះ ៕