Saturday, August 25, 2012

កុល ដាវី ប្រតិកម្ម​ព័ត៌មាន​ប្រឆាំង​មន្ត្រី

នេះជារូបថតដែលកុល ដាវី បញ្ជាក់ថាថតមិនមែនដើម្បីប្រឆាំងក្រសួងឡើយ។ សហការីភ្នំពេញៈ ស្ទីលថតរូបសិចស៊ីដែលគេចុះផ្សាយចុងក្រោយ ទន្ទឹមគ្នានឹងមានប្រតិកម្មពេញមួយទំហឹងពីសំណាក់ក្រសួងវប្បធម៌ កំពុងធ្វើឲ្យតារាស្រីសិចស៊ីនាងកុល ដាវី សម្ដែងអារម្មណ៍មួហ្មងយ៉ាងខ្លាំង ក្នុងពេលមានការចុះផ្សាយថា នាងបញ្ចេញរូបថតទាំងនោះ ក្នុងន័យប្រឆាំងក្រុមមន្ត្រីដែលបានហាមប្រាម។ តារារូបនេះ និយាយថា រូបថតទាំងនោះនាងបានថត តាំងពីមុនពេលក្រសួងវប្បធម៌មានគម្រោងកោះហៅតារាៗសិល្បៈយកទៅណែនាំនោះម្ល៉េះហើយនាងក៏មិនដែលបានទទួលលិខិតព្រមានណាមួយពីក្រសួងកិច្ចការនារី ពាក់ព័ន្ធនឹងរូបថតសិចស៊ីដែលខ្លួនបានថតកន្លងមកដែរ ទើបនាងអះអាងថា ខ្លួនអត់បានបញ្ចេញទង្វើប្រឆាំងមន្ត្រីដូចការយល់ឃើញឡើយ។
នេះជារូបថតដែលកុល ដាវី បញ្ជាក់ថាថតមិនមែនដើម្បីប្រឆាំងក្រសួងឡើយ។ សហការី
Friday, 24 August 2012
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
នាងកុល ដាវី បានបង្ហាញអារម្មណ៍ប្រតិកម្ម និងភ័យខ្លួនយ៉ាងខ្លាំង នៅពេលព័ត៌មានថ្មីសន្លាងមួយត្រូវបានចុះផ្សាយ ដែលបញ្ជាក់ន័យថា នាងបើកសមយុទ្ធថតរូបស្រើបស្រាលជាមួយលោកអែនឌី ប៉ុន្មានសន្លឹកចុងក្រោយ ព្រោះចង់ប្រឆាំងនឹងបម្រាមរបស់ក្រសួង។ រូបថតទាំងនោះ ថ្វីដ្បិតតែស្ដែងឡើងនូវទង្វើមិនសមភ្នែក និងបង្ហាញយ៉ាងច្បាស់ថា ជាសកម្មភាពមិនឲ្យតម្លៃដល់ស្រ្តីខ្មែរ ប៉ុន្តែនាងបានប្រាប់ដោយសំឡេងម៉ាត់ៗថា រូបទាំងនោះ គឺមិនមានន័យប្រឆាំងនឹងបម្រាមរបស់ក្រសួងវប្បធម៌ ដែលកំពុងពុះកញ្ជ្រោលនាពេលចុងក្រោយនោះឡើយ ដោយសារតែក្នុងពេលនាងថត គឺនាងអត់បានដឹងថា ក្រសួងមានការហាមប្រាម។
នេះជារូបថតដែលកុល ដាវី បញ្ជាក់ថាថតមិនមែនដើម្បីប្រឆាំងក្រសួងឡើយ។ សហការី
នាងបាននិយាយថា៖ «រូបថតនោះ ខ្ញុំថតតាំងពីជាង៣ខែមុនម្ល៉េះ អ៊ីចឹងហើយ ទើបខ្ញុំមិនសប្បាយចិត្ត នៅពេលមានការលើកឡើងថា ខ្ញុំផ្គើនហ៊ានថតរូបបែបអាសអាភាសជាថ្មី ព្រោះតែចង់ប្រឆាំងបម្រាមក្រសួងវប្បធម៌។ បើខ្ញុំបានដឹងថា សកម្មភាពបែបនេះ មានប្រតិកម្មពីក្រសួងវប្បធម៌ ទោះជាជួលតម្លៃប៉ុន្មាន ក៏ខ្ញុំមិនថតឲ្យដែរ»។
នាងពោលដោយអារម្មណ៍មិនស្រឡះចិត្តថា បើរូបទាំងនេះ ទើបតែថតក្រោយពេលក្រសួងចេញប្រកាស នោះនាងពិតជាខុស ប៉ុន្តែនេះនាងបានថតរូបអស់ហ្នឹង តាំងពីច្រើនខែទៅហើយ តើចំណុចត្រង់ណា ដែលបញ្ជាក់ថា នាងប្រឆាំងបម្រាមមន្ត្រី។ ទោះយ៉ាងណា ផ្អែកតាមអត្ថន័យទាំងស្រុង ដែលបានចុះផ្សាយក្នុងអត្ថបទស្ដីពីរូបសិចស៊ីរវាងរូបនាង និងអែនឌីនោះ គឺមិនមានន័យថា នាងប្រឆាំងនឹងបម្រាមរបស់ក្រសួងវប្បធម៌នាពេលនេះ នោះឡើយ។
គួរបញ្ជាក់ថា កាលពីមុន ក្រោយពេលកុល ដាវី បញ្ចេញរូបថតពាក់អាវទ្រនាប់ ហើយឲ្យសាយ សៀរ៉ា គេងកើយទ្រូង គឺក្រសួងកិច្ចការនារី បានចេញលិខិតធ្វើការព្រមានភ្លាមៗ ដល់ស្ថាប័នដែលបានចុះផ្សាយពីរូបទាំងនោះ។ ថ្វីដ្បិតថា នាងកុល ដាវី មិនបានទទួលការព្រមានដោយផ្ទាល់ពីក្រសួងកិច្ចការនារី តែនាងប្រាកដជាបានដឹងរួចមកហើយ ពាក់ព័ន្ធនឹងប្រតិកម្មពីសំណាក់មន្ត្រី ដែលធ្វើកិច្ចការលើវិស័យលើកស្ទួយតម្លៃស្រ្តីខ្មែរទាំងនោះ បន្ទាប់ពីមានការចុះផ្សាយឡើងព្រោងព្រាត ថានាងនឹងរាងចាល ក្រោយពីមានប្រតិកម្មពីក្រសួងកិច្ចការនារីនោះម្ដងជាពីរដង។ ប៉ុន្តែអាចមកពីការបញ្ជាក់ក្នុងអត្ថបទថាកុល ដាវី ថតរូបស្រើបស្រាលចុងក្រោយ ប្រឆាំងការរិះគន់របស់ក្រសួងកិច្ចការនារីនោះ ស្របនឹងប្រតិកម្មមួយថ្មី ដែលទើបនឹងលេចឡើងពីក្រសួងវប្បធម៌ ទើបធ្វើឲ្យកុល ដាវី ឆេះដុំ។
ដាវី និយាយថា៖ «ខ្ញុំមិនអាចទទួលយកបានឡើយ នៅពេលមានការលើកឡើងថា ខ្ញុំថតរូបស្ទីលកាចៗជាមួយអែនឌី ព្រោះតែផ្គើនមន្ត្រីនៅក្រសួងកិច្ចការនារី ឬក្រសួងវប្បធម៌»។ នាងបន្តថា៖ «បើខ្ញុំទទួលលិខិតព្រមានបានម្ដង ខ្ញុំពិតជាមិនខឹងទេ ប៉ុន្តែនេះគឺខ្ញុំអត់ដែលទទួលអ្វីទាល់តែសោះ»។ នាងបញ្ជាក់ថា៖«ទោះជាខ្ញុំជាតារានិយមស្ទីលសិចស៊ី ប៉ុន្តែខ្ញុំក៏ចេះគោរពច្បាប់ និងទទួលយកការហាមប្រាមរបស់ថ្នាក់លើដែរ ប៉ុន្តែមកពីខ្ញុំមិនដែលបានដឹងព័ត៌មានពីការជំទាស់របស់សាមីក្រសួងទាំងពីរនោះសោះ»។
នាងទទួលស្គាល់ថា រូបថតដែលនាងបានថតចុងក្រោយ ពិតជាមានកាយវិការមិនសមភ្នែក ប៉ុន្តែនាងមិនមែនថតវាឡើងក្នុងបំណងចុះផ្សាយនោះទេ គឺគ្រាន់តែថតទុកមើល និងដើម្បីសម្ញែងម៉ូដខោអាវឲ្យប្លែកភ្នែកប៉ុណ្ណោះ អ៊ីចឹងហើយទើបនាងសុំបញ្ជាក់ថា វាមិនមែនជាទង្វើដើម្បីប្រឆាំងនឹងប្រតិកម្មរបស់មន្ត្រីណាម្នាក់នោះឡើយ។
តារារូបនេះអះអាងយ៉ាងមុតមាំថា៖«ខ្ញុំសង្ឃឹមថា បងប្អូនមហាជនទាំងអស់ពិតជាយល់ពីខ្ញុំ ព្រោះរូបទាំងនោះ ខ្ញុំ និងបងអែនឌី មិនមែនទើបនឹងថតម្សិលមិញម្សិលម្ង៉ៃនោះទេ គឺថតយូរមកហើយ ហើយបើដឹងថា ក្រសួងវប្បធម៌គាត់ហាមអ៊ីចឹងតើអ្នកណាទៅហ៊ានថត ប៉ុន្តែមកពីអត់ដឹង ទើបចេះតែថតទៅ ម្យ៉ាងមកពីគិតថា រូបទាំងហ្នឹងអត់ធ្លាក់ដល់ដៃអ្នកកាសែតផង!»។
កុល ដាវី អះអាងថា នាងកំពុងតក់ស្លុត នៅពេលមានការប្រកាសប្រើពាក្យថា នាងប្រឆាំងមន្ត្រី ក្នុងពេលដែលក្រសួងវប្បធម៌ ទើបតែចេញវិធានការ គ្រោងហៅតារាៗយកទៅព្រមាន ពាក់ព័ន្ធនឹងការបញ្ចេញស្ទីលសិចស៊ី។ ទោះយ៉ាងណា នាងរំពឹងថា ក្រោយការស្រាយបញ្ជាក់នេះ គឺពិតជាធ្វើឲ្យបងប្អូនមហាជនជ្រះស្រឡះ ហើយនឹងទទួលបានការអធ្យាស្រ័យពីក្រសួងវប្បធម៌។
ជាមួយគ្នានោះ នាងបញ្ជាក់ថា នឹងមិនបណ្ដោយខ្លួនទៅថតរូប បែបស្រើបស្រាលជាមួយតារាប្រុសណាបន្ថែមទៀតនោះទេ ក្រោយពីដឹងថាក្រសួងវប្បធម៌ សម្ដែងការមិនពេញចិតុ្ត ហើយគ្រោងកោះហៅតារាៗយកទៅព្រមានដោយបើកចំហពាក់ព័ន្ធនឹងរូបថតមិនសមភ្នែកបែបនេះ។ កុល ដាវី និយាយថា នាងជាតារាមានបំណងធ្វើឲ្យអ្វីដើម្បីតែមហាជនប៉ុណ្ណោះ ប៉ុន្តែបើសកម្មភាពណាមានប្រតិកម្ម នោះគឺនាងនឹងបញ្ឈប់៕

Comments system

Disqus Shortname