Tuesday, August 21, 2012

ក្រសួង​មហាផ្ទៃ​ទទួល​លិខិត​ជូន​ដំណឹង​បើក​គណបក្ស​សង្គ្រោះ​ជាតិ

គណបក្ស សម រង្ស៊ី និង គណបក្ស​សិទ្ធិ​មនុស្ស បាន​ចុះ​បញ្ជី​គណបក្ស​ថ្មី គឺ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រសួង​មហាផ្ទៃ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១២។
RFA/Tin Zakariya
ប្រធាន​គណបក្ស​ សម រង្ស៊ី លោក សម រង្ស៊ី (ស្ដាំ) និង​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា ក្នុង​សន្និសីទ​កាសែត​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២។
លោក ប៉ុល ហំម អ្នក​នាំ​ពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស និង​អ្នក​នាំ​ពាក្យ​ចលនា​សង្គ្រោះ​ជាតិ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២០ សីហា ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​យក​លិខិត​ជូន​ដំណឹង​របស់​លោក​ស្ដីពី​ការ​បង្កើត​គណបក្ស​ថ្មី​ហើយ។
លោក ប៉ុល ហំម បញ្ជាក់​ថា គណបក្ស​ថ្មី​នេះ​មិន​ទាន់​ដាក់​បេក្ខភាព​ប្រធាន​គណបក្ស និង​អនុ​ប្រធាន​នៅ​ឡើយ។ លោក​អះអាង​ថា លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ ជំហាន​ដំបូង​នេះ លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះ​អាសន្ន រី​ឯ​រូប​លោក​ធ្វើ​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​បក្ស​បណ្ដោះ​អាសន្ន​នៃ​ គណបក្ស​សង្គ្រោះ​ជាតិ។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ សីហា ថា ក្រសួង​នឹង​ជូន​ដំណឹង​ឲ្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ដឹង​វិញ នៅ​ក្នុង​រយៈ​ពេល ១៥​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​លិខិត​ជូន​ដំណឹង​នេះ ថា​តើ​ក្រសួង​នឹង​យល់​ព្រម​ចុះ​បញ្ជី​ឲ្យ​បង្កើត​គណបក្ស​ថ្មី​នេះ ឬ​យ៉ាង​ណា?
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ដដែល បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ទេ ពីព្រោះ​ថា លោក សម រង្ស៊ី ជា​ទណ្ឌិត។ លោក​បំភ្លឺ​ថា បើ​សិន​ជា​លោក សម រង្ស៊ី អាច​មក​ធ្វើ​នយោបាយ​វិញ​បាន លុះ​ត្រា​ណា​លោក សម រង្ស៊ី ចូល​មក​ទទួល​ទោស​សិន។
បន្ទាប់​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​ជូន​ដំណឹង​ស្ដីពី​ការ​បង្កើត​គណបក្ស​ថ្មី​នៅ​ថ្ងៃ​ទី​២០ សីហា នេះ​ដែរ គណបក្ស​ទាំង​ពីរ​បាន​ធ្វើ​សន្និសីទ​កាសែត​ភ្លាមៗ អំពី​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។

Comments system

Disqus Shortname