រាជធានីភ្នំពេញ ៖
នារីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង
ឯ២នាក់ទៀតរងរបួសធ្ងន់ និងស្រាល
ខណៈពេលដែលពួកគេជិះម៉ូតូឌុបមួយគ្រឿងប៉ះដៃចង្កូតគ្នាជាមួយ
ម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា
បណ្តាលឱ្យដួលខ្ទាតចូលទៅក្រោមកង់រថយន្តដឹកដីកិនស្លាប់
និងរបួស កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១២ សីហា ២០១២
លើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ
ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលត្រូវរថយន្តដឹកដីកិនស្លាប់នោះ
ឈ្មោះសុវ៉ាត់ ភេទស្រី អាយុ១៦ឆ្នាំ
ជាកម្មការិនីរោងចក្រកាត់ដេរមានទីលំនៅភូមិត្បួងក្រពើ ឃុំកកោះ
ស្រុកសន្ទុក ខេត្តកំពង់ធំ ស្នាក់នៅផ្ទះជួលភូមិវាល
សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកស្ត្រីម្នាក់ទៀតរងរបួសស្រាលឈ្មោះធី និត
អាយុជិត២០ឆ្នាំ មានទីលំនៅ និងស្នាក់នៅជាមួយគ្នា ។
ពួកនាងបានជិះម៉ូតូឌុបមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ
បើកដោយបុរសម្នាក់ឈ្មោះយាក ចៀន អាយុ៤០ឆ្នាំ
មានទីលំនៅភូមិវាល សង្កាត់កន្ទោក រងរបួសធ្ងន់ ។
ដោយឡែករថយន្តដឹកដីដែលបើកកិនមនុស្សស្លាប់
ហើយព្យាយាមបើករត់នោះម៉ាកហ៊ីណូ ពណ៌ខៀវ
បើកដោយបុរសម្នាក់ឈ្មោះខាត់ ពន្លក អាយុ២៥ឆ្នាំ
មានទីលំនៅភូមិស្លែងគង់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅចាប់ឃាត់ខ្លួនបានប្រគល់ទៅឱ្យ
ប៉ូលិសចរាចរខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ។