ភ្នំពេញ : ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញតំបន់ដែលមានតម្លៃកើនឡើងខ្ពស់ ជាងគេគឺខណ្ឌដូនពេញ និងខណ្ឌ៧មករា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យអេស៊ារៀល អ៊ីស្ទេត។
ទិន្នន័យបង្ហាញថា តម្លៃដីធ្លីខណ្ឌដូនពេញ និងខណ្ឌ៧មករា ក្នុងរាជធានីភ្នំពេញ នាឆមាសទី១ ឆ្នាំ២០១២នេះបានកើនឡើង១៩,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ ចំណែកតម្លៃដីធ្លីក្នុងខណ្ឌចំការមនដែលល្បីថា ជាតំបន់ល្អមានតម្រូវការច្រើននោះបានកើនត្រឹមតែ៥,៣ភាគរយ និងខណ្ឌទួលគោកបានកើនឡើង១២,៧ភាគរយ។
លោក កឺក ណារិន អនុប្រធានក្រុមហ៊ុនអេស៊ារៀលអ៊ីស្ទេត បានប្រាប់ថា កំណើននេះមានតាំងពីឆ្នាំ២០១១មកម្ល៉េះ ខណៈពេលវិបត្តិហិរញ្ញវត្ថុពិភពលោកកាន់តែមានភាពធូរស្បើយ។ លោកបញ្ជាក់ថា៖«វិស័យសេដ្ឋកិច្ចចាប់ផ្តើមដំណើរការល្អ ខណៈវិស័យធនាគារ បានបន្ធូរបន្ថយលើការប្រាក់កម្ចី ដែលបានធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែមានភាពប្រសើរឡើងៗ ជាមួយនឹងអ្នកទិញអចលនទ្រព្យសព្វថ្ងៃមានទិសដៅច្បាស់លាស់»។
របាយការណ៍ នោះបានបង្ហាញទៀតថា ដីធ្លីក្នុងខណ្ឌដូនពេញ តំបន់ធ្វើពាណិជ្ជកម្មនៅឆមាសទី១ឆ្នាំនេះ មានតម្លៃជាមធ្យម ៣៣៦៥ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់លំនៅដ្ឋានមានតម្លៃ ២០៤២ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនតំបន់ធ្វើពាណិជ្ជកម្មមួយ ម៉ែត្រការ៉េថ្លៃ២៨៣២ដុល្លារ និងតំបន់លំនៅដ្ឋានមានតម្លៃ១៦៩២ដុល្លារ។
ខណ្ឌ៧មករា តំបន់ធ្វើពាណិជ្ជកម្មនៅឆមាសទី១ឆ្នាំនេះតម្លៃ ៣ ០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់លំនៅដ្ឋានមានតម្លៃ១៦៨១ដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនតំបន់ធ្វើពាណិជ្ជកម្មមួយ ម៉ែត្រការ៉េថ្លៃ២៥៩៧ដុល្លារ និងតំបន់លំនៅដ្ឋានមានតម្លៃ១ ៣៥៧ដុល្លារ។
ដីធ្លីក្នុងខណ្ឌចំការមន តំបន់ធ្វើពាណិជ្ជកម្មនៅឆមាសទី១ឆ្នាំនេះតម្លៃគិតជាមធ្យម ២ ៦៨៥ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់លំនៅដ្ឋានមានត្រឹមតែ ១ ៣៦២ដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនតំបន់ធ្វើពាណិជ្ជកម្មមួយ ម៉ែត្រការ៉េថ្លៃ២ ៥០៣ដុល្លារ និងតំបន់លំនៅដ្ឋានជាមធ្យមត្រឹមតែ១ ៣១៧ដុល្លារ។ រីឯដីធ្លីក្នុងខណ្ឌទួលគោក តំបន់ធ្វើពាណិជ្ជកម្មមានតម្លៃគិតជាមធ្យម ២ ១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់លំនៅដ្ឋានមានតម្លៃ៩៤៨ដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំមុនតំបន់ធ្វើពាណិជ្ជកម្មមួយម៉ែត្រការ៉េ ថ្លៃ១ ៨២៧ដុល្លារ និងតំបន់លំនៅដ្ឋានមានតម្លៃ៨៧៤ដុល្លារ។
លោក ណារិន មានថ្លែងទៀតថា តម្លៃទីផ្សារអចលនទ្រព្យនៅដំណាច់ឆ្នាំនេះមិនរំពឹងថា កើនឡើងលើសឆ្នាំទៅមិញច្រើនទេ គឺវាអាចត្រឹមតែ៦ភាគរយប៉ុណ្ណោះ។ លោកបានលើកឡើងថា អ្នកវិនិយោគផ្នែកវិស័យអចលនទ្រព្យមានការយល់ដឹងច្រើនក្នុងការ ប្រែក្លាយលំនៅដ្ឋានដើម្បីធ្វើអាជីវកម្ម ដែលពីមុនពួកគាត់វិនិយោគតែវីឡា ប៉ុន្តែឥឡូវនេះបានចាប់ផ្តើមវិនិយោគជាអាផាតមិន លក់ឬជួលវិញម្តង។
លោក បញ្ជាក់ថា៖«វីឡាមួយជួលបានតែ៣ទៅ៤ពាន់ដុល្លារក្នុងមួយខែ តែបើសាងសង់ធ្វើជាអាផាតមិន ស្ថិតនៅតំបន់ដូចគ្នា ទំហំដីប៉ុនគ្នាវិញគាត់អាចរកចំណូលបានពី៤ទៅ៥ម៉ឺនដុល្លារក្នុង មួយខែ»។ លោកបន្តថា តម្រូវការជួលអាផាតមិន បានកើនលើសការផ្គត់ផ្គង់ពី៥ទៅ១០ភាគរយ។
លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប និងជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាបានថ្លែងថា ទីផ្សារអចលនទ្រព្យនៅភ្នំពេញតម្លៃទិញដូរពិតប្រាកដនៅឆមាសទី១ ឆ្នាំនេះបានកើនឡើង១០ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបាន ប្រាប់ឲ្យដឹងទៀតថា ដីធ្លីខណ្ឌដូនពេញគ្របដណ្តប់ទៅដោយការវិនិយោគសំណង់ច្រើនមែន ប៉ុន្តែខណ្ឌនេះមានទីតាំងល្អតែមួយចំនួនប៉ុណ្ណោះ។ លោកបញ្ជាក់ថា ៖«ខណ្ឌដូនពេញ និងខណ្ឌចំការមន ល្អដូចគ្នា មានសក្តានុពលនៃការវិនិយោគប្រហាក់ប្រហែលគ្នា ជាក់ស្តែងលំនៅដ្ឋានតំបន់បឹងកេងកង១ ជាតំបន់មានតម្រូវការចាំបាច់ខ្លាំងជាងតំបន់ផ្សេងៗទៀតនៅភ្នំពេញ» ។ លោកបន្ថែមថា ដីធ្លីខណ្ឌចំការមន មានសក្តានុពល៥០ភាគរយ ដូនពេញមាន៧០ភាគរយ និងតំបន់ខណ្ឌ៧មករាជាតំបន់ដែលមានលក្ខណៈទីផ្សារចម្រុះតែទីផ្សារ ដោះដូរនៅមានកម្រិតនៅឡើយ៕