Wednesday, August 29, 2012

ផឹក​ស្រវឹង​​វាយធ្វើ​បាប​ប្រពន្ធ​ កូន​ឃើញ​ទាញ​ព្រនង់​​សំពង​ស្លាប់

​បុរសម្នាក់​បាន​​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​​ក្រុម​គ្រួសារ​បញ្ជូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​២​ថ្ងៃ​ ខណៈ​​ជន​នេះ​​ផឹក​ស្រវឹង​មក​ដល់​​ផ្ទះ​​រក​រឿង​វាយ​បំផ្លាញ​​ទ្រព្យ​ សម្បត្តិ​​និង​វាយ​ប្រពន្ធ​​រៀង​​រាល់ថ្ងៃ​ កូន​ប្រុស​​ឃើញអស់ភាពអត់​ធ្មត់​​​ក៏ទាញ​ព្រនង់​​វាយសំពង បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ កាល​ពីថ្ងៃទី​២៩ សីហា ២០១២ ​វេលា​ម៉ោង​៥​និង​៤០​នាទីព្រឹក​ស្ថិតក្នុង​​​ភូមិ​​ក្រាំង​ដេ ​ឃុំ​ធ្លក ស្រុក​ទ្រាំង ។
​លោក​ទៀង​ ម៉ាលី ​អធិការ​នគរបាល​ស្រុក​ទ្រាំង បាន​ឱ្យ​ដឹងថា ឪពុក​ចុង​ដែល​ត្រូវ​កូន​ដើម​វាយ​រហូត​​ស្លាប់​នោះ​​​ឈ្មោះ​ប៊ុន ប៊ន ​អាយុ​​៤៨ឆ្នាំ​ មាន​​ប្រពន្ធ​ឈ្មោះ​លឹម ហេង អាយុ​៤៧​ឆ្នាំ មាន​កូន​៣​នាក់ ក្នុងនោះ​កូន​ប្តី​មុន​ម្នាក់ ដែល​ជា​ជនដៃ​ដល់​ឈ្មោះ​ជ្រន ផារិន អាយុ​១៧​ឆ្នាំ ​ដាក់​មេ​ប្រូច​បាត់​ស្រមោល។
លោកអធិការ​ស្រុក​​​ បន្តទៀតថា កាល​ពី​​ថ្ងៃ​ទី​២៧ សីហា ​២០១២ វេលា​ម៉ោង​៦​និង​៣០​នាទីល្ងាច​ប្រពន្ធ និង​កូនៗ​នៅ​ផ្ទះ​ជុំគ្នា ស្រាប់​តែ​បុរស​​រងគ្រោះ​​​ដើរ​មក​ពី​ណា​ទេ ​ទាំង​ស្រវឹង​ជោក​ត្រឡប់​មក​ផ្ទះ​វិញ​ គាប់​ជួន​ពេល​នោះ​កូន​ប្រុស​ឈ្មោះ​ជ្រន ផារិន ​ដែល​ជាជនដៃ​ដល់​ធ្វើ​កម្ម​ករ​នៅ​ភ្នំពេញ​មក​លេង​ផ្ទះ​ ពេល​ឃើញ​ឪពុក​ចូល​ផ្ទះ​ក៏​បាន​សុំ​លុយ​ចំន​ួន​៥​ម៉ឺុន​រៀល​ធ្វើ​​សោហ៊ុយ​ ត្រឡប់​​ទៅ​ធ្វើ​ការ​ងារ​វិញ តែ​ត្រូវ​ឪពុក​នោះ​និយាយថា ​«អញ​​គ្មាន​លុយ​​ទេ» រួច​ក៏​​ហក់​ទៅ​ដាល់​មុខ​ចំនួន​២-៣​ដៃ​​ធ្វើ​ឱ្យ​​ស្ត្រី​ជា​ប្រពន្ធ និង​កូនៗ​ភ័យ​ខ្លាច​ក៏នាំគ្នា​រត់​ចេញ​ពី​ផ្ទះ​​អស់ ហើយ​​ឪពុក​​រូប​នេះ​បាន​​កាន់​ពូថៅ​ឡើង​ទៅ​លើ​ផ្ទះ​វាយ​បំផ្លាញ​ទូរទស្សន៍​១ ​​គ្រឿង និង​​ធុង​ទឹក​កក​​១​រួច​បាន​ស្រែក​ហៅ​ប្រពន្ធថា «បើ​មិន​ត្រឡប់​ចូល​ផ្ទះទេ អញ​នឹង​ដុតផ្ទះ​ចោល»​ លុះ​ប្រពន្ធ​មក​ដល់​​ក៏ត្រូវ​ប្តី​នោះ​ចាប់​​បោច​សក់​​អុក​ទៅលើ​ដី​​ ពេល​នោះ​កូន​​ប្រុស​ឃើញ​បែប​នេះ​ក៏​រត់​ទៅ​ជួយ​ម្តាយ​ ​និង​​រុញ​ឪពុក​​ដួល​ផ្កាប់​មុខ​ទៅលើ​ដី ហើយទាញ​ព្រនង់​​វាយ​កញ្ចឹង.ក និង​ខ្នង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​​តែម្តង ។(KOH)

Comments system

Disqus Shortname