Tuesday, August 28, 2012

ជនប្លន់ប្រដាប់ អាវុធ៤នាក់ ត្រូវបានផ្តន្ទា ទោសម្នាក់ៗ ជាង៣០ឆ្នាំ

ភ្នំពេញៈ ជនប្លន់ប្រដាប់ អាវុធបួននាក់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ ត្រូវសាលាដំបូង រាជធានីភ្នំពេញ ប្រកាសផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ ជាង៣០ឆ្នាំ បន្ទាប់ពីរកឃើញថា បានប្រព្រឹត្ត សកម្មភាពប្លន់ដោយ ប្រើអាវុធ បីករណីក្នុងខែតែមួយ ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សួស សំអាត បានសម្រេច ផ្តន្ទាទោស ជន ជាប់ចោទ ប៊ុន ញិល, ឃុន ភារម្យ, សុខ ផល្លា និង ឡឹក សុខលី ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ១៥ឆ្នាំ ពីប្លន់ ដោយ ប្រើប្រាស់ អាវុធខុសច្បាប់។ លោក សួស សំអាត ក៏បានសម្រេចឲ្យ ជនជាប់ចោទ ប៊ុន ញិល, ឃុន ភារម្យ និងជនជាប់ចោទ ឡឹក សុខលី រួមគ្នាសងថ្លៃម៉ូតូ ៨០០ដុល្លារដល់ជនរងគ្រោះ ។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកគឺ ប៊ុណ្ណារ៉ា បានចោទប្រកាន់អ្នកទាំង៤នាក់ ពីបទ កំហែងយកដោយប្រើអាវុធ និងប្រើប្រាស់អាវុធ ខុសច្បាប់ ប្រព្រឹត្តនៅចំណុច ជិតផ្សារ៧មករា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១១ និង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ ប្រព្រឹត្តម្តងទៀត នៅចំណុចផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ បានកំហែង ដោយប្រើអាវុធ ប្លន់យកម៉ូតូសេ១២៥ មួយគ្រឿង ពីក្មេងប្រុស អាយុ១២ឆ្នាំម្នាក់ ។
ចំពោះសំណុំរឿងប្លន់យកម៉ូតូពីក្មេងប្រុសអាយុ១២ ឆ្នាំនេះដែរ សាលាដំបូងក៏បាន ផ្តន្ទាទោស ជនជាប់ចោទ ប៊ុន ញិល, សុខ ផល្លា, និងជនជាប់ចោទ ឡឹក សុខលី ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេល១២ឆ្នាំ ។
ដោយឡែកសំណុំរឿងដែលបានប្រព្រឹត្តនៅចំណុចម្តុំបុរីកីឡា ប្លន់យកម៉ូតូ ពីជនរងគ្រោះ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ ពីបទកំហែងយកដោយ ប្រើអាវុធ និងការប្រើប្រាស់អាវុធ ខុសច្បាប់ត្រូវ តុលាការផ្តន្ទាទោសជន ជាប់ចោទ ប៊ុន ញិល, សុខ ផល្លា និងជនជាប់ចោទ ឡឹក សុខលី ដាក់ ពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេល៨ឆ្នាំ។
ចំពោះសំណុំរឿងនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើក សវនាការជំនុំជម្រះ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ៕

Comments system

Disqus Shortname