Sunday, August 26, 2012

កុមារអនាថា ដើរបោសជូតឡាន ចល័តតាមស្តុប

ភ្នំពេញ: ​កុមារ​អនាថា​មួយចំនួន​បាន​ដើរ​បោស​ជូត​ឡាន នៅតាម​ស្តុ​ប​ដោយ​ក្តី​វេទនា ព្រោះតែ​កុមារ​ទាំងនេះ​គ្មាន​ទីពឹង​គ្មាន​ភាពកក់ក្តៅ និង​គ្មាន​ចំណីអាហារ​ហូបចុក​គ្រប់គ្រាន់ ទើប​ពួកគេ​សម្រេចចិត្ត​មក​បោស​ជូត​ឡាន​នៅតាម​ស្តុ​ប​យ៉ាង​ដូច្នេះ​។ ដោយនៅ​ពេលខ្លះ​ត្រូវបាន​ម្ចាស់​ឡាន​ឲ្យ​លុយ​បន្តិចបន្តួច ហើយ​ពេលខ្លះទៀត​ត្រូវបាន​ម្ចាស់ ឬ​អង្គរក្ស​ការពារ ស្តីបន្ទោស​ទៀតផង​។​


​ តួយ៉ាង​កុមារា ជា ចេង អាយុ​១៤​ឆ្នាំ ជា​កុមារ​អនាថា​មួយរូប​ដែល​គ្មាន​ទី​ជំរក​ពិត​ប្រា​ដក គ្មាន​អាហារ​ហូបចុក​គ្រប់គ្រាន់ ដោយ​ឪពុក​ចាប់​ពន្ធនាគារ ឬ​រីឯ​ម្តាយ​មាន​ជីវភាព​ទីទ័លក្រ ហើយ​ការសិក្សា​រៀនសូត្រ​បាន​ត្រឹម​ថ្នាក់​ទី​៤​ក៏​សម្រេចចិត្ត​ឈប់រៀន មក​ធ្វើជា​អ្នក​បោស​ជូត​ឡាន​តាម​ស្តុ​ប​ទៅវិញ​។​

​កុមារា ជា ចេង​បាន​និយាយថា “ ខ្ញុំ​មក​បោស​ជូត​ឡាន អស់​រយៈពេល​ពីរ​បី​ខែ​ហើយ ដោយ​ពេលខ្លះ​ត្រូវបាន​ម្ចាស់​ឡាន​ឲ្យ​លុយ ( អាស្រ័យ​លើទឹក​ចិត្ត​ម្ចាស់​អាច​ឲ្យ​២០០​រៀល ដល់​៤.០០០​រៀល​)”​។​

​ កុមារា ជា ចេង​បាន​និយាយ​បន្តថា “​ខ្ញុំ​ចេញមក​បោសឡាន​ឲ្យ​គេ​តែ​នៅ​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១១​ព្រឹក និង​នៅ ម៉ោង​៤​ល្លាច ដល់​ម៉ោង​៧​យប់​។ ប្រាក់​ដែល​ទទួលបាន​ក្នុង​មួយថ្ងៃ​អាច​១​ម៉ឺន​រៀល ដល់​២​ម៉ឺន​រៀល រួច​ប្រាក់​ទាំងនេះ ត្រូវយក​ទៅជូន​ម្តាយដើម​ទិញ​អង្គរ និង​ម្ហូប​”​។​

​ រីឯ​កុមារា រស់ អ៊ូ​ក អាយុ​១៥ ជា​កុមារ​អនាថា​ដើរ​ដេក​តាម​ផ្សារ ព្រោះ​ត្រូវបាន​ម្តាយ​ឪពុក​ស្លាប់ចោល និង​បាន​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​៦ ហើយក៏​ធ្លាប់បាន​នៅ​អង្គការ​កុមារកំព្រា​ដែរ តែ​ក្រោយមក​សម្រេចចិត្ត​ចេញ​វិញ បាន​និយាយថា “ ដោយ​ខ្ញុំ​ឃើញ​គេ​ជូត​ឡាន​បាន​លុយ ក៏​មក​ជូត​នឹង​គេ​ទៅ ដោយពេល​ខ្លះ​បាន​លុយ និង​ពេលខ្លះ​មិន​លុយ រួចហើយ​ត្រូវ​ម្ចាស់​ឡាន​ស្តីបន្ទោស  និង​មាន​ពេលខ្លះទៀត​ម្ចាស់​ឡាន​អនុញ្ញាត​ឲ្យ​ជូត តែ​អង្គរក្ស​មិន​ឲ្យ​ជូត​ថែមទាំង​ស្តីបន្ទោស​ទៀតផង​”​។​

​កុមារា រស់ អ៊ូ​ក​បន្តថា “​ខ្ញុំ​ដើរ​បោស​ជូត​ឡាន ចល័ត​តាម​ស្តុ​ប​ធំៗ ឲ្យ​តែ​ឡាន​អាច​បោស​ជូត​បាន​គឺ​ខ្ញុំ​បោស​ហើយ តែ​ចំពោះ​ឡាន​ស៊េរី​ទំនើប​ខ្លាំង ខ្ញុំ​មិន​ជូត​ទេ​ខ្លាច​ម្ចាស់​ឡាន​ស្តីបន្ទោស​”​។​
​ចំពោះ​កុមារ សួន សុខា អាយុ​១៤​ឆ្នាំ ពុំបាន​រៀនសូត្រ​ទេ​ព្រោះតែ​ម្តាយ​ឪពុក​ស្លាប់ចោល ហើយ​មក​ដេក​នៅ​ផ្សារ​ដើម​គ ដោយនៅ​ពេលខ្លះ​ត្រូវ​ដើរ​សុំទាន តែ​ភាគច្រើន​គឺ​បោស​ជូត​ឡាន​តាម​ស្តុ​ប បាន​និយាយថា​
“​ខ្ញុំ​បាន​បោស​ជូត​ឡាន​បី​ខែ​ហើយ លុយ​ទទួលបាន​គឺ​យកទៅ​ទិញ​នំចំណី និង​បាយ​ហូប​” ។​

​ កុមារ សួន សុខា បាន​បន្តថា “ នៅពេល​ខ្លះ​មាន​អ្នក​មក​វាយ​ធ្វើបាប និង​បាន​យកលុយ​ទៅ​អស់ ហើយ​ត្រូវ​ឈឺខ្លួន និង​ដេក​អត់បាយ ថែមទាំង​បង្ខំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ក៏មាន​”​។​

​ទាក់ទិន​នឹង​ ទិដ្ឋភាព​ខាងលើ លោកស្រី​វេជ្ជបណ្ឌិត ពុង ឈី​វ​កេក ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​មានប្រសាសន៍ថា អង្គការ​លោកស្រី​មិន​ចង់ឃើញ​កុមារ​ត្រូវបាន​គេ​ប្រើប្រាស់​កម្លាំង​ពលកម្ម នៅតាម​កន្លែងធ្វើការ​ធ្ងន់ធ្ងរ និង​បង្ខំ​ឲ្យ​ធ្វើការ​ស៊ីឈ្នួល​តាម​ផ្ទះ ភោជនីយដ្ឋាន ដោយ​ពុំ​បានទទួល​ការរៀនសូត្រ​នោះឡើយ​។​

​លោកស្រី​បាន​ បញ្ជាក់ថា “​តាម​ការអង្កេត ឃើញថា ការរំលោភ​សេពសន្ថវៈ​នៅតែមាន ហើយ​កុមារ​ដែល​ធ្វើការ​នៅ​កន្លែងធ្វើការ​ងារ​ធ្ងន់ធ្ងរ និង​ធ្វើការ​នៅតាម​ផ្ទះ ភោជនីយដ្ឋាន ក៏​នៅតែមាន មិនអាច​លុបបំបាត់បាន នោះ​ដោយសារតែ​បញ្ហា​ក្រលំបាក​របស់​ឪពុកម្ដាយ ដែល​យក​កូន​មក​ឲ្យ​ស៊ីឈ្នួល​បម្រើ​ការងារ​តាម​ផ្ទះ និង​កន្លែង​នានា ដោយ​មិន​គិតពី​អនាគត​របស់​កូន ហើយ​ឪពុកម្ដាយ​ខ្លះទៀត យក​កូន​មក​ធ្វើការ​ដើម្បី​សងបំណុល​គេ ដោយ​កុមារ​ទាំងនោះ​មិនបាន​ទៅ​សាលា និង​ខ្លះទៀត​ត្រូវបាន​ឈប់​ពីសា​លា ដោយ​ម្ដាយ​ឪពុក ឬ​អាណាព្យាបាល យកមក​ឲ្យ​ធ្វើការ​រកប្រាក់​”​។​

​លោកស្រី​វេជ្ជបណ្ឌិត​បាន​រៀបរាប់​ បន្តថា អង្គការ​លីកាដូ​បាន​រកឃើញ​កុមារ​ធ្វើការ​នៅតាម​ស្រែអំបិល (​កំពត​, កែប​), បក​បង្គា​, តាម​ឡឥដ្ឋ​, រោងចក្រ​, កុមារ​ខ្លះទៀត​ធ្វើការ​នៅ​កន្លែង​ចាក់សំរាម (​គ្មាន​ការការពារ​សុខភាព​) និង​កន្លែងធ្វើការ​ធ្ងន់​ដូច​មនុស្ស​ធំ ដោយ​មិនបាន​ទៅ​សាលា​។​

​ លោកស្រី​ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ​បាន​បន្ថែមថា ចំពោះ​កុមារ​ដែល​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ និង​ចំណីអាហារ​ផ្សេងទៀត តាម​អាហារ​ដ្ឋា​ន​នានា​នោះ មិន​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ មិន​គ្រោះថ្នាក់​ដល់​ជីវិត ដូច​កុមារ​ដែល​ធ្វើការ​នៅតាម​ស្រែអំបិល រោងចក្រ និង​ឡឥដ្ឋ​ទេ ដោយ​ម្ដាយ​ឪពុក​ខ្លះ​បាន​ឲ្យ​កូន​មាន​ពេល​ទៅ​សាលា ប៉ុន្តែ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ឲ្យ​ធ្វើជា​អ្នកស្វែងរក​ប្រាក់ចំណូល​សម្រាប់​គ្រួសារ ជំនួស​អាណាព្យាបាល ឪពុកម្ដាយ​នោះ ជា​ទង្វើ​ខុសច្បាប់ និង​អសីលធម៌​សង្គម​។ តាមច្បាប់ កុមារ​ដែលមាន​អាយុ​ចាប់ពី ៦​ឆ្នាំ ទទួលបាន​សិទ្ធិ​ចូលរៀន​ដោយ​មិន​បង់ថ្លៃ នៅ​សាលា​រដ្ឋ រហូតដល់​ចប់​មធ្យមសិក្សា​បឋមភូមិ​។​

​លោកស្រី​ បញ្ជាក់ទៀតថា “​ចំពោះ​ការ​ឲ្យ​កុមារ​ចូលរួមចំណែក​ក្នុង​សេដ្ឋកិច្ច សម្រាប់​ថ្ងៃ​សៅរ៍ និង​អាទិត្យ សម្រាក​ពី​ការរៀនសូត្រ គឺជា​រឿង​ធម្មតា ប៉ុន្តែ​ខ្ញុំ​ចង់ឃើញ​កុមារ​ទាំងនោះ​ចូល​សាលា​។ កុមារ​ដែល​រៀនសូត្រ ទើប​មានចំណេះ​វិជ្ជា រក​ការងារ​ធ្វើ​ក៏​ស្រួល និង​មិន​ងាយ​ចាញ់បោក​គេ ដោយ​គេ​ចេះ​ពិចារណា​”​។​

​ស្របពេល​ជាមួយគ្នានេះដែរ កម្ពុជា​ជា​ប្រទេស​ហត្ថលេខី នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​កុមារ និង​អនុសញ្ញា​លេខ ១៨២ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ស្ដីពី ការលុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានចេញ​សារាចរ​ណែនាំ ស្ដីពី ការចាត់តាំង​ខួប​លើក​ទី​៦៣ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១១ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០១២ ដែល​ទាំងនេះ គឺជា​ការចូលរួម​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។​

​ នៅក្នុង​សេចក្ដីណែនាំ​នោះដែរ សម្ដេច​តេ​ជោ ហ៊ុន សែន (១៧ ឧសភា ២០១២) បាន​បញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្ម​កុមារ ១២​មិថុនា គឺ​សំដៅ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ និង​ទម្រង់​ធ្ងន់ធ្ងរ ដូចជា ទាសករ​កុមារ ការជួញដូរ​កុមារ ពេស្យាចារ​កុមារ ការប្រើប្រាស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ និង​ក្នុងស្ថានភាព​ងាយ​រងគ្រោះ​។ សម្ដេច​បានបញ្ជាក់​បន្ត​ថា យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ក្នុង​ពិភពលោក​មាន​កុមារ​ប្រមាណ ២១៥ លាន​នាក់ ដែល​កំពុង​ពាក់ព័ន្ធ​ជាមួយនឹង​ពលកម្ម​កុមារ (​កុមារា​ចំនួន ១២៧ លាន​នាក់​, កុមារី​ចំនួន ៨៨ លាន​នាក់​) ក្នុងនោះ មាន​កុមារ​ចំនួន​ប្រមាណ ១១៥ លាន​នាក់ (​កុមារា​ចំនួន ៧៤ លាន​នាក់​, កុមារី​ចំនួន ៤១ លាន​នាក់​) កំពុង​រងគ្រោះ​ដោយ​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​។ អាស្រ័យ​ហេតុនេះហើយ ទើប​អង្គការ​ពលកម្ម​អន្តរជាតិ សម្រេចយក​ថ្ងៃទី​១២​មិថុនា ជា​រៀងរាល់ឆ្នាំ ដើម្បី​រៀបចំ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​។​

​នៅក្នុង​សារាចរ ​ណែនាំ​ដដែល​នោះ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​បង្កើន​សកម្មភាព​គាំទ្រ និង​ការពារ​ដល់​កុមារ ដើម្បី​លើកស្ទួយ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ និង​ដើម្បី​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត នូវ​សិទ្ធិ​ជា​ចម្បង​ទាំង​បួន​របស់​កុមារ គឺ​សិទ្ធ​រស់រានមានជីវិត​, សិទ្ធិ​ទទួលបាន​ការការពារ​, សិទ្ធិ​ក្នុងការ​អភិវឌ្ឍ និង​សិទ្ធិ​ក្នុងការ​ចូលរួម​។ ស្ថានភាព​មាតា​ទារក ការអប់រំ​សិក្សា និង​ការការពារ​កុមារ​ប្រឆាំងនឹង​អំពើ​រំលោភបំពាន​ផ្សេងៗ ត្រូវបាន​យកចិត្តទុកដាក់​ជំរុញ​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​សម្រេចបាន​លទ្ធផល​ជាច្រើន តាម​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​។ ជាងនេះទៀត រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា​លើ​វិស័យ​សង្គមកិច្ច អប់រំ សុខាភិបាល អភិវឌ្ឍន៍ជនបទ កសិកម្ម និង​វិស័យ​មួយចំនួនទៀត ក្នុង​គោលដៅ​ឲ្យ​ប្រជាជន ជាពិសេស​កុមារ ទទួលបាន​សេវា​សង្គម​ប្រកបដោយ​សមធម៌ កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​បើទោះបីជា​យ៉ាងនេះ​ក្ដី កុមារ​កម្ពុជា​នៅ​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​មួយចំនួន​នៅឡើយ ដែល​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា​ចូលរួម​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​ចំ​គោលដៅ ជាពិសេស​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បានល្អ និង​មាន​ប្រសិទ្ធភាព នូវ​គោលនយោបាយ លិខិតបទដ្ឋាន​គតិ​យុទ្ធ ផែនការ​ជាតិ និង​កម្មវិធី​ជាច្រើន ដែល​រាជរដ្ឋាភិបាល​បាន​បង្កើតឡើង រួមមាន គោលនយោបាយ​ថែទាំ ជំនួយ​ចំពោះ​កុមារ យុទ្ធសាស្ដ្រ​ជាតិ​គាំពារ​សង្គម​សម្រាប់​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ បទដ្ឋាន​អប្បបរមា​សម្រាប់​ការថែទាំ​កុមារ​ក្នុង​មណ្ឌល បទដ្ឋាន​អប្បបរមា​សម្រាប់​ការថែទាំ ជំនួយ​ចំពោះ​កុមារ​នៅតាម​សហគមន៍ បទដ្ឋាន និង​គោលការណ៍​ណែនាំ​សម្រាប់​ការថែទាំ ការគាំទ្រ និង​ការការពារ​កុមារកំព្រា និង​កុមារ​ងាយ​រងគ្រោះ និង​នីតិវីធី​អនុវត្ត​គោលនយោបាយ ស្ដីពី​ការថែទាំ ជំនួយ​ចំពោះ​កុមារ​។​

​នៅ​កម្ពុជា បើតាម​ការអះអាង​រប​ស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) មាន​កុមារ​សរុប​ប្រហែល ១​លាន ៥​សែន​នាក់ ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ​។ ក្នុងចំណោម​នោះ កុមារ​ប្រហែល ៣១ ម៉ឺន​នាក់ កំពុងស្ថិត​នៅក្នុង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​។ មានការ​ប៉ាន់​ស្មានថា នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ មាន​កុមារ​ប្រមាណ ២១៥ លាន​នាក់ ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ ហើយ​ពួកគេ​ជាង​ពាក់កណ្តាល បាន​ធ្លាក់​ចូលក្នុង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​។​

​អង្គការ ILO បានចេញ​ផ្សាយ​សារ​របស់ខ្លួន ដើម្បី​ចូលរួម​ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្ម​កុមារ ១២​មិថុនា ថា “​នៅក្នុង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ កុមារ​ទទួលរង​ប៉ះពាល់​ដល់​ផ្លូវកាយ ផ្លូវចិត្ត និង​សីលធម៌ ដែល​ធ្វើ​ឲ្យ​មានការ​រងគ្រោះ​យូរអង្វែង​ចំពោះ​កុមារ​ទៀតផង​។ ការចូល​ក្នុង​ទីផ្សារការងារ​មុនពេល​ពេញវ័យ ពួកគេ​នឹងមិន​បានទទួល​ការអប់រំ និង​ការបណ្តុះបណ្តាល​ចាំបាច់ សម្រាប់​ជួយ​អនាគត គ្រួសារ និង​សហគមន៍​របស់​ពួកគេ​ឡើយ​”​។​

​នៅ​ឆ្នាំ​២០០៨ កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​លំដាប់​ទីមួយ​នៅក្នុង​តំបន់ ដែល​បានអនុម័ត​ទទួលយក​គោលដៅ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ស្តីពី​ការបញ្ចប់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ឲ្យ​អស់​នៅត្រឹម​ឆ្នាំ​២០១៦​។ ហេតុនេះ រាជរដ្ឋាភិបាល​បាន​បំពេញការងារ​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​គោលដៅ​នេះ​ក្លាយជា​ការពិត​។ បច្ចុប្បន្ន មាន​ក្រសួង​ផ្សេងៗ​ចំនួន ៩ របស់​រាជរដ្ឋាភិបាល និង​បណ្តា​ខេត្ត​ជាច្រើន រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ កំពុងធ្វើការ​រួមគ្នា​ក្នុងការ​សម្របសម្រួល និង​ចាត់វិធានការ​ផ្សេងៗ ដើម្បី​បញ្ចប់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​នៅ​កម្ពុជា នា​ឆ្នាំ​២០១៦៕

Comments system

Disqus Shortname