រាជធានីភ្នំពេញ ៖
បុរសម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់បានវាយរបួសពេញខ្លួន
នៅពេលដែលហៅម៉ូតូឌុបជិះទៅកន្លែងស្ងាត់
ហើយយកម្ទេសញីដាក់ភ្នែកធ្វើសកម្មភាពប្លន់យកម៉ូតូម៉ាកវ៉េវ
ពណ៌ខ្មៅ មួយគ្រឿងពុំបានសម្រេច។
អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០
នាទីយប់ថ្ងៃទី១៩ សីហា ២០១២ នៅចំណុចក្រុម៨ ផ្លូវកា៥
ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ
ហើយរហូតដល់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ សីហា
ទើបចាប់ខ្លួនបាន
ខណៈដែលជននោះរត់ទៅពួនសម្ងំលាក់ខ្លួននៅក្នុងផ្ទះរបស់ប្រជាពល
រដ្ឋ ។ ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះទេព បូរ៉ា ភេទប្រុស
អាយុ៣៨ឆ្នាំ ជាអ្នកបកប្រែភាសាថៃ មានទីលំនៅភូមិទ្រា
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ចំណែកម្ចាស់ម៉ូតូដែលត្រូវចោរប្លន់ឈ្មោះឃុល សុជាតិ ភេទប្រុស
អាយុ៣១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទះលេខ៣៦បេ
ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានឱ្យដឹងថា
នៅមុនពេលកើតហេតុជនសង្ស័យបានហៅម៉ូតូឌុបជិះពីផ្លូវលេខ២៣០
សង្កាត់ទឹកល្អក់ទី៣ក្នុងគោលបំណងមកអង់តែនទូរទស្សន៍ជាតិ ។
ប៉ុន្តែពេលដែលមកដល់គោលដៅជននោះបានប្រាប់ឱ្យម្ចាស់ម៉ូតូ
ធ្វើដំណើរទៅតាមផ្លូវកា៥
កន្លែងកើតហេតុដែលជាកន្លែងស្ងាត់រួចធ្វើសកម្មភាពប្លន់ដោយយក
ដៃសង្កត់កញ្ចឹង.ក និងដៃម្ខាងទៀតយកម្ទេសមកប៉ាតញីលើមុខ
ហើយប្លន់យកម៉ូតូបានសម្រេចជិះចេញទៅត្រូវជនរងគ្រោះស្រែកថា
ចោរៗ ជននោះក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន
តែត្រូវចាប់បានវាយបែកក្បាល ច្រមុះ
និងដងខ្លួនប្រគល់ទៅឱ្យប៉ូលិសដើម្បីចាត់ការតាមច្បាប់។