រតនគីរីៈ អំពើឃាតកម្មយ៉ាងសាហាវ ឃោរឃៅ រឿងលុយ៤០ម៉ឺនរៀល
ត្រូវប្រពន្ធយកកូនកាំបិត ចាក់សម្លាប់ប្តី នៅក្រោមផ្ទះ លោកមេភូមិ
នាពាក់កណ្តាលអធ្រាត្រ។ ហើយស្រ្តីជាកម្មករ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាល
ស្រុកកូនមុំ ឃាត់ខ្លួ បញ្ជូនទៅកាន់អធិការស្រុក។ ហេតុការណ៍នេះ បានកើតឡើង
កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នៅក្រោមផ្ទះលោកមេភូមិ
ឈ្មោះ មួន អឿន។
តាមប្រភពព័ត៌មាន ពីកម្លាំងនគរបាលស្រុកកូនមុំ បានឲ្យដឹងថា ជនរងគ្រោះជាប្តី មានឈ្មោះ សាន មុំ អាយុ ៣៤ឆ្នាំ ត្រូវជាប្តីរបស់ជនល្មើស មានឈ្មោះ កែវ សាវី ហៅសាវេន អាយុ ២៨ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី។
ប្រភពព័ត៌មានដដែល បានបន្តថា ក្រោយពីកើតហេតុបន្តិច កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតេហេតុ ទាំងយប់ ដើម្បីត្រួតពិនិត្យសាកសព ឃើញមានស្នាម របួសមួយកន្លែង ត្រូវចំត្រង់ដោះខាងឆ្វេង ដោយសារប្រពន្ធ ចាក់មួយកាំបិតចុងស្រួច មានជម្រៅប្រវែងមួយចង្អាម បណ្តាលឲ្យហូរឈាមក្រហមច្រាល ពេញកន្ទេល ហើយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តងទៅ។
ស្រ្តីជាឃាតករ បានសារភាពប្រាប់កម្លាំង សមត្ថកិច្ចនគរបាល ស្រុកកូនមុំ ថា នៅមុនពេលកើតហេតុ ប្រហែលជា ម៉ោង៣រសៀល ប្តីរបស់គាត់បានទារលុយថ្លៃ លក់ឈើ ពីគេជំពាក់បាន ៤០ម៉ឺនរៀល ក្រោយពីទារលុយគេ បានហើយ ប្តីរបស់គាត់អត់ចូលផ្ទះទេ រវល់តែដើរផឹកស្រាស ស្រវឹងជោកជាំ ធ្វើឲ្យគាត់មានការ ខឹងជាខ្លាំង ក៏អង្គុយផឹកស្រាស អស់មួយលីត្រដែរ។ នៅម៉ោងប្រហែលជា ៥ល្ងាចទើបឈប់ រួចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន ស្រាប់តែនៅវេលាម៉ោង ៨និង០០នាទីយប់ ប្រពន្ធ បានឃើញប្តី គាត់មកដល់ផ្ទះ មានសភាពស្រវឹងស្រាជោកជាំ បានឈ្លោះប្រកែក ជេរបញ្ចោរគ្នាផ្អើល អ្នកភូមិ ហើយប្តីបានយកជើងធាក់ប្រពន្ធ ចំនួន ៣ទៅ៤ជើង បណ្តាលឲ្យប្រពន្ធត្រូវច្រមុះ និងភ្នែក ជាំខៀវ ក្រោយពីធាក់ប្រពន្ធហើយ ប្តីបានគេចខ្លួនទៅសង្ងំដេក នៅក្រោមផ្ទះ មេភូមិ មួន អឿន ដោយប្រពន្ធ មានកំហឹង យ៉ាងខ្លាំង នៅពាក់កណ្តាលយប់ ប្រពន្ធបានយកកូន កាំបិតចុងស្រួច មកចាក់ប្តីតែម្តង។
លោកមេភូមិ មួន អឿន បានឲ្យដឹងថា នៅមុនពេលកើតហេតុ យប់ជ្រៅទៅ ហើយរូបគាត់បានដេកលក់ម្តង ដោយដេកជិតរងគ្រោះ គ្រែ១ពីរនាក់ ស្រាប់តែឮសំឡេង ប្រពន្ធជនរងគ្រោះស្រែកសួរគាត់ថា "លោកពូ! ឃើញប្តីរបស់ខ្ញុំទេ? វាមកដេកផ្ទះរបស់លោកពូមែនទេ?" គាត់បានឆ្លើយថា "ឃើញ !" ខណៈ ស្រី្តជនដៃដល់ ក៏ស្ទុះចូល ទៅ សំដៅជនរងគ្រោះ រួចដកកាំបិតចុងស្រួច ចាក់តែម្តង បណ្តាលឲ្យមានឈាមហូរជោក រយៈពេល១៥នាទី ក្រោយមកដាច់ខ្យល់ស្លាប់។ ចំណែកឯប្រពន្ធជាជន ដៃដល់ត្រូវបាននគរបាល ស្រុកកូនមុំ ចាប់ខ្លួនទាំងយប់។
រហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាន ស្រុកកូនមុំ កំពុងកសាងសំណុំរឿងបញ្ជូនស្តី្រ ជាជនដៃដល់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕