ភ្នំពេញ-បាត់ដំបង ៖ នៅថ្ងៃសែនក្បាលទឹក សម្រាប់ប្រជាពលរដ្ឋខ្មែរ សែស្រឡាយចិន ចំពោះអ្នករស់នៅ ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានប្រែក្លាយពីការសប្បាយផឹកស៊ីជុំគ្នា ទៅជាទុក្ខសោកទៅវិញ បន្ទាប់ពីមានករណី អគ្គិភ័យកើតឡើង ដែលតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច និងអាជ្ញាធរ គឺកើតឡើង បណ្តាលមកពីការអុជធូប អុជក្រដាស សែនកុងម៉ា របស់ខ្លួន នៅក្នុងផ្ទះ ជាការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះតែម្តង។
ករណីទី១-បានកើតឡើងនៅក្រោយស្ថានីយទូរទស្សន៍ស៊ីធីអ៊ិន ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដែលអគ្គិភ័យ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ៣០ខ្នង ដោយឡែកទ្រព្យសម្បត្តិអស់ចំនួនច្រើន ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ថា ប៉ុន្មាននោះទេ ។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅ កន្លែងកើតហតុថា ផ្ទះប្រជាពលរដ្ឋ ចំនួន ៣៤ខ្នង ត្រូវបានឆេះទាំងស្រុង ដែលផ្ទះទាំងនោះធ្វើពីឈើប្រក់ ស័ង្កសី ។ ស្នងការនគរបាលរូបនេះ បានបញ្ជាក់ថា សម្រាប់ការជួយ អន្តរាគមន៍ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៤គ្រឿង ហើយករណីអគ្គិភ័យនេះ លើកទី៥៤ហើយ ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញរយៈពេល ៨ខែ ឆ្នាំ២០១២ នេះ ។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានបញ្ជាក់ថា ជាការជួយអន្តរាគមន៍មួយទាន់ពេល វេលាផងដែរ កុំអីអគ្គិភ័យនឹងបំផ្លាញផ្ទះប្រជាពលរដ្ឋយ៉ាងច្រើនខ្នងនៅតំបន់នេះ ជាកន្លែងដែលមានទីតាំង ភូមិសាស្ត្រពិបាកធ្វើឲ្យរថយន្តចូលទៅបាញ់ពន្លត់។
អភិបាលខណ្ឌឫស្សីកែវ ដែលបានដឹកនាំអាជ្ញាធរជួយពន្លត់អគ្គិភ័យកំណាចមួយនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទីតាំងកើតហេតុ នេះ មានភាពរញ៉េរញ៉ៃ និងស្មុគស្មាញ ដែលធ្វើឲ្យមាន ការពិបាក ក្នុងការជួយអន្តរាគមន៍របស់ក្រុមពន្លត់ ។
បើយោងតាមលោក ឃ្លាំង ហួត នេះជាករណីទី២ហើយ ដែលអគ្គិភ័យបានកើតឡើង នៅក្នុងទឹកដីខណ្ឌឫស្សីកែវ ក្នុងរយៈពេល ៨ខែ ឆ្នាំ២០១២នេះ ។ បើទោះបីទាំងអាជ្ញាធរ និងសមត្ថកិច្ច ពន្លត់អគ្គិភ័យ មិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃអគ្គិភ័យនេះ ប៉ុន្តែប្រជាពលរដ្ឋនៅកន្លែងកើត ហេតុ បាននិយាយថា បណ្តាលមកពីការអុជក្រដាសសែនកុងម៉ា ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា អគ្គិភ័យដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ភាគច្រើនបំផុតជាជនជាតិវៀតណាមនោះ គឺមានពលរដ្ឋ ២នាក់ បានដួលសន្លប់ ដោយសារតែភ័យនឹង អគ្គិភ័យខាងលើនេះ ។
សេចក្តីរាយការណ៍ដំបូងឡើងបានឲ្យដឹងថា ពេលភ្លើងកំពុងឆេះផ្ទះ ស្រាប់តែគេមាននិយាយថា ក្មេងប្រុស ម្នាក់កំពុងនៅក្នុងផ្ទះ ប៉ុន្តែក្រោយពីជួយអន្តរាគមន៍រួចមក មិនមានក្មេងប្រុសណាម្នាក់រងគ្រោះនោះឡើយ។ ខណៈដែលអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចកើតហេតុខាងលើនេះ ស្រាប់តែមានសេចក្តីរាយការណ៍ថា មានករណីអគ្គិភ័យមួយបានកើតឡើងទៀត ស្ថិតនៅផ្ទះលេខ ១៦៥ ផ្លូវលេខ ៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ដែលបណ្តាលមកពីម្ចាស់ផ្ទះកើតហេតុ បានអុជធូប សែនកុងម៉ារបស់ខ្លួន រួចហើយបិទទ្វារដើរចេញទៅក្រៅបាត់ទៅ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលមានអគ្គិភ័យនេះកើតឡើង ប្រជាពលរដ្ឋនៅក្បែរ ខាងបានជួយអន្តរាគមន៍ តាមរយៈវាយកញ្ចក់ផ្ទះ ដោយសារតែម្ចាស់ផ្ទះ អុជធូបដើរចេញទៅក្រៅបាត់ទៅ។ យ៉ាងក៏ដោយផ្ទះប្រជាពលរដ្ឋ ដែលកើតហេតុនោះ មិនបានបំផ្លាញទាំងស្រុង និងរីករាលដាល ទៅកាន់ផ្ទះ ប្រជាពលរដ្ឋផ្សេងទៀតឡើយ ព្រោះតែអន្តរាគមន៍ទាន់ពេលវេលា។ បន្ទាប់ពីមាន អគ្គិភ័យក្នុងរាជធានីភ្នំពេញ ស្រាប់តែមានអគ្គិភ័យមួយផ្សេងទៀត បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ ៤ ក្រុមទី៤ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះចំនួន ៥នាក់ រួមមានទី១-ឈ្មោះ សៅ រី ភេទស្រី អាយុ៤៤ឆ្នាំ ទី២-ឈ្មោះ សុខ ចាន់ ភេទស្រី អាយុ៤៥ឆ្នាំ ទី៣-ឈ្មោះ សុខ ហាប់ ភេទប្រុស អាយុ៧០ឆ្នាំ ទី៤-ឈ្មោះ សុខ សែម ភេទស្រី អាយុ៥៥ឆ្នាំ និងទី៥-ឈ្មោះ ចាន់ ជា អាយុ៣៨ឆ្នាំ ដែលជនរងគ្រោះទាំងនេះ បានជួលផ្ទះពីឈ្មោះ អ៊ាត គឹមហន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បើទោះបីសមត្ថកិច្ចបានបញ្ជាក់ជាជំហានដំបូងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បាននិយាយថា មកពីអុជធូប អុជក្រដាសសែនកុងម៉ារបស់ខ្លួន នៅថ្ងៃសែនក្បាលទឹកនេះ ។ ដោយឡែកទ្រព្យសម្បត្តិមិន ត្រូវបានសមត្ថកិច្ចបញ្ជាក់នោះទេ៕
រូបភាពអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
រូបភាពអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ
រូបភាពអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងបាត់ដំបង