ភ្នំពេញ៖ កម្មករោងចក្រកាត់ដេរ យីហោ អារីឃ្វេសិន នៅខាងក្រោយវត្តឃ្មួញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានកម្មករប្រហែល១០០នាក់ដួលសន្លប់ ត្រូវបាន ភាគីរោងចក្រដឹកបញ្ជូន ទៅសម្រាកព្យាបាលជំងឺ តាមមន្ទីរពេទ្យលោកសង្ឃ និងមន្ទីរពេទ្យមួយចំនួនទៀត។
លោក សយ ចាន់ធូ មន្រ្តីសហជីពសេរីកម្មករ បានឲ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃទី៣១ ខែសីហា មកដល់ល្ងាចថ្ងៃដដែល មានកម្មករបានដួលសន្លប់ ប្រហែល១០០នាក់ ហើយក៏ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ក្នុងនោះមន្ទីរពេទ្យលោកសង្ឃមានកម្មករ ចំនួន២០នាក់ ត្រូវបានព្យាបាលជំងឺផងដែរ ហើយមានអ្នក ផ្សេងទៀតបញ្ជូន ទៅសម្រាកនៅឯមន្ទីរពេទ្យដទៃទៀត។
លោកបន្តថា បើតាមការអះអាងពីក្រុមកម្មករ មូលហេតុនាំ ឲ្យមានការដួលសន្លប់ ជាបន្តបន្ទាប់ ដោយសារតែនៅថ្ងៃទី៣១ ជាថ្ងៃសែនក្បាលទឹក ប៉ុន្តែនៅក្នុងរោង ចក្រនេះ គេមិនបានធ្វើពិធីសែនព្រេនអ្វីឡើយ ដែលជាហេតុធ្វើឲ្យពួកគេ ដួលសន្លប់ជាបន្តបន្ទាប់ ដែលឈានរហូតដល់១០០នាក់បែបនេះ ។ ការអះអាងយ៉ាងដូច្នេះ ដោយសារតែពួកគេ ជឿទៅលើអបិយជំនឿង ដោយមិនធ្វើការសែនព្រេន តាមប្រពៃណីទំនៀមទម្លាប់។
លោកបញ្ជាក់ថា«នៅពេលព្រឹក ក៏មានកម្មករដួលសន្លប់ខ្លះដែរ ហើយមកដល់រសៀលថ្ងៃនេះទៀត មានកម្មករសន្លប់ទៀត សរុបជិត១០០នាក់»។
ប៉ុន្តែបើតាម មន្រ្តីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា កម្មករដែលដួលសន្លប់ អាចបណ្តាលមកពីខ្យល់ចេញ ចូលមិនគ្រប់គ្រាន់ ឬអាចក្តៅពេក ក៏ដួលសន្លប់តែម្តងទៅ ប៉ុន្តែមន្ត្រីជំនាញ មិនទាន់បានបញ្ជាក់ជាផ្លូវការ នៅឡើយទេ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ និងគ្លីនិកឯកជន៕