ភ្នំពេញ ៖ លំនៅឋានប្រជាពលរដ្ឋរាប់សិបខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ ទាំងស្រុង កាលពីវេលាម៉ោង១១និង៣០ នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ ឋិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ ។ រហូតមកដល់ពេល នេះអគ្គីភ័យដ៏ធំនេះត្រូវបានរលត់ជាបណ្ដើរៗដោយសារការអន្ដរាគមន៍ បាញ់ពន្លត់របស់ក្រុមរថយន្ដពន្លត់អគ្គីភ័យរាជ ធានីភ្នំពេញ, កងរាជអាវុធហត្ថរាជធានី ព្រមទាំងអង្គភាពង៧០ផងដែរ ។
ទាក់ទិននឹងការឆេះលំនៅឋាន ប្រជាពលរដ្ឋខាងលើនេះ គេមិនទាន់ដឹងពីតួលេខពិតប្រាកដថាមានចំនួនប៉ុន្មានខ្នងផ្ទះនៅ ឡើយទេ ហើយអាជ្ញាធរខណ្ឌឫស្សីកែវដឹកនាំដោយលោកឃ្លាំង ហួត បានបញ្ជាឱ្យសមត្ថកិច្ចក្រោមឱវាទធ្វើការស្រង់ ស្ថិតិនៃការឆេះឱ្យបានពិតប្រាកដ ។ ជាមួយគ្នានោះដែរ មានប្រជាពលរដ្ឋមួយចំនួនបានដួលសន្លប់ ដោយសារពួកគាត់ ភិតភ័យ ប៉ុន្ដែគេមិនទាន់ដឹងថា នៅក្នុងករណីអគ្គីភ័យនេះតើមានមនុស្សបាត់បង់ជីវិតដែរឬយ៉ាងណានោះ ទេ ។
លោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានថ្លែងឱ្យដឹងថា មកដល់ពេលនេះកម្លាំងចម្រុះបាន គ្រប់គ្រងសភាពការណ៍មិនឱ្យភ្លើងឆេះរាលដាលតទៅទៀត ។ លោកក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១២ អគ្គីភ័យដែលឆាបឆេះនៅក្នុងខណ្ឌឫស្សីកែវមានចំនួន២លើក ដែលកន្លងមកបានឆេះនៅក្នុងសង្កាត់ទួលសង្កែ និងលើក នេះនៅសង្កាត់គីឡូម៉ែត្រលេខ៦ ។
ទាក់ទិននឹងករណីឆេះនេះ គេពុំទាន់បានរកមូលហេតុឃើញថាផ្ដើមចេញពីអ្វីនៅឡើយទេ ប៉ុន្ដែអ្នកមានទីលំនៅក្បែរ នោះបានអះអាងថា ការឆេះនេះផ្ដើមចេញពីផ្ទះលក់ចាបហួយ ។ ព័ត៌មានលំអិតសូមរង់ចាំអានកាសែត នគរវត្ដ៕