ខេត្តបន្ទាយមានជ័យ ៖ លោកតា ឱ គង់
អាយុ៩៣ឆ្នាំ
មានជំងឺប្រចាំកាយភ្នែកងងឹតសម្រាកតែនឹងកន្ទេល
និងកំពុងរស់នៅជាមួយលោកយាយជាភរិយាឈ្មោះ ធិប យិប
អាយុ៨៨ឆ្នាំ ត្រចៀកថ្លង់
នៅមើលថែរក្សាមានជីវភាពក្រីក្ររស់នៅពឹងអាស្រ័យលើកូនប្រុស
ម្នាក់អាយុ៣៨ឆ្នាំ ធ្វើកម្មករស៊ីឈ្នួលគេ
មានទីលំនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី
ខេត្តបន្ទាយមានជ័យ ។
ស្ថានភាពនេះធ្វើឱ្យសប្បុរសជនមានចិត្តអាណិតអាសូរ
ក៏បាននាំគ្នាធ្វើការបរិច្ចាគជួយរំលស់ការលំបាកផ្នែកជីវភាព
របស់លោកតាលោកយាយ ។
អំណោយរបស់សប្បុរសជនដែលផ្តល់តាមរយៈ
អ្នកសារព័ត៌មានកោះសន្តិភាពប្រចាំខេត្តបន្ទាយមានជ័យជាលើកទី២
ត្រូវបាននាំយកទៅប្រគល់ ដល់គេហដ្ឋានលោកតាលោកយាយផ្ទាល់
កាលពីថ្ងៃទី២៩ កក្កដា ដោយមានការចូលរួមពីអាជ្ញាធរឃុំ
នគរបាលប៉ុស្តិ៍រដ្ឋបាលនិងលោកមេភូមិរួមទាំងអ្នកជិតខាងផង
ដែរ ។
អំណោយដែលកោះសន្តិភាពយកទៅប្រគល់ជូនលោកតាលោកយាយទាំង២គឺ
បានទទួលពីសប្បុរសជន ១-លោក ប្រាក់ ចំរើន និងលោកស្រី សេង
ពុទ្ធិឆាត ព្រមទាំងបុត្រាបុត្រី និងចៅចំនួន១០០ដុល្លារ
២-លោក កែ សុខឡេង និងភរិយា ព្រមទាំងបុត្រ២០ម៉ឺនរៀល ៣-កញ្ញា
ស្រីពៅ ៥ដុល្លារ ៤-កញ្ញា រស្មី ៥ដុល្លារ ៥-អ្នកនាង គាត
សម្បត្តិ ៤មឺុនរៀល ៦-លោក គាត សុរិយា ៤ម៉ឺនរៀល ។
ក្រោយពីទទួលបានអំណោយជាថវិកា
ខាងលើលោកតានិងលោកយាយ
បានថ្លែងអំណរគុណដល់លោកអ្នកសប្បុរសជនទាំងអស់
និងសូមជូនពរដល់ក្រុមគ្រួសាររបស់អស់លោក
អ្នកសូមឱ្យជួបតែសេចក្តីសុខចំរើន មានអាយុយ៉ឺនយូរ
រកស៊ីមានបានថ្កុំថ្កើនរុងរឿងឈ្នះអស់មារសត្រូវទាំងឡាយទាំងពួង
និងជូនពរឱ្យជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ
ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ៕