Thursday, August 30, 2012

ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម​ស្លាប់​២​នាក់​របួសធ្ងន់​០១​នាក់​


ខេត្តបន្ទាយមានជ័យ​ ៖ ​យុវជន​២​នាក់​បាន​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​នៅ​នឹង​កន្លែង​កើតហេតុ​ និង​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹក​យក​ទៅ​សង្គ្រោះ​ ជា​បន្ទាន់​បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ បើក​ម៉ូតូ​បុក​រថយន្ត​ដឹកស្រូវ​ឈប់​ចត​ស្ងៀម​។​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១២​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​បង្គោល​ខ្សែភ្លើង​៤៦៤-៤៦៥​ ស្ថិត​ក្នុងភូមិ​ថ្មី​ ឃុំ​សំរោង​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ។​
​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​យុវជន​២​នាក់​ដែល​ស្លាប់​ មានឈ្មោះ​១-​សៅ​  សឹង​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​ថ្មី​  ឃុំ​សំរោង​ ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយ​ មាន​ជ័យ​(​អ្នកបើកបរ​)​ ២-​យ៉ង​  ម៉ា​ប់​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​ ទាំង​២​នាក់​ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ឯ​ម្នាក់​ទៀត​ឈ្មោះ​ ថន​ ថ្លៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ជាមួយ​ របួស​យ៉ាងធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ ដឹក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​ជា​បន្ទាន់​ផង​ដែរ​ ។​ ម៉ូតូ​ម៉ាក​ហុងដា​ C១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​ 1A-0952​។
​លោក​វរសេនីយ៍ទោ​ ឈឿ​ម​  សុ​ផុ​ន​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​៖​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​ដំបូង​ម៉ូតូ​បាន​បើកបរ​ ពី​ទិស​ខាងកើត​ទៅ​លិច​ ពេល​ដល់​កន្លែង​កើតហេតុ​ អ្នក​បើក​ម៉ូតូ​ចាំង​ភ្នែក​និង​ភ្លើង​រថយន្ត​ ដែល​បើក​ផ្ទុយ​ទិស​គ្នា​ ពេល​នោះ​អ្នក​បើក​ម៉ូតូ​មើល​ឧបសគ្គ​ខាង​ឃើញ​មិន​ច្បាស់​ក៏​ជ្រុល​ទៅ​បុក​ទ្រុង​រថយន្ត​ ម៉ាក​FUSU​  ពណ៌​ស​-​ខៀវ​ ពាក់​ស្លាក​ លេខ​បាត់ដំបង​ 3A-1301​ពីក្រោយ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង​ បណ្តាល​ឲ្យ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោច​ អាធម្ម​ និង​ អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​បួស​ធ្ងន់ធ្ងរ​ ។​ ចំណែក​អ្នក​បើករថយន្ត​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​នេះ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ចំពោះ​វត្ថុ​តាង​គ្រោះថ្នាក់​ចរាចរណ៍​ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​មក​ ដោះស្រាយ​តាម​ផ្លូវច្បាប់​​ ៕​

Comments system

Disqus Shortname