Wednesday, August 15, 2012

សហ​ព័ន្ធ​​កី​ឡា​កាយ​​វប្ប​កម្ម​​កម្ពុជា​ត្រៀម​​បញ្ជូន​​កីឡា​ករ​​-កីឡា​ការិ​នី​​3រូប​ទៅ​​ប្រកួត​នៅ​ចិន

រាជ​ធានី​ភ្នំ​ពេញ ៖ ​​​​​​​​​នៅ​អំឡុង​​ពាក់​កណ្តាល​​ខែ​កញ្ញា​ខាង​មុខ​នេះ  សហ​ព័ន្ធ​​កីឡា​កាយ​​វប្ប​កម្ម​​កម្ពុជា​នឹង​​បញ្ជូន​​កីឡា​ករ​​កីឡា​ការិនី ​​ចំនួន​​៣​រូប​​ទៅ​ប្រកួត​​កីឡា​​កាយ​​វប្ប​កម្ម​​ជ្រើស​រើស​​ជើង​ឯក​​​ អាស៊ី​ ​នៅ​ទី​ក្រុង​​គ័ង​ចូវ ​ប្រទេស​ចិន ​។ នេះ​ជា​ការអះ​អាង​​ពី​មន្ត្រី​​ថ្នាក់​កំពូល​​​ប្រចាំ​សហ​ព័ន្ធ​​កី​ឡា​កាយ​ វប្ប​កម្ម​​កម្ពុជា​កាល​​ពី​រសៀល​ថ្ងៃ​ទី​​១៣ សីហា ​ក្នុង​ជំនួប​​​ជាមួយ​​ភ្នាក់​ងារ​​សា​រ​ព័ត៌​​មាន​​កោះសន្តិ​ភាព​​ ។​
​លោក​សុខ មង្គល​រស្មី​ ប្រធាន​សហ​ព័ន្ធ​​​កី​ឡា​កាយ​វប្ប​កម្ម​​កម្ពុជា​បាន​បញ្ជាក់​​នៅ​ចំពោះ​​ មុខ​អ្នក​យក​ព័ត៌​មាន​​កោះ​សន្តិ​ភាព​​​ថា ​ចាប់​ពី​ថ្ងៃ​​ទី​​​១៩ ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី​​​២៥ ខែ​កញ្ញា​ ឆ្នាំ​​​២០១២​​ ខាង​មុខ​នេះ​ ​តំណាង​​សហ​​ព័ន្ធ​​កីឡា​​កាយ​វប្ប​កម្ម​​កម្ពុជា​នឹង​​ធ្វើ​ការ​បញ្ជូន​​ កីឡា​​ករ​ កីឡា​ការិនី​​ឆ្នើម​​៣​រូប​​ទៅ​កាន់ទី​ក្រុង​​គ័ង​ចូវ ​ប្រទេស​ចិន ដើម្បី​​ប្រកួត​​កីឡា​​Asia Champion ​ដោ​យ​មាន​​៣៥​ប្រទេស​​ចូល​រួម​ប្រកួត​​ប្រជែង ។ ​លោក​បន្ត​ថា ​គម្រោ​ង​នេះ​​លោក​បាន​​ទទួល​​ពី​ថ្នាក់​​ដឹក​នាំ​​រៀប​ចំកា​រប្រកួត​​នៅ​ ប្រទេស​ចិន​ ដែល​បាន​​ដាក់​​​​ថ្ងៃ​ប្រកួត​​ខា​ងលើ​មក​​ឱ្យ​ តែ​​ត្រង់​ថា​មាន​​កា​រ​ប្រែ​ប្រួល​​យ៉ាង​​ម៉េច​​ទៀត​នោះ​គេ​នឹង​​ផ្តល់​ ដំណឹង​​តាម​ក្រោយ​​បន្ត​​ទៀត​ ​។ ​អ្វី​ដែល​​ជា​ចម្បង​​គឺ​ខាង​សហ​ព័ន្ធ​​បាន​បញ្ជូន​​ព័ត៌​មាន​​មួយ​នេះ​​ទៅ​ ​ឱ្យ​​​កីឡា​ករ​-កីឡា​ការិនី​​ឆ្នើម​​ទាំ​ង​នោះ​​ខិត​​ខំ​ប្រឹង​ប្រែង​​​​ ហ្វឹក​ហ្វាត់​​បំប៉នសមត្ថ​​ភាព​​បណ្តើរ​ៗ​ ដើម្បី​​​កុំ​ឱ្យ​​ខូច​ការ​ណ៍ ។ ​លោក​សុខ មង្គល​រស្មី ​បាន​បញ្ជាក់​ថា ​«កីឡា​ករ​-កីឡា​ការិ​នី​ឆ្នើម​​ទាំង​​៣រូប​​នោះ​រួម​មាន​​កញ្ញា​​អង់ ​សុខ​គន្ធា​ ​លោក​សំបូរ ​ណា​ង ​និង​​លោក​​សំបូរ នួន​ ។
​ទោះ​បី​​​ពេល​វេលា​​ប្រកួត​​ហាក់​​នៅ​សល់​​​ច្រើន​ ថ្ងៃ​​ទៀត​មែន ​ប៉ុន្តែ​សម្រាប់​​ខ្ញុំ​​ដែល​មាន​​​ភារៈកាន់​​កាប់​​ភារ​​កិច្ច​​នេះ​មាន​ ការ​​បារម្ភ​ណាស់ ​ហើយ​តែង​តែ​​ដាស់​តឿន​​ដល់​កីឡា​ករ​​-កី​ឡា​ការិនី​​ទាំង​​​៣​រូប​​នោះ​​ ឱ្យ​ព្យាយាម​​ហ្វឹក​​ហាត់​​ឱ្យ​​បាន​ទៀង​ទាត់​ ព្រោះ​​ពេល​​វេលា​​ដើរ​ទៅ​​​លឿន​ណាស់​​មិន​អាច​​​​ប្រហែស​​បាន​​ទេ ម៉្យាង​​វា​ជា​មុខ​មាត់​​ប្រទេស​យើង​​ផង​ដែរ» ។
​​ទោះ​ជា​យ៉ាង​ណា​ ប្រធាន​សហ​ព័ន្ធ​​រូប​​នេះ​បាន​បង្ហាញ​​​នូវ​ភាព​ជឿ​ជាក់​​នេះ​ថា ​​លោក​​ពិត​​ជា​មាន​ជំនឿ​​លើ​​​កីឡា​ករ​​-កី​​ឡា​ការិនី​​ទាំង​​៣​រូប​នេះ​​ ប្រាកដ​​​ណាស់ ។ ​ករណី​ដូច​​ជា​កី​ឡា​ករ​​សំបូរ ​ណាង ​និង​សំបូរ​​ នួន ​ពួក​គេ​​សុទ្ធ​តែ​​ជា​ជើង​ខ្លាំង​​ធ្លាប់​ទទួល​​បាន​ជើង​ឯក​​ចំណាត់​ថ្នាក់ ​​លេខ​​១​ជា​​ហូរ​ហែ​​​ពី​រ​បៀ​ប​បញ្ចេញ​​សាច់​ដុំ​​ដ៏មាំ​មួន​​ប្រកប​ដោយ​​ រាង​សង្ហា​របស់​​ពួក​​គេ និង​​ធ្លាប់​​ឈ្នះ​ដាច់​​គេ​គ្មាន​​​គូ​​ប្រៀប​​ កាល​ពី​​ប្រកួត​​​នៅ​ប្រទេស​​ថៃ​កន្លង​មក​ ។ អី​ុ​ចឹង​ហើយ​ទើប​​នៅ​ស្រុក​​ថៃ​​​អ្នក​ស្នេហា​​កី​ឡា​​កាយ​វប្ប​កម្ម​​ គ្មាន​​អ្នក​ណា​​មិន​ស្គាល់​​រូប​លោក​​សំបូរ ​ណាង និង​​​សំបូរ​ នួន ​នោះ​ទេ​ រហូត​​ខាង​សហ​ព័ន្ធកី​ឡា​​​​កាយ​វប្ប​កម្ម​​ប្រចាំ​​នៅទី​ក្រុង​​​បាង​កក​​ ចង់​ទិញ​​ពួក​គេ​ទាំង​​២នាក់​ធ្វើ​​ជា​​សមា​ជិក​​នៅទី​នោះ​​ទៀត​​ផង ដែល​​ទាំង​អស់​នេះ​​ហើយ​ជា​ធន​ធាន​​មួយ​សម្រាប់​​​ខាង​ស​ហ​ព័ន្ធ​​កាយ​វប្ប​ កម្ម​​ដែល​​មាន​ជំនឿ​​ចិត្ត​ថា ​នឹង​ឈ្នះ​​មុន​បែប​នេះ ។
ចំណែក​​ឯ​កី​ឡា​​ការិនី​ អង់​សុខគន្ធា ​វិញ​នាង​​ទើប​តែ​ចូល​ជា​កី​ឡា​ការិនី​​ជម្រើស​​ជាតិ​​ក្នុង​អំឡុង​​ឆ្នាំ​​ ​២០១១​​កន្លង​​ទៅ​ថ្មី​នេះ​​ប៉ុណ្ណោះ ​​ប៉ុន្តែ​​នាង​មាន​​ដង​ខ្លួន​​​​ខ្ពស់​​​​ល្អ ​ដៃ​ជើង​​ស្រឡូន​ តែ​រឹង​មាំ​​​ដែល​ខុស​​ពី​កី​ឡា​ការិនី​​​សាសន​​៍​គេ​​ដែល​លោក​ធ្លាប់​​ សង្កេត​នោះ​ គឺ​គ្មាន​ចំណុច​​ត្រង់​​ណា​ល្អ​​ជាង​​សុខ​គន្ធា​​​ ឡើយ ។ ម្យ៉ាង​​វិញ​ទៀត​​ ​ពេល​​លោក​​នាំនាង​​​​​​ទៅ​មើល​​​កា​រប្រកួត​​នៅ​ស្រុក​​គេ​ម្តងៗ​ ​​ច្រើន​តែ​​ខាង​អ្នក​ជំនាញ​​ផ្នែក​​នេះ​គេ​​សរសើរ​​នាង​ជា​ហូរ​ហែ​ ទើប​គិត​​ថា​យក​​មក​​​ហ្វឹក​​ហាត់​​ម្ត​ង​​ទៅ​​ ដោយ​​មាន​គ្រូ​​បង្ហាត់​​ជា​ជន​​ជាតិ​​ស្វ៊ីស​​​ជា​​ជំនួយ​​សម្រាប់​​​ផ្តល់ ​​ទុន​​ដល់​នាង ។ យោ​ង​តាម​​​លក្ខ​ខណ្ឌ​​ដែល​អាច​​ឈ្នះ​ការ​​​ប្រកួត​​ លោក​​សុខ មង្គល​​រស្មី​ ​ពន្យល់​ថា តា​ម​បទពិ​សោធន៍​​កន្ល​ងមក​ កា​រ​បង្ហាញ​​កីឡា​កាយ​​វប្ប​កម្ម​ ឬ​អាច​​ហៅ​​ថា​ការ​​បង្ហាញ​​រាង​មាន​សាច​់​ដុំ​​មាំ​​មួន​​គេ​ច្រើន​​ឱ្យ​ ពិន្ទុ​​ទៅ​លើ​​ស្បែក​​ ឬ​​សាច់​ខ្លួន​​ស្ងួត​ល្អ​​ ដោយ​​ឱ្យ​គណៈ​​​កម្មការ​​​បច្ចេក​ទេស​​​មើល​ចំ​​​ពី​ចំហៀង​​ខាង​ឆ្វេង​​ខាង​ ស្តាំ​​មុខ​ក្រោយ​​ បើ​កី​ឡា​​ករ​ណា​​មាន​គុណ​សម្បត្តិ​​​​​ល្អ​នោះ​​ប្រា​កដ​​ជា​ឈ្នះ​​គេ​មិន​ ខាន ។
គួរ​​បញ្ជាក់​​​ថា ​សហ​ព័ន្ធ​កីឡា​​កាយ​​វប្ប​កម្ម​​កម្ពុជា​បាន​​បង្កើត​​ឡើង​ជា​​យូរ​មក​​ហើយ ​ ប៉ុន្តែ​​កី​ឡា​​ប្រភេទ​​នេះ​ទើប​​តែ​មាន​សន្ទុះ​​ឡើង​វិញ​ ​កាល​ពី​​ឆ្នាំ​​២០១០​ ដែល​​មាន​​ការ​បង្កើត​​ជា​កម្ម​វិ​​ធី​​​ប្រកួត​ថ្នាក់​​ជាតិ​​លើក​ដំបូង​ ។ ដោយ​ឡែក​​​ឆ្លង​កាត់​​ការ​ប្រកួត​​​នៅ​ក្រៅ​ស្រុក​​វិញ​ ខាង​ស​ហ​ព័ន្ធ​​កីឡា​​កាយ​វប្ប​កម្ម​​កម្ពុជា​ហាក់​​​មាន​សកម្ម​ភាព​​ជា​ហូរ ​ហែ​ និង​មាន​​ភាព​លេច​ធ្លោ​​គួរ​សម​​ដូច​ជា​ឆ្នាំ​​​២០១១​កន្លង​​ទៅ​​ សហ​ព័ន្ធ​​កីឡា​កាយ​​វប្ប​កម្ម​​កម្ពុជា​បាន​​នាំ​កី​ឡា​​ករ​ទៅ​ប្រកួត​​នៅ​ ប្រទេស​ថៃ​ និង​ម៉ា​ឡេ​ស៊ី​ ។ ​ចំណែក​​នៅក្នុង​ឆ្នាំ​​២០១២​នេះ​ ​ក្រៅ​​ពី​​មាន​ផែន​ការបញ្ជូន​​កីឡា​ករ​​-កីឡា​ការិនី​​ទៅ​​​​ប្រកួត​នៅ​​ ប្រទេស​​ចិន​​ ខាង​​សហ​ព័ន្ធមាន​គម្រោង​​បញ្ជូន​​កី​ឡា​ករ​​ឆ្នើម​​ជា​ច្រើន​​រូប​​ចេញ​ទៅ​ ​ប្រកួត​​តាម​​បណ្តា​ប្រទេស​​ជា​សមា​​​ជិក​​​អាស៊ាន​​ជា​​ថ្មី​ម្ត​ង​ទៀត​ ។ យ៉ាង​​ណា​ក៏​ដោយ​​ប្រិយ​មិត្ត​​អ្នក​ស្នេហា​​វិស័យ​​កី​ឡា​​​​នៅ​តែ​​ផ្តល់​ ​​កម្លាំង​ចិត្ត​​ដល់​កីឡា​ករ​​-កី​ឡា​ការិនី​​ទាំង​​​៣​រូប​​ដែល​​ត្រូវ​ ចេញ​​​​ទៅ​ប្រកួត​​នៅ​ប្រទេស​​ចិន​ ដោយ​​សង្ឃឹមថា​​​នឹង​​ទទួល​​បាន​ជ័យ​​ជម្នះ​​យក​មេ​ដាយ​​មក​​ជូន​​ជាតិ​មិន​ ខាន​ ៕​      

Comments system

Disqus Shortname