Saturday, August 18, 2012

ការពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នក រួមដំណើរតាម ទោចក្រយានយន្ត និងឱកាសឈ្នះរង្វាន់ ជាច្រើនពីការប្រលង រូបថតតាម Facebook

Looking Today 
នៅថ្ងៃទី ១៥ខែសីហា ឆ្នាំ២០១២ អង្គការមូលនិធិបង្ការរបួសអាស៊ី បានប្រកាសសម្ភោធដាក់ឲ្យប្រើប្រាស់ រូបភាពអប់រំស្តីពី ការពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត នៅក្នុងមជ្ឈមណ្ឌលកំសាន្ត ឌ្រីមលែនឌ៍ ដែលជាព្រឹត្តិការណ៍បង្ហាញពី ភាពស្និទ្ធស្នាលលក្ខណៈគ្រួសារ និងមិត្តភក្តិសំដៅលើកកម្ពស់ ការប្រើប្រាស់មួកសុវត្ថិភាពក្នុងចំណោម អ្នករួមដំណើរតាមទោចក្រយានយន្ត។

























ពិធីនេះជាផ្នែកមួយនៃយុទ្ធនាការ ផ្សព្វផ្សាយជាសាធារណៈក្រោមពាក្យស្លោក “ព្រួយបារម្ភពីគ្នា ធ្វើដំណើរគ្រប់វេលា ពាក់មួកសុវត្ថិភាព”។ ពិធីប្រកាសសម្ភោធផ្ទាំងរូបភាព អប់រំនៅមជ្ឈមណ្ឌលកំសាន្ត ឌ្រីមលែនឌ៍ ក៏បានប្រកាសពីការចាប់ផ្តើម ប្រកួតប្រជែងរូបថត ដែលបានថតពីរូបភាពអប់រំស្តីពី ការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរ តាមទោចក្រយានយន្ត តាមបណ្តាញទំនាក់ទំនងសង្គម Facebook (Asia Injury Prevention Foundation) ដែលរំពឹងថានឹងមានបេក្ខជន ចូលរួមប្រមាណពី ៣,០០០ ទៅ ៦,០០០នាក់ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន តាមរយៈការផ្ញើរូបថតទាំងនោះ មកកាន់អង្គការតាមអ៊ីមែលៈ passengerhelmet@aipf-cambodia.org។
ភ្ញៀវកិត្តិយសចំនួន ២០០នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដែលរួមមានមន្ត្រីរាជរដ្ឋាភិបាល ក្រុមគ្រួសារ សិស្ស-និស្សិត អ្នកសារព័ត៌មាន ក្រុមហ៊ុនឯកជន ដៃគូពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ តារាចំរៀង ហើយនិងសិល្បៈករមួយចំនួនផងដែរ។ ភ្ញៀវដែលចូលរួមក្នុងកម្មវិធីសម្ពោធខាងលើនេះ បានចូលរួមក្នុងសកម្មភាពបែបលក្ខណៈ គ្រួសារប្រកបដោយភាពរីករាយមួយចំនួន ព្រមទាំង បានថតរូបរបស់ខ្លួនជាមួយនឹងកុមារ នៅកន្លែងផ្ទាំងរូបភាពអប់រំ បានដាក់តម្លើងក្នុងមជ្ឈមណ្ឌលកំសាន្ត ឌ្រីមលែនឌ៍។ ការផ្ញើរូបថតនេះ នឹងទទួលចាប់ពីថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ហើយនឹងបញ្ចប់ការជ្រើសរើសនៅថ្ងៃទី០១ ខែតុលា។ អង្គការមូលនិធិបង្ការរបួសអាស៊ី ក៏បានសាងសង់ផ្ទាំងរូបភាពអប់រំនេះ នៅខេត្តកណ្តាលផងដែរ ដែលមានអ្នកប្រើប្រាស់ ផ្លូវជាង ២,០០០នាក់បានឃើញផ្ទាំងរូបភាព អប់រំនៅក្នុងមួយថ្ងៃៗ។
ការអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ដល់ក្រុមគ្រួសារ គឺជាការចាំបាច់ដែលត្រូវអនុវត្ត នៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ២០១០ មានមនុស្សស្លាប់១,៨១៦នាក់ និងរងរបួសធ្ងន់ចំនួន ៦,៧១៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរចំនួន ៦,៩៤១ ករណីក្នុងប្រទេសកម្ពុជា។ អ្នកធ្វើដំណើរតាមទោចក្រយានយន្ត គឺជាអ្នកប្រើប្រាស់ផ្លូវដែលងាយ រងគ្រោះថ្នាក់ជាងគេ ដែលពួកគេបានរួមចំណែកដល់ទៅ៧២% នៃករណីគ្រោះថ្នាក់ចរាចរ សរុបហើយនិង៦៧% នៃចំនួនអ្នកស្លាប់ទាំងអស់ដោយសារ គ្រោះថ្នាក់ចរាចរសរុប។
លោក សុគន្ធ ថេរៈយុ តារាចម្រៀងនៅផលិតកម្ម ថោន បានបញ្ជាក់ថា “យើងសូមបង្ហាញការគាំទ្រយ៉ាងមុតមាំ ចំពោះសកម្មភាពនេះ ដែលមានគោលដៅលើកកម្ពស់ ការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នក រួមដំណើរតាមទោចក្រយានយន្ត ជាពិសេសចំពោះកុមារ ដែលជាទីស្រឡាញ់”។ លោកក៏បានជំរុញឲ្យ ប្រជាជនកម្ពុជាទាំងអស់ពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់ពេលធ្វើដំណើរ តាមទោចក្រយានយន្ត។ លោកបានបន្ថែមទៀតថា “ក្នុងឱកាសដ៏រីករាយនេះ យើងសូមលើកទឹកចិត្តដ៏ទទូច ឲ្យយុវវ័យទាំងអស់ ពាក់មួកសុវត្ថិភាពទោះបីជា អ្នកបើកបរ ឬជាអ្នករួមដំណើរក៏ដោយ”។
ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ បានបង្ហាញថាអាចកាត់បន្ថយ ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ដល់ទៅ៤២% និងរងរបួសក្បាលធ្ងន់ធ្ងរ៦៩%។ តែទោះជាយ៉ាងណាក៏ដោយ តាមរយៈលទ្ធផលនៃការសង្កេតរៀងរាល់ ២ខែម្តងនៅក្នុង រាជធានីភ្នំពេញ នាពេលថ្មីៗនេះបានបង្ហាញថា មានអ្នកបើកបរទោចក្រយានយន្តចំនួន៨៣.៨% បានពាក់មួកសុវត្ថិភាព ប៉ុន្តែមានអ្នករួមដំណើរ គិតទាំងកុមារផងតែ ៦.៧%ប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព។ ការសង្កេតក៏បានបង្ហាញថា អត្រាពាក់មួកសុវត្ថិភាពនៅតាម បណ្តាខេត្តមួយចំនួនមាន កម្រិតទាបខ្លាំងជាងនេះ។
ឯកឧត្តម ពៅ ម៉ាលី អគ្គលេខាធិការរង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា “សកម្មភាពរបស់អង្គការមូលនិធិបង្ការរបួស អាស៊ីនាថ្ងៃនេះបង្ហាញឲ្យឃើញ នូវការយកចិត្តទុកដាក់ និងគាំទ្រដល់សេចក្តីព្រាង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលតម្រូវឲ្យអ្នកបើកបរទោចក្រយានយន្ត អ្នករួមដំណើរគិតទាំងកុមារ ត្រូវពាក់មួកសុវត្ថិភាព ដែលកំណត់តាមស្តង់ដារជាតិ”។
ឯកឧត្តម បានបន្ថែមទៀតថា “តាមរយៈផ្ទាំងរូបភាពអប់រំ ស្តីពីការពាក់មួកសុវត្ថិភាព អ្នករួមដំណើរតាមទោចក្រយានយន្ត នៅក្នុងមជ្ឈមណ្ឌលកំសាន្ត ឌ្រីមលែនដ៍នេះ រួមផ្សំនឹងយុទ្ធនាការលើកកម្ពស់ ការយល់ដឹងផ្សេងៗទៀតអំពី សុវត្ថិភាពចរាចរណ៍ ខ្ញុំមានសុទិដ្ឋិនិយមថា នឹងប្រែក្លាយឥរិយាបថអ្នកបើកបរ និងអ្នករួមដំណើរតាមទោចក្រយានយន្ត ឲ្យគោរពច្បាប់ គឺពាក់មួកសុវត្ថិភាព បានគ្រប់ៗគ្នា ១០០% ទាំងថ្ងៃ ទាំងយប់ ។
អង្គការមូលនិធិបង្ការរបួសអាស៊ី កំពុងសហការយ៉ាងជិតស្និទ្ធជាមួយ ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធលើការងារ សុវត្ថិភាពចរាចរណ៍ មួយចំនួននៅក្នុងប្រទេសកម្ពុជា សំដៅបង្កើនការប្រើប្រាស់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរតាម ទោចក្រយានយន្តឲ្យបាន៦០% ត្រឹមចុងឆ្នាំ២០១៥ នៅតាមបណ្តាខេត្ត-រាជធានី គោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជាមួយនឹងសកម្មភាព ដ៏មានសារៈសំខាន់ ខាងលើនេះក៏ដូចជាសកម្មភាពអប់រំ ផ្សព្វផ្សាយជាសាធារណៈ ផ្សេងៗទៀតអង្គការមូលនិធិបង្ការបួសអាស៊ី សូមស្នើសុំដោយទទូចដល់ អ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរទាំងអស់ សូមពាក់មួកសុវត្ថិភាព ចាប់ពីពេលឥឡូវនេះតទៅ បើទោះបីសេចក្តីព្រាងច្បាប់ ស្តីពីការពាក់មួកសុវត្ថិភាពក្នុងចំណោម អ្នករួមដំណើរតាមទោចក្រយានយន្ត មិនទាន់ត្រូវបានអនុម័តក៏ដោយ”។
លោកបានបន្ថែមទៀតថា “តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ យើងសង្ឃឹមថានឹងបង្កើននូវ ទម្លាប់នៃការពាក់មួកសុវត្ថិភាព ក្នុងចំណោមមាតាបិតា ឫអាណាព្យាបាលចំពោះកូនៗ របស់ពួកគាត់មិនថាជាកុមារ ឬស្ថិតក្នុងវ័យណានោះទេ”៕
Looking Today
Looking Today
Looking Today

Comments system

Disqus Shortname