ភ្នំពេញៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២
នេះនិស្សិតសាកលវិទ្យាល័យ IIC ប្រមាណជាង ៦០០នាក់ បានធ្វើដំណើរ
ទស្សនកិច្ចសិក្សាមួយ ទៅកាន់ខេត្តព្រះសីហនុ (កំពង់សោម)។
តាំងពីព្រលឹមស្រាងៗម៉ោង ៥:០០នាទី និស្សិតបានរួសរាន់ មកជួបជុំគ្នាយ៉ាងកុះករ
នៅសាកលវិទ្យាល័យ IIC ដើម្បីឡើងជិះរថយន្តរៀងៗខ្លួន
ទៅតាមការរៀបចំរបស់សាកលវិទ្យាល័យ។
ខ្សែរថយន្តចាប់ផ្តើមចេញដំណើរនូវម៉ោង ៦:០០នាទីគត់
ហើយនឹងឆ្លងកាត់តំបន់គោលដៅ ជាបន្តបន្ទាប់ដូចដែលបានគ្រោងទុក
មុននឹងទៅដល់គោលដៅចុងក្រោយ គឺឆ្នេរអូរឈើទាល។ ខណៈកំពុងធ្វើដំណើរនោះ
និស្សិតទាំងអស់សុទ្ធតែមាន ទឹកមុខរីករាយនាំគ្នាជជែកលេង
ក្អាកក្អាយពីនេះពីនោះ។ពួកគេសុទ្ធតែគិតថាដំណើរទស្សនកិច្ចសិក្សានេះ ពិតជាមានសារៈសំខាន់ ក្រៅពីសប្បាយរីករាយដោយឃើញមានទិដ្ឋភាព ប្លែកៗនៅតាមដងផ្លូវ គេបានពង្រឹងចំណងមិត្តភាព លើសពីនេះទៀតពួកគេ នឹងទទួលបានចំណេះដឹងជាក់ស្តែង ដើម្បីផ្សារភ្ជាប់ទៅនឹង ទ្រឹស្តីដែលបានសិក្សា៕