Wednesday, August 15, 2012

តុលាការ​កោះ​ហៅ​មន្ត្រី​អាដហុក លោក ចាន់ សុវ៉េត

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) គឺ​លោក ចាន់ សុវ៉េត ចូល​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ៨ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​ផ្ដល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២។

អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក (Adhoc) លោក ចាន់ សុវ៉េត ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១១។
ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នេះ ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ហើយ​ក្រុម​គ្រួសារ​លោក ចាន់ សុវ៉េត បាន​ទទួល​ដីកា​នេះ​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ថ្ង​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២។
ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក លោក នី ចរិយា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​ប្រាកដ​ថា ដីកា​នេះ​មាន​ទាក់ទិន​ទៅ​នឹង​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១២ ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។
លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា មាន​អ្នក​ផ្ដល់​ប្រាក់​ដល់​ជន​ជាប់​ចោទ​មាន​ដីកា​ចាប់​ខ្លួន​ក្នុង​រឿង​ បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។ ក៏​ប៉ុន្តែ​លោក​អះអាង​ថា លោក ចាន់ សុវ៉េត មិន​មាន​ជាប់​ទាក់ទិន​ក្នុង​ករណី​នោះ​ឡើយ។ យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា លោក ចាន់ សុវ៉េត នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​ករណី​នេះ ហើយ​សមាគម​អាដហុក កំពុង​រៀបចំ​ផ្ដល់​មេធាវី​ការពារ​ក្តី​ជូន​លោក ចាន់ សុវ៉េត។
លោក នី ចរិយា៖ «យោង​តាម​ខ្លឹមសារ​នៃ​ដីកា​ហ្នឹង អាច​ចោទ​ប្រកាន់​ពី​បទ​ថា យើង​បាន​ផ្ដល់​មធ្យោបាយ​ជំនួយ​អ្វី​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ ណា​មួយ។ ប៉ុន្តែ​បើ​យោង​តាម​អ្វី​ដែល​យើង​បាន​ដឹង​ច្បាស់លាស់​ពី​ប្រវត្តិ​របស់​គាត់ ក៏​ដូច​សកម្មភាព​ជា​ឯកជន ក៏​ដូច​សកម្មភាព​ការងារ​ក្នុង​អាដហុក យើង​ឃើញ​ថា គាត់​អត់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្ដល់​មធ្យោបាយ​ឲ្យ​ទៅ​ជនល្មើស​ណា​មួយ ​ទេ»
សមាគម​អាដហុក នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចំហ​មួយ​ចាត់​ទុក​កាយវិការ​នៃ​ការ​ប្រើប្រាស់​ ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ថា គ្មាន​អ្វី​ក្រៅ​ពី​ការ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​រារាំង​ពួក​គេ​មិន​ឲ្យ​បំពេញ​កិច្ចការ​ស្រប​ច្បាប់​នោះ​ឡើយ។
យ៉ាង​នេះ​ក្តី​ក្នុង​ដីកា​ដដែល​នោះ​បាន​ព្រមាន​ថា "ក្នុង​ករណី​លោក ចាន់ សុវ៉េត មិន​ចូល​ខ្លួន​តាម​កាល​កំណត់​ខាង​លើ​នេះ​ទេ ចៅក្រម​ស៊ើបសួរ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន៕

Comments system

Disqus Shortname