បើតាមមន្ត្រីប្រចាំតំបន់ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា រថយន្តក្រុងនោះ បានបើកបរជ្រុលចង្កូត ធ្លាក់ចូលទៅក្នុងជ្រលងភ្នំ ស្ថិតនៅតំបន់ដែលមានប្រជាជន រស់នៅកកកុញ នៃរដ្ឋ ហ៊ីម៉ាចាល់ ប្រាឌែសហ៍ ភាគខាងជើងប្រទេសឥណ្ឌា។ បើតាមការបញ្ជាក់ពីមន្ត្រីដដែលនោះ បានឲ្យដឹងថា មនុស្ស ៤១នាក់បានស្លាប់ និង១៧នាក់ រងរបួសនៅក្នុង ហេតុការណ៍នោះ។
យ៉ាងណាក៏ដោយ មិនទាន់មានការប្រាប់ពីមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នោះទេ។ ប្រទេសឥណ្ឌា គឺជាប្រទេសមួយ ដែលមានអាត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេ នៅលើពិភពលោក ហើយកាលពីឆ្នាំ ២០០៩ កន្លងទៅនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញ របាយការណ៍មួយ ដោយបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅឥណ្ឌា ភាគច្រើនកើតឡើង ដោយសារតែ ការបើកបរលើសល្បឿនកំណត់, មិនប្រុងប្រយ័ត្ន និងផ្លូវថ្នល់ គ្មានគុណភាពជាដើម៕