ភ្នំពេញៈ ថ្នាំញៀនបានបន្តហូរចូលមកក្នុងប្រទេសកម្ពុជា កាលពីរសៀលថ្ងៃពុធ នៅពេលនគរបាលរឹបអូសបានថ្នាំមេតំហ្វេតាមីនជាង ៥ គីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប។
ថ្នាំ កូកាអ៊ីន និងមេតំហ្វេតាមីនជាង ៤០ គីឡូក្រាមមកទល់ពេលនេះ ត្រូវបានរឹបអូសបាននៅអាកាសយានដ្ឋានអន្តរជាតិនៃព្រះ រាជាណាចក្រកម្ពុជាចាប់តាំងពីថ្ងៃទី ៧ ខែសីហាមក។
លោកឧត្តម សេនីយ៍ ខៀវ សាម៉ន ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន បានថ្លែងកាលពីម្សិលមិញថា នគរបាលបានចាប់ខ្លួនស្រ្តីជនជាតិវៀតណាមអាយុ ១៩ ឆ្នាំ ម្នាក់ឈ្មោះ Phan Thi Thanh Hang នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៥ និង ៣០ នាទី កាលពីថ្ងៃពុធ បន្ទាប់ពីនាងបានរត់ពន្ធថ្នាំមេតំហ្វេតាមីនជិត ២ គីឡូក្រាម ក្នុងវ៉ាលិសពីប្រទេសកេនយ៉ា តាមអាកាសយានដ្ឋាន Changi នៃប្រទេសសិង្ហបុរី។
លោក ខៀវ សាម៉ន បានបន្ថែមថា៖ «[នាង] ត្រូវបានចាប់ខ្លួន បន្ទាប់ពីនាងបានទៅយកវ៉ាលិសរបស់នាង ហើយព្យាយាមចេញពីអាកាសពីអាកាសយានដ្ឋាន»។ លោកបានបន្ថែមថា នាងបានមកដល់កម្ពុជា តាមជើងហោះហើរមុនដោយឡែកមួយ កាលពីថ្ងៃពុធ។
ផ្អែក តាមព័ត៌មានដែល Thanh Hang បានផ្តល់ នគរបាលចាប់បានអ្នកដំណើរម្នាក់ទៀត គឺនាង Kotatan Miss Napaphon ជនជាតិថៃអាយុ ២៩ ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រហែល ៣០ នាទីក្រោយមក ហើយរឹបអូសយកបានថ្នាំមេតំហ្វេតាមីន ៣,៤ គីឡូក្រាមបន្ថែមទៀត។
លោក នួន ផានី ប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបន្ថែមថា Napaphon ក៏បានធ្វើដំណើរពីប្រទេសកេនយ៉ាតាមសិង្ហបុរីផងដែរ។ លោក បានបន្ថែមថា៖ «នាងបានលាក់ប្រអប់ថ្នាំមេតំហ្វេតាមីនជាច្រើនប្រអប់ក្នុងវ៉ាលិស របស់នាង»។ ស្រ្តីទាំងពីរនាក់នេះ កំពុងត្រូវបានសួរចម្លើយ កាលពីម្សិលមិញ ហើយនឹងត្រូវបញ្ជូនទៅតុលាការដើម្បីប្រឈមនឹងបទចោទប្រកាន់ជួញដូរ ថ្នាំញៀន នៅថ្ងៃនេះ។
ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីនគរបាល រកឃើញកូកាអ៊ិនតម្លៃ ១,៤ លានដុល្លារអាមេរិក ក្នុងកាបូបរបស់ស្រ្តី ២ នាក់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃចន្ទ និងអង្គារ។
នាង Rodsiri Rungeiwa អាយុ ២៤ ឆ្នាំ និងនាង Cha Ereedagorn អាយុ ៣៥ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទជួញដូរថ្នាំញៀនជាង១៤ គីឡូក្រាម ក្នុងវ៉ាលិសពីប្រទេសប្រេស៊ីល តាមសិង្ហបុរី។ ស្រ្តីថៃឈ្មោះ Eigean Sod Utsanee អាយុ ២០ ឆ្នាំ ត្រូវបានឃុំខ្លួន នៅអាកាសយានដ្ឋានដដែលនេះ កាលពីថ្ងៃចន្ទ បន្ទាប់ពីនគរបាលរកឃើញថ្នាំមេតំហ្វេតាមីនជិត ៥ គីឡូក្រាម ដែលគេជឿថា មកពីប្រទេសហ្គាណា នៅក្នុងវ៉ាលិសរបស់នាង។
លោក សាម៉ន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ស្រ្តីទាំងនោះត្រូវបានបញ្ជូនទៅតុលាការកាលពីម្សិលមិញ។ លោក បន្ថែមថា៖ «រហូតមកដល់ពេលនេះ ពួកគេកំពុងត្រូវបានសួរចម្លើយនៅឡើយ។ យើងមិនដឹងទេថា តើតុលាការ នឹងចោទប្រកាន់ពួកគេជាផ្លូវការថ្ងៃនេះឬយ៉ាងណាទេ»។
ស្រ្តី ថៃពីរនាក់ផ្សេងទៀតគឺ Varangkran A Phomdee អាយុ ២៩ ឆ្នាំ និងជនសមគំនិតឈ្មោះ Tangboo Ketkard អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារសប្តាហ៍មុន ត្រូវបានចោទប្រកាន់ពីបទជួញដូរថ្នាំកូកាអ៊ិនជាង ៣ គីឡូក្រាម Ecuador ក៏ឆ្លងកាត់សិង្ហបុរីផងដែរ។ ពួកគេត្រូវបានចោទប្រកាន់ និងប្រឈមតុលាការនៅថ្ងៃសៅរ៍។
នគរបាល បានថ្លែងថា ពួកគេជឿជាក់ថា ថ្នាំញៀនភាគច្រើនដែលរឹបអូសយកបានមានទិសដៅទៅប្រទេសថៃ ហើយមន្រ្តីកំពុងស៊ើបអង្កេតរកវិធីបង្ក្រាបក្រុមជួញដូរថ្នាំញៀន ថ្នាក់តំបន់។
មន្រ្តីនគរបាល នៅព្រលានយន្តហោះរាជធានីភ្នំពេញ និងសៀមរាប បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយទេ៕ TK