សេវាដកប្រាក់ តាមម៉ាស៊ីន ATM របស់ធនាគារអេស៊ីលីដា។ បច្ចុប្បន្នធនាគារកំពុងពង្រីកបណ្តាញធនាគារតាមទូរស័ព្ទចល័ត ។ រូបថត ភ្នំពេញ ប៉ុស្តិ៍ |
ភ្នំពេញៈធនាគារ អេស៊ីលីដា បានពង្រីកប្រព័ន្ធធនាគារ និងសេវាទូទាត់តាមទូរស័ព្ទចល័តរបស់ខ្លួនទៅដល់អតិថិជន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រុមហ៊ុនផ្តល់សេវា បច្ចេកវិទ្យាពិភពលោកFiserv។
សេវា Unity តាមទូរស័ព្ទរបស់អេស៊ីលីដាត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ហើយរហូតមកដល់ពេលនេះមានអតិថិជនជាច្រើនកំពុងប្រើប្រាស់ដោយ អតិថិជនមិនចាំបាច់មានគណនីធនាគារ ដោយពួកគេអាចទទួលបានសេវាជាច្រើនរួមមានការពិនិត្យសមតុល្យ របាយការណ៍ហិរញ្ញវត្ថុខ្នាតតូច ការផ្ទេរប្រាក់ពីគណនីផ្ទាល់ខ្លួន ការផ្ទេរទុន ការបង់ថ្លៃអគ្គិសនី ទឹក កាតទូរស័ព្ទការទូទាត់សេវាអ៊ីនធឺណិតនិងការឆែកមើលអត្រាប្តូរ ប្រាក់។
លោកអ៊ិន ចាន់នី ប្រធាន និងជាអគ្គនាយកធនាគារអេស៊ីលីដា បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «យើងបានចាប់ផ្តើមការផ្តល់សេវាតាមទូរស័ព្ទចល័តនៅ២០១០ ដោយផ្តល់ដល់អតិថិជននូវគម្រោងធនាគារតាមទូរស័ព្ទការជូនដំណឹង និងការទូទាត់ប្រាក់ជាដើម»។ លោកបានបន្ថែមថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះ យើងកត់សម្គាល់ឃើញថា មានកំណើនសេវាហិរញ្ញវត្ថុតាមទូរស័ព្ទជាច្រើនក្នុងចំណោមអតិថិជន កម្ពុជាជាច្រើនដែលមិនមានគណនីធនាគារ»។
លោកបានលើកឡើងទៀតថា ការពង្រីកសេវាដល់អតិថិជនទាំងនោះ តាមUnity របស់អេស៊ីលីដា និង Mobiliti Reach អាចឲ្យយើងក្លាយទៅជាអ្នកផ្តល់សេវាហិរញ្ញវត្ថុនាំមុខគេក្នុង ចំណោមកម្មកររោងចក្រ កសិករនៅតំបន់ជនបទ។
លោក អ៊ិន ចាន់នី បានលើកឡើងថា ការពង្រីកសេវាUnity ដែលបានចាប់ផ្តើមនៅខែកក្កដា ក្នុងឆ្នាំនេះ ប៉ុន្តែមិនទាន់បានធ្វើបច្ចុប្បន្នភាពនៅឡើយនោះ មានគោលដៅផ្តោតជាសំខាន់លើប្រជាជននៅទូទាំងប្រទេស។
លោកបន្ត ទៀតថា៖ «បច្ចុប្បន្ន មានកម្មករ ៣៥០ ០០០នាក់នៅក្នុងឧស្សាហកម្មកាត់ដេរ។ ប្រជាជនទាំងនោះចង់ផ្ញើប្រាក់មកផ្ទះ ឲ្យគ្រួសាររបស់ខ្លួន នៅជនបទ។ ដូច្នេះ ពួកគេ អាចប្រើប្រាស់សេវា Unity ដើម្បីផ្ញើប្រាក់តាមទូរស័ព្ទចល័តបាន»។
ដោយមិនចាំបាច់ទៅដល់ តាមសាខាទេ អ្នកប្រើប្រាស់សេវា Unity អាចផ្ទេរប្រាក់ដោយការបញ្ជូនសារជាអក្សរដោយមានលេខកូដ អ្នកទទួលអាចទទួលបានប្រាក់ពីATM នៅទូទាំងប្រទេសឬទៅបញ្ជរណាមួយ ដើម្បីទទួលប្រាក់។
លោកThomas Hundt អគ្គនាយករបស់ទូរស័ព្ទចល័ត Smart Mobile បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់ទូទៅ និងអាជីវកម្មសេវាធនាគារ កំពុងកើនឡើងនៅកម្ពុជា។
លោកបានឲ្យ ដឹងថា សេវាធនាគារមិនទាន់ជះឥទ្ធិពលនៅកម្ពុជា ដូចនៅអា្រហ្វិកឡើយ ប៉ុន្តែជាទូទៅ យើងសង្កេតឃើញមាននិន្នាការប្រើប្រាស់ទូរស័ព្ទចល័តកើនឡើង ហើយSmart កំពុងគាំទ្រការប្រើប្រាស់នោះ យ៉ាងពេញទំហឹង៕CS